គ.ជ.ប គ្រោងជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោតជាង៣ពាន់នាក់

   វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៤ ០៨ ២០២២

                      គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប គ្រោងជ្រើសរើសសមាសភាព ក្រុមចុះឈ្មោះបោះឆ្នោតចំនួន៣.៣០៤នាក់ ដើម្បីបម្រើការងាររៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតសម្រាប់ឆ្នាំ២០២២ នៅខែតុលាខាងមុខនេះ។

ការប្រកាសជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោតនេះ នឹងត្រូវប្រកាសនៅខែកញ្ញា បន្ទាប់ពីកិច្ចប្រជុំ ដែលដឹកនាំដោយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប កាលពីមិ្សលមិញ បានសម្រេចកែសម្រួលខ្លឹមសារ មួយចំនួនលើឯកសារ និងបានឯកភាពជាគោលការណ៍ចំពោះឯកសារបោះពុម្ពផ្សាយសម្រាប់ប្រើប្រាស់ និង ផ្សព្វផ្សាយក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២, ឯកសារពាក់ព័ន្ធនឹងការប្រឡង ជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត, និងស្ប៉តវីដេអូអប់រំរឿងខ្លី ស្ប៉តវិទ្យុអប់រំរឿងខ្លី ចម្រៀង កាយវិការ និងសេចក្ដីជូនដំណឹង សម្រាប់ផ្សព្វផ្សាយតាមទូរទស្សន៍ និងវិទ្យុ តាមមេក្រូចល័ត ពាក់ព័ន្ធនឹងការ ជូនព័ត៌មាន និងអប់រំ អំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

តាមប្រតិទិនរបស់គ.ជ.ប បានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២នេះ ចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ដោយផ្តោតលើប្រជាពលរដ្ឋខ្មែរ ដែលទើបគ្រប់អាយុ ១៨ឆ្នាំ និងមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ព្រមទាំងអ្នកដែលបានផ្លាស់លំនៅ ឬទីសំណាក់ចូល ក្នុង ឃុំ សង្កាត់ថ្មី ហើយចង់ចុះឈ្មោះបោះឆ្នោតថ្មីនៅកន្លែងបច្ចុប្បន្នដែលខ្លួនកំពុងរស់នៅ។ ក្នុងពេលធ្វើបច្ចុប្បន្នភាពនេះ ក៏មានការអនុញ្ញាតឱ្យមានការសុំកែតម្រូវឈ្មោះ ឬទិន្នន័យរបស់អ្នកបោះឆ្នោត ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតចំពោះអ្នកទទួលមរណភាព និង អ្នកដែលត្រូវបានដកសិទ្ធិបោះឆ្នោតបណ្តោះអាសន្ន។

គ.ជ.ប បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២នេះ គឺជាអ្នក បោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលរាជរដ្ឋាភិបាល កម្ពុជា បានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣៕IMG_20220824_115701_915IMG_20220824_115655_205IMG_20220824_115657_724

Comments

Related posts