ខេត្តកែបបើកវគ្គបណ្តុះបណ្តាលគណៈកម្មការរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង

វិទ្យុជាតិកម្ពុជា ៖ មន្ទីរព័ត៌មានខេត្តកែប អត្ថបទ : លោក ហាន ឆន

 

កែប៖ ខេត្តកែប នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាល គណៈកម្មការរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង ក្រោមអធិបតីភាព លោកជំទាវ ម៉ក់ សុវណ្ណស៊ីថា សមាជិកសភាមណ្ឌលភ្នំពេញ និងជាអនុប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា លោក ព្រុំ គន្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោក vijitr Sittinawin ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងថៃ និងជាប្រធានស្តីទីសហព័ន្ធកីឡាទ្រីយ៉ាត្លុងអាស៊ី និង មានការអញ្ចេីញចូលរួមពី អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប កីឡាករ កីឡាការិនី លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

  មានប្រសាសន៍ ក្នុងនោះ លោកជំទាវ ម៉ក់ វណ្ណស៊ីថា បានលេីកឡេីងថា៖ វគ្គបណ្តុះបណ្តាលថ្ងៃនេះ មានសិក្ខាកាមចំនួន៣០នាក់ ជាអត្តពលិកជម្រើសជាតិ មន្ត្រី និងលោកគ្រូបង្វឹក ។ ចំពោះវគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់លើទ្រឹស្តី Technical Handbook 2023 និង Technical Committee និងការអនុវត្តន៍ជាក់ស្តែង លើឆ្នេរសមុទ្រស្រីសរ។ ចំពោះការសិក្សាលើ Technical Handbook 2023 និង Technical Committee ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឱ្យអត្តពលិក និងគណៈកម្មការរៀបចំការប្រកួតយល់ច្បាស់ពីច្បាប់ប្រកួតអន្តរជាតិ ឬស៊ីហ្គេមចៀសវាងការយល់ខុស ឬមិនបានដឹងពីច្បាប់ប្រកួត ការរៀបចំប្រកួត ក្នុងនាមយើងជាម្ចាស់ផ្ទះ យើងត្រូវតែស្វែងយល់ឲ្យបាន គ្រប់ជ្រុងជ្រោយ និងស្របតាមបទដ្ឋានអន្តរជាតិ។

  លោក ព្រុំ គន្ធិ អភិបាលរងខេត្ត មានប្រសាសន៍ស្វាគមន៍ និងផ្តាំផ្ញើថា៖ ការរៀបចំវគ្គបណ្តុះបណ្តាល ជូនដល់គណៈកម្មការរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុងនៅពេលនេះ គឺធ្វើឲ្យមានបំណិនពិតប្រាកដ និង អាចយកចំណេះដឹង ទាំងនេះសម្រាប់អនុវត្តក្នុងការងារបច្ចេកទេសនៃការប្រកួត ដែលធ្វើឲ្យកីឡាករ កីឡាការិនី កាន់តែមានជំនឿចិត្ត និងអាចក្លាយទៅជាគណៈកម្មការក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ ជាដើម។ ការរៀបចំវគ្គបណ្តុះបណ្តាលដល់គណៈកម្មការរបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុង គឺជាការចូលរួម ចំណែកយ៉ាងធំធេង ក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិញ្ញាសាកីឡាទ្រីយ៉ាត្លុង ហើយចំពោះ ការ ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ខេត្តកែប ក៏បានទទួលលើវិញ្ញាសាមួយនេះដែរ គឺកីឡាទ្រីយ៉ាត្លុង។ ជាមួយគ្នានេះ លោក អភិបាលរងខេត្តក៏សូមឲ្យ សិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់លើការពន្យល់ ការអនុវត្តន៍ជាក់ស្តែងឱ្យស្របទៅនឹង កម្មវិធីដែល បានគ្រោងទុក ជាពិសេស នៅពេលប្រកួតត្រូវប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានមេដាយ ជូនជាតិ មាតុភូមិរបស់យើង៕IMG_20220824_114909_467IMG_20220824_114902_278IMG_20220824_114859_599IMG_20220824_114853_455

Comments

Related posts