មកដល់ពេលនេះកិច្ចប្រជុំអភិបាលរាជធានីនិងរដ្ឋធានីអាស៊ាន និងវេទិកាអភិបាលក្រុងអាស៊ាន មានប្រវត្តិរយៈពេល១០ ឆ្នាំហើយ

វិទ្យុជាតិកម្ពុជា

 

ភ្នំពេញ គិតត្រឹមឆ្នាំ២០២២នេះ គឺមានរយៈពេល១០ឆ្នាំហើយ ក្នុងការរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMAC និងវេទិកា អភិបាលក្រុងអាស៊ាន AMF ដោយបានពិភាក្សានិងផ្លាស់ប្តូរទស្សនៈលើការអភិវឌ្ឍទីក្រុង បញ្ហាប្រឈម និងការអនុវត្តន៍ ល្អៗនាពេលកន្លងមក។

វេទិកា AMF និងកិច្ចប្រជុំ MGMAC ឆ្នាំ២០២២នេះ បានប្រព្រឹត្តិទៅដោយផ្ទាល់នៅរាជធានីភ្នំពេញ រយៈពេលចំនួន២ថ្ងៃ គឺចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ខែធ្នូ ឆ្នាំ២០២២ ដោយ មានតំណាងទីក្រុង និងខេត្តចូលរួមប្រមាណ ៨០ទីក្រុង ក្នុងតំបន់អាស៊ាន និងក្រៅអាស៊ាន មានជាង ៣០ទីក្រុងធំៗចូលរួម។ ពិធីបើកព្រឹត្តិការណ៍ទំាង២នេះបានធ្វើឡើងនៅ ព្រឹកថ្ងៃទី២ ខែធ្នូ ក្រោមអធិបតី ភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

    ប្រធានបទនៃវេទិកា និងកិច្ចប្រជុំទាំងពីរខាងលើ ត្រូវបានជ្រើសរើសឡើងស្របតាមមូលបទប្រចាំឆ្នាំរបស់អាស៊ាន ដែលព្រះ រាជាណាចក្រកម្ពុជាជាម្ចាស់ផ្ទះ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំង អស់គ្នា» (ASEAN A.C.T. Addressing Challenges Together) និងស្របទៅតាមបរិបទការងាររបស់ទីក្រុង ដែលក្នុងនោះ វេទិកាអភិបាលក្រុងអាស៊ាន (ASEAN Mayors Forum)៖ ធ្វើឡើងក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី» ។ 

សូមជម្រាបថា នៅរៀងរាល់ឆ្នាំរាជធានី ឬរដ្ឋធានី នៃបណ្ដាប្រទេសដែលជាម្ចាស់ផ្ទះអាស៊ាន តែងតែរៀបចំកិច្ចប្រជុំអភិបាលរាជធានី និង រដ្ឋធានីអាស៊ាន (Meeting of Governors/Mayors of ASEAN Capitals ហៅកាត់ថា MGMAC)។

គួរបញ្ជាក់ថា៖ វេទិកាអភិបាលក្រុងអាស៊ានលើកទី១៖ នៅថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០១១ នៅទីក្រុងសូរ៉ាបាយ៉ា ប្រទេសឥណ្ឌូនេស៊ី។

វេទិកាអភិបាលក្រុងអាស៊ានលើកទី២៖ នៅថ្ងៃទី៩-១១ ខែកញ្ញា ឆ្នាំ២០១៥ នៅទីក្រុងម៉ាកាសា ប្រទេសឥណ្ឌូនេស៊ី ក្រោមប្រធានបទ «ទីក្រុងឆ្លាតវៃដើម្បីតំបន់សមាហរណកម្មដ៏រីកចម្រើនគ្មានព្រំដែន»។ 

 វេទិកាអភិបាលក្រុងអាស៊ានលើកទី៣៖ នៅថ្ងៃទី២៦-២៧ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Taguig ប្រទេសហ្វីលីពីន ក្រោមប្រធានបទ «៥០ឆ្នាំនៃអាស៊ាន ការពង្រឹងសហគមន៍ដើម្បីតំបន់រឹងមាំ»។ 

វេទិកាអភិបាលក្រុងអាស៊ានលើកទី៤៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨នៅ ប្រទេសសិង្ហបុរី ក្រោម ប្រធានបទ «ការកសាងការអភិវឌ្ឍប្រកបដោយចីរភាព និងឆ្លាតនៅក្នុងទីក្រុង និងតំបន់អាស៊ាន»។

  វេទិកាអភិបាលក្រុងអាស៊ានលើកទី៥ នៅថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ ក្រោមប្រធានបទ «ការជំរុញសកម្មភាពក្នុងស្រុកសម្រាប់កំណើនប្រកបដោយចីរភាព និង បរិយាប័ន្ន»។

កិច្ចប្រជុំនេះត្រូវបានអាក់ខានមិនអាចប្រារព្ធធ្វើចំនួនពីរឆ្នាំជាប់គ្នា គឺនៅឆ្នាំ២០២០ និង២០២១) ដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩។

ដោយឡែកកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន លើកទី១៖ នៅថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០១៣ នៅរដ្ឋធានី ហ្សាការតា ប្រទសឥណ្ឌូនេស៊ី ក្រោមប្រធានបទ «អាស៊ានឆ្ពោះទៅកាន់មូលដ្ឋាន៖ រួមចំណែកដល់ សហគមន៍អាស៊ាន ឆ្នាំ២០១៥»។

 កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ានលើកទី២៖ នៅថ្ងៃទី៥-៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅរាជធានី បាងកក ប្រទេសថៃ ប្រធានបទ «អាស៊ានឆ្ពោះទៅកាន់តំបន់៖ ការបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ទីក្រុង»។

 កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ានលើកទី៣៖ នៅថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០១៥ នៅ រដ្ឋធានីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

 កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ានលើកទី៤៖ នៅថ្ងៃទី១៣-១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ រដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ក្រោមប្រធានបទ «ការទទួលខុសត្រូវ និងកាតព្វកិច្ចចាំបាច់របស់រាជធានី និងរដ្ឋធានីអាស៊ាន ចំពោះសមាហរណកម្មអាស៊ាន»។

 កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ានលើកទី៦៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ នៅប្រទេស សិង្ហបុរី ក្រោមប្រធានបទ «បរិស្ថានទីក្រុងប្រកបដោយចីរភាព»។

កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ានលើកទី៧៖ នៅថ្ងៃទី២៦-២៨ ខែមិថុនា ឆ្នាំ២០១៩ នៅ រាជធានីបាងកក ប្រទេសថៃ ក្រោមប្រធានបទ «ការពង្រឹងបណ្ដាញកិច្ចសហប្រតិបត្តិការសម្រាប់ អនាគតប្រកបដោយចីរភាព»

ក្នុងឆ្នាំ២០២០-២០២១ ប្រទេសវៀតណាម ប្រទេសប្រ៊ុយណេ ខនខាកមិនបានរៀបចំកិច្ចប្រជុំ អភិបាលរាជធានី និងរដ្ឋធានីអាស៊ាននោះទេ ដោយសារបញ្ហាការរីករាលដាលជំងឺកូវីដ-១៩។

វេទិកា AMF និងកិច្ចប្រជុំ MGMAC នេះ មានសារសំខាន់ក្នុងការអនុញ្ញាតឲ្យបណ្ដារដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងនៅថ្នាក់រាជធានី ឬរដ្ឋធានី ខេត្ត ក៏ដូចជាក្រុង ស្រុក របស់ប្រទេសជាសមាជិកអាស៊ាន អាចជួបប្រជុំគ្នាជជែកលើបញ្ហាប្រឈម ក៏ដូចជាចែករំលែកបទពិសោធន៍ល្អៗដែលខ្លួនមាន ដែលជាដំណោះស្រាយអាចយកអនុវត្តបាន ជាពិសេសក្នុងកាលៈទេសៈនៃការស្តារឡើងវិញ របស់ទីក្រុងនីមួយៗ នៅក្រោយវិបត្តិជំងឺកូវីដ១៩។វេទិកា និងកិច្ចប្រជុំខាងលើនេះ គឺបានចូលរួមជំរុញកិច្ចសហប្រតិបត្តិការ សន្តិភាព សាមគ្គីភាព និងសុខដុមនីយកម្មរវាងរដ្ឋបាលមូលដ្ឋានរបស់ប្រទេសជាសមាជិកអាស៊ាន ជាមួយនឹងរដ្ឋបាលមូលដ្ឋាន នៃបណ្ដាប្រទេសជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន។ ចំពោះរាជធានីភ្នំពេញ និងរដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជាវិញ វេទិកា និងកិច្ចប្រជុំទាំងពីរខាងលើគឺផ្ដល់ឱកាសដល់រដ្ឋបាលរាជធានីភ្នំពេញ និងបណ្ដាទីក្រុងនិងខេត្តរបស់កម្ពុជា ក្នុងការបង្កើនទំនាក់ទំនងជាមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តារាជធានី រដ្ឋធានី និងខេត្ត ក្រុងនៃប្រទេសជាសមាជិកអាស៊ាន។

វេទិកា និងកិច្ចប្រជុំទាំងពីរខាងលើនេះ បានក្លាយជាកិច្ចប្រជុំដោយផ្ទាល់លើកដំបូង បន្ទាប់ពីការមានវត្តមាននៃជំងឺកូវីដ១៩ និងការអាក់ខានរៀបចំកិច្ចប្រជុំនៅឆ្នាំ២០២០ និងឆ្នាំ២០២១៕
IMG_20221202_100918_219IMG_20221202_100920_420

Comments

Related posts