សិស្សានុសិស្សគាំទ្រចំពោះចំណាត់ការរឹតបន្តឹងហាមការប្រើទូរស័ព្ទក្នុងរឿងមិនគប្បីនៅក្នុងសាលារៀន

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៣ សីហា ២០២២

 

MC៖ សិស្សានុសិស្សគាំទ្រចំពោះចំណាត់ការរឹតបន្តឹងហាមការប្រើទូរស័ព្ទក្នុងរឿងមិនគប្បីនៅក្នុងសាលារៀន ដើម្បីរក្សាសេចក្តីថ្លៃថ្នូររបស់សិស្សានុសិស្សនិងកុំឱ្យប៉ះពាល់ដល់ការសិក្សា បាត់បង់វិន័យ ជាដើម។

យុវសិស្ស ថន ផល្លាបញ្ញារិទ្ធី ជាសិស្សថ្នាក់ទី១២ រៀននៅវិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ការប្រើទូរស័ព្ទដែល មិនគាំទ្រដល់ការរៀន គឺអាចនាំឱ្យខាតបង់ពេលវេលា ថវិកា ជាពិសេសនោះអាចនាំឱ្យភ្លេចរៀនទៀតផង។

យុវសិស្សរូបនេះ បានបន្ដថា ប៉ុន្ដែបើពួកគាត់ប្រើប្រាស់ទូរស័ព្ទទំនើបទាំងនេះឱ្យត្រូវ គឺវាជាឧបករណ៍ជំនួយដ៏សំខាន់ក្នុងការសិក្សាស្រាវជ្រាវ ដើម្បីស្វែងរកមេរៀនថ្មីៗ ឬមេរៀនណាដែលយល់ សម្រាប់បម្រើដល់ការសិក្សា។

សំឡេង៖ «សម្រាប់ខ្ញុំផ្ទាល់នៅក្នុងចំណុចនេះ ខ្ញុំសង្កេតឃើញថាសិស្សានុសិស្សមួយចំនួនធំដែលពួកគាត់បានប្រព្រឹត្តខុសទៅនឹងបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា ក៏ដូចជាបទបញ្ជាផ្ទៃក្នុងរបស់សាលា ដោយពួកគាត់បានប្រើប្រាស់នូវគ្រឿងអេឡិចត្រូនិក ដូចជាទូរស័ព្ទដៃទៅមើលរូបភាព ឬមួយ ក៏លេងហ្គេមនៅម៉ោងរៀនជាដើម ដែលអាចបង្កឱ្យមានការប៉ះពាល់ដល់ការសិក្សាយ៉ាងខ្លាំង។ ហើយខ្ញុំគិតថាបើសិនជានៅបន្ដបែបនេះទៀត ប្រទេសជាតិយើងនឹងមិនអាចរីកចម្រើនទៅមុខបានឡើយ ដូចនេះការរឹតបន្ដឹងរបស់ក្រសួងអប់រំខ្ញុំគាំទ្រ»។

ចំណែក យុវតី សាន នីតា ជាសិស្សថ្នាក់ទី១១ រៀននៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក ក៏បានឱ្យដឹងដែរថា ការរឹតបន្តឹងហាមការប្រើទូរស័ព្ទដែលមិនគាំទ្រការរៀន នឹងត្រូវរងពិន័យទៅតាមកម្រិតកំហុសរបស់ក្រសួងអប់រំ គឺត្រឹមត្រូវខ្លាំងណាស់ ដោយសារតែបច្ចុប្បន្នសិស្សានុសិស្សមួយចំនួនបានប្រើប្រាស់ទូរស័ព្ទដៃមិនសមរម្យ មិនគប្បី ប្រាសចាកវិន័យក្នុងសាលា ប៉ះពាល់ដល់ការសិក្សា ដូចជាការលេងហ្គេម លេងTikTokថតវីដេអូឬរូបភាពមិនគប្បី ឬប្រើប្រាស់បណ្ដាញសង្គមច្រើន ដែលរំខានដល់ការសិក្សា។

ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងអប់រំមិនបានហាមប្រាមការប្រើប្រាស់ទូរស័ព្ទដៃ ឬបច្ចេកវិទ្យាដែលគាំទ្រដល់ការរៀននិងបង្រៀននោះទេ ជាពិសេសក្នុងបរិបទកូវីដ-១៩ ដែលការរៀននិង បង្រៀនត្រូវបន្តការអនុវត្តន៍តាមគន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ ការអប់រំឌីជីថល មានតួនាទីរឹតតែសំខាន់ ដូច្នេះសិស្សានុសិស្សត្រូវចេះទាញផលប្រយោជន៍វិជ្ជមានពីការប្រើប្រាស់ទូរស័ព្ទដៃ និងបច្ចេកវិទ្យាទាំងនោះ។

គួររំលឹកថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០០៩ ក្រសួងអប់រំក៏បានចេញសេចក្ដីប្រកាសស្ដីពីបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ ដែលមានគោលបំណងរៀបចំគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈទាំងឡាយឱ្យមានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ វិន័យ និងសីលធម៌ល្អ ក្នុងគោលដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពអប់រំ៕IMG_20220823_135351_132IMG_20220823_135354_071

Comments

Related posts