សម្ដេចក្រឡាហោមណែនាំដល់សិស្សនគរបាលជាប់ក្របខ័ណ្ឌថ្មី គឺត្រូវដឹងពីតួនាទី និង ភារកិច្ច របស់ខ្លួនឱ្យច្បាស់បំផុត

 វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ២៤,០៨,២០២២

                        MC៖ សម្ដេចក្រឡាហោម បានណែនាំដល់សិស្សនគរបាលជាប់ក្របខ័ណ្ឌថ្មី ត្រូវដឹងពី តួនាទី និងភារកិច្ចរបស់ខ្លួន ពោលគឺត្រូវដឹង ត្រូវតែចេះឱ្យច្បាស់លាស់បំផុតទៅតាមជំនាញរបស់ខ្លួន ដើម្បី អនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព។ 

ថ្លែងក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល សិស្សនាយនគរបាលរង ក្នុងវគ្គ បណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគទី១ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ប្រសិនបើប៉ុស្តិ៍នគរបាល និងនគរបាលនីមួយៗ មានសមត្ថភាព គ្រប់គ្រាន់ក្នុងការអនុវត្តន៍ការងារ នោះនឹងធ្វើឱ្យ ឃុំ សង្កាត់ មានសុវត្ថិភាព រួមទាំងប្រទេសជាតិក៏មានភាព រីកចម្រើនដែរ។ ដោយហេតុនេះបានជាក្រសួងមហាផ្ទៃ បានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ ដោយតម្រូវឱ្យ នគរបាលក្របខ័ណ្ឌថ្មីទាំងអស់ ត្រូវឆ្លងកាត់ វគ្គបណ្ដុះបណ្ដាលជាដាច់ខាត ហើយមន្រ្តីថ្នាក់ដឹកនាំនគរបាល ដែលមិនទាន់បានរៀន ក៏ត្រូវបានរៀបចំវគ្គបណ្ដុះបណ្ដាលជាបន្តបន្ទាប់។

សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំដល់សិស្សនគរបាលជាប់ក្របខ័ណ្ឌថ្មីថា ក្នុងនាមជាមន្រ្តី នគរបាល គឺត្រូវដឹងពីតួនាទី និងភារកិច្ចរបស់ខ្លួន ពោលគឺត្រូវដឹង ត្រូវតែចេះឱ្យច្បាស់លាស់បំផុត។ សម្ដេចបានបញ្ជាក់ច្បាស់ថា បើនគរបាលចរាចរណ៍ ត្រូវតែដឹង ត្រូវតែចេះពីច្បាប់ចរាចរណ៍ ហើយបើ ជានគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ឬស្រាលក៏ត្រូវតែចេះច្បាប់ព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ ឱ្យបាន ជាក់លាក់។ 

សំឡេង៖« អាជីពមានន័យថាមុខរបររបស់គាត់គឺនគរបាល ដូចជាកីឡាករអ៊ីចឹង គឺមានកីឡាករ មហាជន និងកីឡាករអាជីព ប៉ុន្តែបើកីឡាករមហាជន ឧទាហរណ៍ដូចជាកីឡាករអុំទូក នៅពេលជិត ប្រកួត គឺគាត់សមមុន ពីរឬបីថ្ងៃទេ ហើយនៅពេលចប់ការប្រកួត គាត់ក៏ទៅប្រកបមុខរបរអីផ្សេងៗ ទៅ នោះគឺ មិនមែនជាកីឡាករអាជីពទេ។ ប៉ុន្តែយើងគឺជានគរបាលអាជីព តាមគោលការណ៍របស់រាជរដ្ឋាភិបាល យើងកសាងកម្លាំងនគរបាលអាជីពហ្នឹងហើយ ដូច្នេះត្រូវតែច្បាស់លាស់ មិនអាចធ្វើនគរបាលហើយ យើងមិនដឹងអំពីតួនាទី ភារកិច្ចរបស់យើងនោះទេ ច្បាប់ទម្លាប់កាលណាផ្នែកណាត្រូវតែដឹងច្បាប់នោះ ដោយមន្ត្រីចរាចរណ៍ត្រូវតែយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវ នគរបាលព្រហ្មទណ្ឌធ្ងន់ស្រាលត្រូវ ចេះដឹង អំពីច្បាប់ព្រហ្មទណ្ឌ នីតិវិធីព្រហ្មទណ្ឌ ឬក៏ក្រមព្រហ្មទណ្ឌអីជាដើម ទាំងអស់ហ្នឹងគឺយើងត្រូវតែដឹងនិងត្រូវតែចេះ។»

សូមជម្រាបជូនដែរថា សាលានគរបាលជាតិភូមិភាគទី១នេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០១ និង ចាប់ផ្ដើមការបណ្ដុះបណ្ដាលនៅឆ្នាំ២០០២។ បច្ចុប្បន្នសាលាមានអគាររដ្ឋបាលកម្ពស់ ១ជាន់ ចំនួន១ខ្នង, អគារសិក្សាកម្ពស់១ជាន់ចំនួន១ខ្នង, អគារសិស្សស្នាក់នៅកម្ពស់ ២ជាន់ ចំនួន១ខ្នង, អគារអាហារដ្ឋាន កម្ពស់១ជាន់ ចំនួន១ខ្នង, អគារគ្រូស្នាក់នៅកម្ពស់ ១ជាន់ ចំនួន១ខ្នង, ទីលានហ្វឹកហាត់បាញ់គ្រាប់ពិត ១កន្លែង និងរបងព័ទ្ធជុំវិញ។ សាលាបានទទួលបណ្ដុះបណ្ដាលមន្រ្តី និងសិស្សនគរបាលមកពីខេត្តស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី ហើយរហូតដល់ពេលនេះបានបណ្ដុះបណ្ដាលនគរបាលសរុបចំនួន ៥.៨៧៦នាក់ ក្នុងនោះនារី ៤១៦នាក់ ខណៈឆ្នាំ២០២២ បានបញ្ចប់ការបណ្ដុះបណ្ដាល សិស្សនគរបាល ចំនួន១លើក មានសិស្សជ័យលាភី១៧៧នាក់ និងបច្ចុប្បន្នកំពុងបណ្ដុះបណ្ដាលសិស្សចំនួន១១៨នាក់៕IMG_20220824_120452_230IMG_20220824_120454_440

Comments

Related posts