ក្រុមអ្នកស្រាវជ្រាវរកឃើញសត្វត្រយងចង្កំកសចំនួន៣៣០ក្បាល នៅតំបន់ព្រៃលិចទឹកទន្លេមេគង្គ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៤ ០៨ ២០២២

 

ក្រុមស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន និងអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ WWF ព្រមទាំងមានការចូលរួមពីសហគមន៍មូលដ្ឋាន បានកត់ត្រាទុកវត្តមានសត្វត្រយងចង្កំកសសរុបចំនួន៣៣០ក្បាល ព្រមទាំងទ្រនំរបស់ពួកវាចំនួន ១៧ កន្លែងនៃដែនជម្រកសត្វព្រៃសំបូរក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ ខេត្តក្រចេះ។

វត្តមានដែលត្រូវបានកត់ត្រាទុកនេះ ខណៈក្រុមស្រាវជ្រាវបានបន្តចុះតាមដាន ដើម្បីរាប់ចំនួនសត្វស្លាបប្រភេទនេះ សម្រាប់ការធ្វើជំរឿនថ្នាក់ជាតិ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងនៅល្ងាចថ្ងៃទី២៣ ខែសីហាថា លទ្ធផលនេះ គឺជាការរាប់សត្វត្រយងចង្កំកសមានចំនួនច្រើនជាងគេបំផុត ក្នុងរយៈ ពេល១០ឆ្នាំចុងក្រោយនេះនៅតំបន់មេគង្គ។ ដោយឡែក នៅក្នុងតំបន់ព្រៃទេសភាពភាគខាងកើត ក្រុមស្រាវជ្រាវបានកត់ត្រាសត្វត្រយងចង្កំកសចំនួន៧ក្បាល ព្រមទាំងទ្រនំរបស់ពួកវាចំនួន ២២កន្លែងផងដែរ។

សត្វត្រយងចង្កំកស ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត។ ការតាមដាន និងរាប់ ដើម្បីធ្វើបច្ចុប្បន្នភាពនៃចំនួនសត្វនេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីខែកក្កដា ដល់ខែតុលា។ លទ្ធផលដែលទទួលបានពីការរាប់ចំនួនរបស់វានៅតាមដែនជម្រកធម្មជាតិទាំងអស់ ក្នុងនោះមានដែនជម្រកសត្វព្រៃសំបូរក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ និងតំបន់ព្រៃទេសភាពភាគខាងកើតផងដែរ នឹងរួមចំណែកដល់ការប៉ាន់ប្រមាណចំនួនសត្វត្រយងចង្កំកសសរុបទូទាំងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២២។ 

គួរកត់សម្គាល់ថា តំបន់ព្រៃលិចទឹកមេគង្គ គាំទ្រដល់ការរស់នៅរបស់ហ្វូងសត្វត្រយងចង្កំកសធំជាងគេបង្អស់លំដាប់ទី២ ពោលគឺ មានចំនួន២៥២ក្បាល ក្នុងឆ្នាំ២០២១ បន្ទាប់ពីដែនជម្រកសត្វព្រៃសៀមប៉ាង៕IMG_20220824_083729_948

Comments

Related posts