កម្ពុជាមិនតម្រូវឱ្យសុំការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីពីបណ្តាប្រទេសណាមួយនោះឡើយ

វិទ្យុជាតិកម្ពុជា ៖ស៊ឹង សុផារី ២៣.០៨.២០២២

 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងថា កម្ពុជាមិនតម្រូវឱ្យសុំការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីពីបណ្តាប្រទេសណាមួយនោះឡើយ ព្រោះរាល់ការជ្រើសរើសទាំងអស់គឺសុទ្ធតែមានការបោះឆ្នោតដោយត្រឹមត្រូវ តម្លាភាព និងសុចរិត ពីប្រជាជនកម្ពុជា ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន ៣.០៧៥ នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មនិងពិព័រណ៍ជ្រោយចង្វារ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កាលពីពេលកន្លងទៅ ឯកឧត្តម ហ៊ុន ម៉ាណែត បានទៅប្រទេសថៃ ហើយកងទ័ពជើងគោកថៃមានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ ចំណែកឯនៅពេលដែលមេកងទ័ពជើងគោកថៃមកប្រទេសកម្ពុជាវិញ ក៏ឯកឧត្តម ហ៊ុន ម៉ាណែត ទទួលស្វាគមន៍ដូចគ្នា ដែល នេះគឺជាទម្លាប់មួយយ៉ាងល្អក្នុងការស្វាគមន៍គ្នាទៅវិញទៅមក ។ ជាងនេះទៅទៀត កាលពីពេលថ្មីៗនេះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ដោយបានជួបជាមួយមន្ត្រីជាន់ខ្ពស់វៀតណាមជាច្រើនរូប ដែលធ្វើឱ្យមានមតិពីក្រុមប្រឆាំងមួយចំនួនលើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត ទៅទទួលបញ្ជាពីវៀតណាមនិងសុំការគាំទ្រពីវៀតណាម ។ 

ដូច្នេះសម្តេចតេជោ សូមបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមានតម្រូវការទៅសុំការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីពីប្រទេសណាទាំងអស់ ព្រោះប្រសិនបើបេក្ខភាពនាយករដ្ឋមន្ត្រីមិនគ្រប់លក្ខខណ្ឌ ក៏មិនអាចឱ្យគណបក្សប្រជាជនកម្ពុជាជាពិសេស ប្រទេសមួយនេះត្រូវបំផ្លាញនោះឡើយ ដែលលក្ខណៈសម្បត្តិបេក្ខភាពនាយករដ្ឋមន្ត្រី គឺត្រូវតែធានាទទួលខុសត្រូវ ធ្វើយ៉ាងណាឱ្យប្រទេសនេះមានស្ថិរភាពបន្តទៅមុខទៀត ។

សំឡេង៖ « ខ្ញុំសូមជម្រាបថាកម្ពុជាមិនមានតម្រូវការទៅសុំការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីពីប្រទេសណាទាំងអស់ សម្រាប់កម្ពុជាដំបូងឡើយត្រូវមានការគាំទ្រពីគណបក្សប្រជាជនខ្លួនឯង បន្ទាប់ពីនោះទៅគឺត្រូវធ្វើការបោះឆ្នោតដើម្បីឱ្យក្លាយទៅជាតំណាងរាស្ត្រ ព្រោះរដ្ឋធម្មនុញ្ញកម្ពុជាបានកំណត់ថា នាយករដ្ឋមន្ត្រីត្រូវតែជាសមាជិកសភា ត្រូវឆ្លងកាត់ការបោះឆ្នោតដោយប្រជាជនដើម្បីឱ្យក្លាយទៅជាតំណាងរាស្ត្រ បានក្លាយទៅជាតំណាងរាស្ត្រហើយ ត្រូវបានទទួលការតែងតាំងធ្វើជានាយករដ្ឋមន្ត្រីដើម្បីរៀបចំរាជរដ្ឋាភិបាល រៀបចំរួចហើយត្រូវយកទៅសុំការអនុម័តពីសភាដែលជាអំណាចពេញលេញ សភាគឺតំណាងឱ្យប្រជាជន បើសភាមិនអនុម័តទេ ទោះបីព្រះមហាក្សត្របានតែងតាំងជានាយករដ្ឋមន្ត្រីក៏ដោយ ក៏មានន័យថា ជាមោឃៈគឺអត់ បានន័យថា សភាមិនទុកចិត្តគណៈរដ្ឋមន្ត្រី » ៕IMG_20220823_130922_481IMG_20220823_130924_381

Comments

Related posts