ប្រជាពលរដ្ឋរស់នៅលើខ្នងទំនប់អាងភាស  ជាង២០០ គ្រួសារ ទទួលបានអំណោយសង្គ្រោះ

វិទ្យុជាតិកម្ពុជា៖ លោកភីសុខ វិទ្យុជាតិកម្ពុជាចំការចេក

 

បាត់ដំបង ៖ សាខាកាកបាទក្រហមខេត្តបាត់ដំបង បាន នាំយកអំណោយចែកជូន ដល់បងប្អូនប្រជាពលរដ្ឋ ងាយរងគ្រោះ បំផុតដែលរស់នៅលើខ្នងទំនប់អាងភាស ស្រុកឯកភ្នំខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៣ខែសីហាឆ្នាំ២០២២ ដែលចំណុចអាងភាសនេះជាទីកន្លែងធ្លាប់ មានការតវ៉ាដីធ្លីនាពេលថ្មីៗនេះ ។

ឯកឧត្តមសុខលូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមបានមានប្រសាសន៍នាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជាដែលសម្តេចតែងតែ អាណិតស្រឡាញ់ គិតគូរពីសុខទុក្ខនិងជីវភាពរស់នៅប្រចាំថ្ងៃ របស់លោកយាយលោកតា  បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ដោយក្តីនឹករលឹកជាទីបំផុត។

ទន្ទឹមនេះ ឯកឧត្តមប្រធាន  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចក្រឡាហោម ស ខេង  ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តបាត់ដំបង    ព្រមទាំងសប្បុរសជននានាដែលបានចូលរួមបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនសាខាកាកបាទ ក្រហមកម្ពុជាខេត្ត ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម  និងអឌ្ឍចន្ទក្រហម  ៨  ឧសភា ដើម្បីឱ្យសាខាខេត្ត  អាចបន្ត ចុះបំពេញសកម្មភាពមនុស្សធម៌បានដូចពេលនេះនិងបន្តបន្ទាប់ទៀត។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខាខេត្ត បានថ្លែងបន្តថាកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន គឺវត្តមានកាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់បំផុត មិនអាចខ្វះបានឡើយ ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក្នុងគោលដៅជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះបំផុត ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពូជសាសន៍អ្វីឡើយ។លើសពី នោះ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ជាប្រចាំ។

ឯកឧត្តម សុខ លូ ក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែន  ជូនដល់បងប្អូនប្រជាពលរដ្ឋ សូមថែទាំសុខភាពឱ្យបានល្អ និងសូមបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ថ្វីបើរាជរដ្ឋាភិបាលទុកឱ្យប្រជាពលរដ្ឋជាអ្នកសម្រេចចិត្តពាក់ម៉ាស់ឬ មិនពាក់ម៉ាស់ តែត្រូវចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង អាចការពារអាយុជីវិត ឬកាត់បន្ថយគ្រោះថ្នាក់ធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត បានទទួលពីសប្បុរសជនក្នុងឱកាសទិវា ៨ ឧសភា ត្រូវបានផ្ដល់ជូនដល់ប្រជាពលរដ្ឋនាពេលនេះ ចំនួន២៥៦គ្រួសារ មកពីភូមិចំនួន២ ក្នុងឃុំពាម ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធវីឃែរ១កេស,ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ផងដែរ ។ជាមួយគ្នានោះដែរក្រុមការងារបានប្រគេនទេយ្យទានចំពោះព្រះសង្ឃវត្តសឹង្ហារាម ហៅវត្តអាងភាស រួមមានអង្ករ ១០០គីឡូក្រាម, មី៤កេស ត្រី៤យួរ, ទឹកត្រី៤យួរ ទឹកស៊ីអ៉ីវ៤យួរ ទឹក បរិសុទ្ធ ១០កេស, និងបច្ច័យមួយចំនួនផងដែរ ៕ IMG_20220823_134946_106IMG_20220823_134935_101IMG_20220823_134937_247IMG_20220823_134938_977

Comments

Related posts