កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង ៧៤លានដូស ខណៈនៅសល់ស្តុកក្នុងឃ្លាំងចំនួនជាង ៧លានដូស

  វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ២៦,០៨,២០២២

                           MC៖មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឱ្យដឹងថា មកដល់ពេលនេះ កម្ពុជាទទួល បានវ៉ាក់សាំង សរុបជាង៧៤លានដូស ខណៈនៅសល់ក្នុងឃ្លាំងចំនួនជាង៧លានដូស សម្រាប់ចាក់ជូន ប្រជាពលរដ្ឋ ដើម្បីបង្កើនកងការពារសុខភាពពីជំងឺកូវីដ១៩។

ថ្លែងក្នុងឱកាសទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកូនក្មេង ចំនួន ២៨៣,០០០ដូសបន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី ជូនរាជរដ្ឋាភិបាលនិងប្រជាជន កម្ពុជា នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានឱ្យដឹងថា ការផ្តល់ជំនួយវ៉ាក់សំាងរបស់រដ្ឋាភិបាលនិង ប្រជាជនអូស្ត្រាលីដល់កម្ពុជាទំាង២លើក ដែលមានចំនួនសរុប៤៨០,០០០ម៉ឺនដូសនេះ បានធ្វើឱ្យចំនួន វ៉ាក់សាំងសរុបដែលកម្ពុជាទទួលបានមានចំនួនជាង ៧៤លានដូស ហើយនៅសល់ក្នុងឃ្លាំងចំនួនជាង ៧លានដូស។ 

លោកជំទាវបន្ថែមថា ការផ្តល់ជំនួយវ៉ាក់សាំង និងបរិក្ខារផ្សេងៗនេះ បានបង្ហាញឱ្យឃើញពីការយកចិត្ត ទុកដាក់ខ្ពស់មួយរបស់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជា ជួយការពារអាយុជីវិតប្រជាពលរដ្ឋខ្មែរពីជំងឺកូវីដ១៩។ វ៉ាក់សាំងគឺជាបង្អែកដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាការពារអាយុជីវិត ប្រជាពលរដ្ឋ ពីជំងឺឆ្លងសាកលមួយនេះ។ 

សំឡេង៖ « វ៉ាក់សាំងដែលបានស្រោចទៅលើប្រជាពលរដ្ឋ គឺទទួលបានលទ្ធផលខ្ពស់បាន ន័យថា ប្រជាពលរដ្ឋ ទោះបីជាគាត់បានឆ្លងនូវជំងឺកូវីដ១៩ក៏ពិតមែន ប៉ុន្តែគាត់មិនមានសភាពធ្ងន់ធ្ងរនោះទេ ប៉ុន្តែអ្វីដែលធ្វើឱ្យយើងព្រួយបារម្ភនោះគឺ ចំពោះពលរដ្ឋដែលមិនទាន់បានចាក់ ក៏គណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង ក៏កំពុងតែជំរុញ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋ បានទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ជាពិសេសគឺដូសជំរុញ ហើយឥឡូវនេះ កូនក្មេងគឺពួកគាត់ សកម្មក្នុងការមកទទួលយកវ៉ាក់សាំងដែរ ហើយវ៉ាក់សាំងនៅថ្ងៃនេះ គឺនឹងធ្វើការចាក់ជូនសម្រាប់កូន ក្មេង។»

លោកជំទាវបានបញ្ជាក់ទៀតថា វ៉ាក់សាំងដែលកម្ពុជាមាននៅក្នុងស្តុកជាង៧លានដូសនេះ មាន២ ប្រភេទ គឺប្រភេទ Pfizer និងSinovak ខណៈដែលវ៉ាក់សាំងទាំង២ប្រភេទនេះ មានសុពលភាពរហូតដល់ ឆ្នាំ ២០២៣។ 

បើទោះបីជាពេលបច្ចុប្បន្ន ស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ បានថមថយយ៉ាងណាក្តី តែរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំ នៅតែបន្ត ប្រកាន់ យកនូវនយោបាយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋសម្រាប់ដូសជំរុញជាបន្តបន្ទាប់ ដរាបណាជំងឺកូវីដ១៩ មិនទាន់បាត់ពីភពផែនដីទេនោះ។ សម្តេចតេជោ ហ៊ុន សែន តែងបានអំពាវនាវដល់ពលរដ្ឋ ឱ្យទៅទទួល វ៉ាក់សាំងដូសជំរុញ ដើម្បីបង្កើនកងការពារសុខភាពពីជំងឺកូវីដ១៩ នឹងធ្វើឱ្យកម្ពុជាឈានទៅទទួលបាន ជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

របាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងដែរថា មកដល់ពេលបច្ចុប្បន្ន កម្ពុជា ចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋបានជិត ៩៥ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប។ ក្នុងនោះ ដូសទី១ បានជាង ១៥លាននាក់, ដូសទី២ បានជាង ១៤លាននាក់, ដូសទី៣ បានជិត ១០លាននាក់, ដូសទី៤ បានជិត ៤លាននាក់ និងដូសទី៥ បានជាង ៦០ម៉ឺននាក់៕IMG_20220826_113539_482IMG_20220826_113530_269IMG_20220826_113534_809IMG_20220826_113544_890

Comments

Related posts