សម្តេចតេជោបញ្ជាក់ថា ការបើកដេប៉ាតឺម៉ង់ភាសាវៀតណាម គឺមានតែផលចំណេញសម្រាប់កម្ពុជា

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៣ ០៨ ២០២២

 

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការបើកដេប៉ាតឺម៉ង់ភាសាវៀតណាម គឺមានតែផលចំណេញសម្រាប់កម្ពុជា ដែលជាអ្នកចង់រកស៊ីជាមួយវៀតណាមអាចចេះ និងជាពិសេសជួយបណ្តុះបណ្តាលដល់និស្សិតដែលមុននឹងបន្តដំណើរទៅសិក្សានៅទីនោះ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិត ជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ ៣,០៧៥នាក់ នៅព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការបើកដេប៉ាតឺម៉ង់ ភាសាវៀតណាមនេះ គឺដូចទៅនឹងការបើកបង្រៀនភាសាផ្សេងៗ ទៀតដូចជា ភាសាអង់គ្លេស បារាំង ចិន ជប៉ុន និងថៃផងដែរ ។ សម្តេចតេជោបានបញ្ជាក់ថា ការបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាមនៅកម្ពុជា ផ្តល់ផលចំណេញដល់កងទ័ព ទាំងនគរបាល ទាំងផ្នែកស៊ីវិល ដែលមានបំណងចង់ទៅបន្តការសិក្សានៅប្រទេសវៀតណាម អាចសិក្សាមុនបាន។ បន្ថែមពីនោះទៀត ការរៀនភាសាវៀតណាម ផ្តល់ភាពងាយស្រួលសម្រាប់អ្នកចង់ធ្វើធុរកិច្ចជាមួយវៀតណាម ហើយអ្នកដែលចង់រកស៊ីជាមួយវៀតណាម ក៏អាចបញ្ជូនកូនចៅរបស់ខ្លួនទៅរៀននៅដេប៉ាតឺម៉ង់វៀតណាមផងដែរ។

សំឡេង « ផលចំណេញគឺខ្មែរយើងនេះ ហេតុអីបានថាផលចំណេញ និស្សិតកម្ពុជាទៅរៀននៅប្រទេសវៀតណាមមានប៉ុន្មានទៅ បើយើងបានបណ្តុះបណ្តាលនៅទីនេះរួចហើយយើងបញ្ជូនចេញទៅគឺវាងាយស្រួល ទាំងកងទ័ព ទាំងនគរបាល ទាំងផ្នែកស៊ីវិល។ ឥឡូវនិស្សិតកម្ពុជាកំពុងនៅវៀតណាមជាង១០០០នាក់ឯណោះ សូម្បីតែអ្នកចំរៀងដែលគេបោះឆ្នោតឱ្យជាប់ចូលវគ្គផ្តាច់ព្រ័ត្រ គាត់ទៅយកវេជ្ជបណ្ឌិតនៅវៀតណាម អ៊ីចឹងប្រសិនបើយើងបង្កើតអានេះ ផលចំណេញបានមកលើយើង យើងបង្កើតឱ្យនិស្សិតរបស់យើងរៀន ហើយអ្នកណាដែលចង់រកស៊ីជាមួយវៀតណាម ដូចជាអ្នកនៅតាមព្រំដែនជាមួយវៀតណាម គេអាចបញ្ជូនមនុស្សមករៀន ភាសាវៀតណាម កូនចៅរបស់គេរឿងហ្នឹងមានអីខុស។ វាមានតែចំណេញវាអត់មានអីខាតទេ អ្នកឯងចេះបារាំង ចេះអង់គ្លេសចេះភាសាអីក៏ដោយវាអត់មានអីខាតទេ រឿងអីបានជានាំគ្នាជ្រួលច្របល់ ថារៀនហ្នឹងវាបង្កើតទៅជាបញ្ហា កម្ពុជាក្រោមទី២ហើយ នេះមិនមែនយកនិស្សិតវៀតណាមមកបង្រៀនវៀតណាមនៅស្រុកខ្មែរឯណា វៀតណាមមុនពេលគេបញ្ជូននិស្សិតគេមកស្រុកខ្មែរ គេក៏មានកន្លែងបង្រៀនភាសាខ្មែរនៅឯវៀតណាម មុនគេបញ្ជូនមករៀន។ ជប៉ុនក៏ដូចគ្នា ចិនក៏ដូចគ្នា មុនពេលដែលគេបញ្ជូននិស្សិត របស់គេមកដល់កម្ពុជា គេក៏មានសាលាបណ្តុះបណ្តាលហើយស្រេច ហើយបើយើងចេះអាហ្នឹងទៅវាល្អ មានតែចំណេញ »។

សូមបញ្ជាក់ថា ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា ធ្លាប់បានបញ្ជាក់ថា ការបង្កើតដេប៉ាតឺម៉ងភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ គឺបង្រៀនដោយបង់លុយ ហើយមិនមែនបញ្ចូលទៅក្នុងកម្មវិធីសិក្សាទេ និងតម្រូវឱ្យនិស្សិតត្រូវប្រឡងចូល និងត្រូវបង់លុយទើបអាចចូលរៀនបាន។ បន្ថែមពីនោះទៀត អ្នកដែលចង់ចូលរៀនត្រូវប្រឡងចូល មិនមែនចេះតែឱ្យរៀននោះទេ។

ដេប៉ាតេម៉ង់ភាសាវៀតណាមនៅសាកលវិទ្យាល័យភ្នំពេញ គឺមានជំនាញចំនួន៣ រួមមានទី១ មុខវិជ្ជាសិក្សាវៀតណាម បរិញ្ញាបត្រសិល្បៈ សិក្សាវៀតណាម ទី២ មុខជំនាញការបកប្រែភាសាវៀតណាម បរិញ្ញាបត្រសិល្បៈភាសាវៀតណាមសម្រាប់ការបកប្រែ និងទី៣ មុខជំនាញភាសាវៀតណាមសម្រាប់ទំនាក់ទំនងធុរកិច្ច បណ្ដុះបណ្ដាល កម្រិតបរិញ្ញាប័ត្រភាសារវៀតណាមសម្រាប់ទំនាក់ទំនងធុរកិច្ច៕IMG_20220823_130924_381

Comments

Related posts