ការរក្សាទុកទំនៀមទម្លាប់ប្រពៃណីរបស់អ្នកស្រុករស់នៅជុំវិញតំបន់អង្គរ គឺជាការបន្តអត្តសញ្ញាណរបស់អង្គរ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២

 

MC.មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរាបានចាត់ទុក ការរក្សាប្រពៃណីទំនៀមទម្លាប់របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់អង្គរ គឺជាការថែរក្សាអត្តសញ្ញាណរបស់អង្គរ។

   អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍!

   លោកឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ប្រាសាទអង្គរវត្តគឺជារមណីយដ្ឋាន មានជីវិតវប្បធម៌ ព្រមជាមួយនឹងការរស់នៅរបស់មនុស្ស ដូច្នេះបេតិកភណ្ឌដែលមានជីវិត មិនមែនសំដៅទៅលើតែប្រាសាទមួយមុខនោះទេ គឺសំដៅទៅដល់ព្រៃព្រឹក្សា និងបរិស្ថានដែលនៅជុំវិញនោះ ជាផ្នែកមួយរបស់អង្គរតាំងពីដើមរៀងមក។ 

លោកបន្តថា ប្រជាពលរដ្ឋជាអ្នកស្រុកអង្គរ មកដល់បច្ចុប្បន្ននេះ នៅតែបន្តថែរក្សាប្រពៃណីវប្បធម៌ទាំងរូបិយ៍និងអរូបិយ៍ ដែលបន្សល់ពីដូនតាមក ក្នុងនោះជារៀងរាល់ឆ្នាំបងប្អូនប្រជាពលរដ្ឋតែងតែរួមគ្នាមកប្រារព្ធពិធីផ្សេងៗ ក្នុងតំបន់អង្គរ ដូចជា៖ ពិធីឡើងមាឃ ឡើងអ្នកតា ពិធីកោរជុក និងពិធីប្រពៃណីសាសនាជាច្រើនទៀត ដែលប្រពៃណីទំនៀមទម្លាប់ទាំងអស់នេះហើយ ជាការបន្តនូវអត្តសញ្ញាណរបស់អង្គរឱ្យមានជីវិតរស់រវើក។

   អគ្គនាយករងអាជ្ញាធរជាតិអប្សរារូបនេះបានបន្តទៀតថា ដើម្បីបន្តលើកតម្លៃរមណីយ ដ្ឋានអង្គរឱ្យជីវិតរស់រវើក សក្តិសមជាតំបន់បេតិកភណ្ឌពិភព លោក និងអាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកទស្សនាបន្តទៀតនោះ អាជ្ញាធរជាតិអប្សរានៅតែបន្តជំរុញលើកទឹកចិត្តដល់ប្រជា ពលរដ្ឋជាអ្នកស្រុកអង្គរ ឱ្យបន្តថែរក្សាប្រពៃណីដ៏ល្អផូផង់ទាំងអស់នោះទុកដល់កូនចៅជំនាន់ក្រោយ។

សំឡេង៖យើងឃើញថាជារៀងរាល់ឆ្នាំបងប្អូន ប្រជាពល រដ្ឋរបស់យើងតែងតែមកប្រារព្ធពិធីផ្សេងៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរយើង ដូចឡើងមាឃ ឡើងអ្នកតា ធ្វើពិធីកោរជុក នៅមានខ្លះៗដែរ នៅស្រុកពួកយើងនេះ ហើយក៏នៅមានពិធីផ្លុងក្រឡាន ។ ហើយទំនៀម ទម្លាប់ប្រពៃណីរបស់ពួកគាត់នេះឯង ដែលរក្សានូវអត្ត សញ្ញាណរបស់អង្គរ យើងទាំងអស់គ្នាមកអង្គរ តែងតែលើកដៃបន់ស្រន់ សុំសេចក្តីសុខ សេចក្តីចម្រើន សុំឱ្យព្រលឹងដូនតា វិញ្ញាណរបស់ប្រាសាទជួយថែរក្សា ប៉ុន្តែវិញ្ញាណប្រាសាទនោះគឺអ្វី គឺទំនៀមទម្លាប់ប្រពៃណីរបស់បងប្អូនប្រជាពលរដ្ឋហ្នឹងឯង ដែលបងប្អូនក្នុងតំបន់លោកអញ្ជើញមកប្រារព្ធពិធីទាំង អស់នោះ អ៊ីចឹងនេះហើយជាអ្វីដែលយើងត្រូវបន្តទៅទៀត យើងនឹងរៀបចំធ្វើយ៉ាងណាលើកកម្ពស់មរតកអរូបិយ៍នេះកាន់តែខ្លាំង ព្រោះមរតកអរូបិយ៍បញ្ជាក់ និងផ្តល់គុណតម្លៃទៅឱ្យមរតករូបិយ៍ ព្រោះទាំង២នេះមិនអាចដាច់ចេញ ពីគ្នាបានទេ។

 សូមជម្រាបថា កម្ពុជាបានដាក់បញ្ជូលរមណីយដ្ឋានអង្គរ ដែលមានប្រាសាទ និងបុរាណដ្ឋានជាច្រើន ក្នុងទំហំផ្ទៃដី៤០១គីឡូម៉ែត្រក្រឡា ទៅក្នុងបញ្ជីបេតិក ភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ដែលធ្វើឱ្យ ខេត្ត សៀមរាប បានក្លាយជាប៉ូលសេដ្ឋកិច្ចទេសចរណ៍មួយយ៉ាងខ្លាំងសម្រាប់កម្ពុជា។  ជាមួយគ្នានេះដែរ ប្រជាជនដែលរស់នៅជុំវិញអង្គរ ភាគ ច្រើនប្រកបរបរក្នុងវិស័យទេសចរណ៍ ដូចជា មគ្គុទេសទេសចរណ៍ អ្នកថតរូប លក់វត្ថុអនុស្សាវរីយ៍ និងអ្នកដឹក ជញ្ជូនភ្ញៀវទេសចរដែលការងារទាំងនោះ អាចឱ្យពួកគាត់រកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារបានយ៉ាងប្រសើរ៕IMG_20220824_080518_018IMG_20220824_080511_130IMG_20220824_080508_780IMG_20220824_080453_723IMG_20220824_080521_321IMG_20220824_080503_528

Comments

Related posts