ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីជាង២០០កន្លែង នឹងត្រូវពង្រាយនៅទូទាំងកម្ពុជា ក្នុងឆ្នាំ២០២៣

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៣០ ១១ ២០២២

 

ភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីជាង២០០កន្លែង នឹងត្រូវពង្រាយនៅទូទាំងកម្ពុជា ក្នុងឆ្នាំ២០២៣ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម ៖ .................

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និង ពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្ត នៅក្នុងឆ្នាំ២០៥០ កាត់បន្ថយមិនឱ្យមានការបំពុលបរិស្ថាន ដើម្បី ចូលរួមការពារបរិស្ថាន និងធានាក្នុងការរស់នៅប្រកបដោយសុខភាពល្អ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តថា ការបង្កើតកន្លែង បញ្ជូលថាមពលអគ្គិសនី គឺជាជំហានមួយ ក្នុងចំណោមការងារមួយចំនួនដែលត្រូវធ្វើ គឺការកាត់បន្ថយការបំពុលបរិស្ថាន ដោយប្តូរពីការប្រើរថយន្តប្រេងឥន្ធនៈ មកប្រើរថយន្តដើរដោយថាមពលអគ្គិសនីវិញ។

ឯកឧត្តម បានបញ្ជាក់ថា ការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី វាបានជួយកាត់បន្ថយដោយគ្មានការបំពុលបរិស្ថាន តម្លៃរថយន្ត ក៏សមរម្យ ដែលអត្រាពន្ធនាំចូល ៥០ភាគរយ កាត់បន្ថយការចំណាយថ្លៃប្រើប្រាស់ ជាងថ្លៃប្រេងឥន្ធនៈ ។

ឯកឧត្តម បានបន្ថែមថា ក្រសួងសាធារណការ ក៏កំពុងខិតខំប្រឹងប្រែងសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដូចជាកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ និងវិស័យឯកជន ដើម្បីធ្វើការវិនិយោគក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី សំដៅជំរុញកំណើន ការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន ដែលបញ្ចេញពីយានយន្តប្រើប្រាស់ប្រេងឥន្ធនៈផងដែរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានឱ្យដឹងថា បច្ចុប្បន្ននេះនៅកម្ពុជាមានស្ថានីយ៍សាកថាមពលយានយន្តអគ្គិសនីចំនួន ៨កន្លែងហើយ រួមមាន នៅទីស្ដីការក្រសួងសាធារណការ ៤គ្រឿង នៅក្រុងសៀមរាប ក្រុងព្រះសីហនុ ក្រុងបាត់ដំបង និង ១ស្ថានីយ៍ទៀត វិនិយោគដោយ ក្រុមហ៊ុនកាល់តិច ស្ថិតនៅទីតាំងសង្កាត់ព្រៃស ។

សំឡេង « ក្រុមហ៊ុនឯកជន ដែលគេត្រៀមនឹងវិនិយោគ ដោយក្រុមហ៊ុនមួយនេះគេវិនិយោគ២០កន្លែងទៀត ក្រុមហ៊ុន BYD គ្រោងនឹង វិនិយោគ២០០កន្លែងនៅទូទាំងប្រទេសរបស់យើង ហើយថ្ងៃនេះគេបានប្រគល់ឱ្យយើង៣កន្លែងបញ្ជូលថាមពលអគ្គិសនី ខាង UNDP គេផ្តល់ឱ្យយើង៤ ដែលយើងដាក់នៅភ្នំពេញ សៀមរាប ក្រុងព្រះសីហនុនិងបាត់ដំបង។ ក្រុមហ៊ុន កាល់តិចបានដាក់មួយ នៅស្ថានីយ របស់ខ្លួននៅព្រៃស អ៊ីចឹងទាំងអស់យើងមាន៨នៅកម្ពុជាយើង ហើយសង្ឃឹមថា ឆ្នាំក្រោយយើងមានរាប់រយកន្លែង ដើម្បីផ្តល់ភាពងាយ ស្រួល ដល់បងប្អូនប្រជាពលរដ្ឋ ទិញរថយន្តប្រើដោយថាមពលអគ្គិសនី ទិញហើយធ្វើដំណើរទូទាំងប្រទេសដោយគ្មានការលំបាក និងភ័យខ្លាចអស់អាគុយអត់មានកន្លែងបញ្ជូលអាគុយវិញ »។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ការគ្រោងដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីជាង២០០កន្លែងនេះ ក៏មិនទាន់ គ្រប់គ្រាន់តាមតម្រូវការផងដែរ ប៉ុន្តែវាជាជំហានមួយក្នុងការជំរុញឱ្យប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ឱ្យបានច្រើន ជាងមុន។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋ ងាកមកប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានច្រើន ដើម្បីទទួលបានផលចំណេញជាងការប្រើប្រាស់ប្រេងឥន្ធនៈ និងជួយកាត់បន្ថយការបំពុលបរិស្ថានផងដែរ។

សូមជម្រាបជូនដែរថា ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យមានការកើនឡើង ក្រសួងបាន និងកំពុងខិតខំស្វះស្វែងរក ដៃគូសហការក្នុងការដំឡើងបន្ថែមនូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ឱ្យបានច្រើននៅទូទាំងប្រទេស ហើយក៏លើកទឹកចិត្ត វិស័យឯកជនចូលរួមឱ្យបានច្រើន ជាក់ស្តែងក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈកាល់តិច ក៏បានដំឡើងស្ថានីយបញ្ចូលថាមពលយានយន្ត អគ្គិសនីរបស់ខ្លួន បាន១ទីតាំងផងដែរ៕IMG_20221130_124550_043IMG_20221130_124544_806IMG_20221130_124548_504IMG_20221130_124546_366

Comments

Related posts