ដើម្បីឱ្យការនាំចេញអង្ករកម្ពុជាទៅបង់ក្លាដែសទទួលបានជោគជ័យ គឺមានពីរជម្រើសសម្រាប់ភាគីបង់ក្លាដែសពិនិត្យនិងពិចារណា

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២៣.០៨.២០២២

 

រដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាក់ថា ដើម្បីឱ្យការនាំចេញអង្ករកម្ពុជាទៅបង់ក្លាដែសទទួល បានជោគជ័យ គឺមានពីរជម្រើសសម្រាប់ភាគីបង់ក្លាដែសពិនិត្យនិងពិចារណា សម្រាប់រួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើង ។

  ការថ្លែងបែបនេះរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម Mohammed Abdul Hye ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅទីស្តីការក្រសួង កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ។

  ឯកឧត្តម វេង សាខុន បានថ្លែងថា ដើម្បីឱ្យការនាំចេញអង្ករកម្ពុជាទៅបង់ក្លាដែស ទទួលបានជោគជ័យគឺមានពីរជម្រើស ដោយទី១ ប្រើប្រាស់យន្តការដែលមានរួចជាស្រេច គឺសំដៅទៅលើការធ្វើកិច្ចសហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជាដែលមានសមត្ថភាព និងលទ្ធភាពអាចផ្គត់ផ្គង់ទីផ្សារតាមតម្រូវចិត្ត និងតម្រូវការនៃភាគីបង់ក្លាដែស។ ទី២ បច្ចុប្បន្នកម្ពុជាមានសហគមន៍កសិកម្មជាង១ពាន់សហគមន៍ទូទាំងប្រទេស ហេតុដូច្នេះអ្នកវិនិយោគបង់ក្លាដែសអាចមកវិនិយោគនៅកម្ពុជា ដូចតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដោយបង្កើតជាឃ្លាំងស្តុក ម៉ាស៊ីនកិនស្រូវ និងទិញស្រូវផ្ទាល់ពីសហគមន៍កសិករសម្រាប់ស្តុកទុក កិន និងនាំអង្ករចេញទៅប្រទេសបង់ក្លាដែសផ្ទាល់តែម្ដង ឬអាចរៀបចំសហការជាមួយប្រជាកសិករកម្ពុជា តាមរយៈការធ្វើកសិកម្មតាមបែបកិច្ចសន្យា រវាងបង់ក្លាដែសជាមួយកសិករកម្ពុជា ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចតេជោ វិស័យកសិកម្មមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសពីប្រទេសដែលអសន្តិសុខស្បៀងសម្រាប់ផ្គត់ផ្គង់ប្រជាជនខ្លួន មកជាប្រទេសដែលសល់អតិរេកស្បៀងជាង ៦លានតោន និងកំពុងជំរុញការកែច្នៃ វេចខ្ចប់ប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីធ្វើការនាំចេញ។ ដូច្នេះហើយ ឯកឧត្តមជឿជាក់ថា ភាគីកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញតម្រូវការអង្កររបស់ភាគីបង់ក្លាដែស។ 

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពេលវេលា និងការទទួលស្វាគមន៍ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី និងសហការី ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបន្ថែមថា បើទោះបីវិស័យកសិកម្មបង់ក្លាដែស ជាពិសេសផលិតកម្មស្រូវមានការកើនឡើងតាមរយៈការបង្កើនរដូវដាំដុះរហូតដល់ទៅ៣ដង គិតពីឆ្នាំ១៩៧១ មកដល់បច្ចុប្បន្នយ៉ាងណាក្តី ក៏ការផ្គត់ផ្គង់ មិនទាន់ធានាដល់សន្តិសុខស្បៀងសម្រាប់ប្រជាជនបង់ក្លាដែស ចំនួនជាង ១៦០លាននាក់ ដែលបង់ក្លាដែសត្រូវការនាំចូលអង្ករពី ១លាន ទៅ ១,៥លានតោនជារៀងរាល់ឆ្នាំ។ ហេតុនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតសង្ឃឹមថា កិច្ចប្រជុំនារសៀលនេះ នឹងអាចផ្តល់ឱកាសឱ្យភាគីបង់ក្លាដែសយល់ច្បាស់អំពីយន្តការ និងលក្ខខណ្ឌតម្រូវដើម្បីរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើការនាំចេញអង្ករកម្ពុជាទៅបង់ក្លាដែស ។ 

ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានឯកភាពដោយប្រគល់ភារកិច្ចជូនក្រុមការងារជំនាញនៃប្រទេសទាំងពីរដែលបានបង្កើតរួចហើយ ចាប់ផ្តើមកោះប្រជុំពិភាក្សាលម្អិតបន្ថែមទៀត ក្នុងស្មារតីរួមគ្នាជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារបង់ក្លាដែសនាពេលខាងមុខ ៕IMG_20220823_133043_794IMG_20220823_133047_146

Comments

Related posts