កិច្ចប្រជុំអភិបាលរាជធានីនិងរដ្ឋធានីអាស៊ាន និងវេទិកាអភិបាលក្រុងអាស៊ានឆ្នាំ២០២២ ក្លាយជាវេទិកា យ៉ាងសំខាន់ក្នុងការជំរុញភាពជាដៃគូជិតស្និទ្ធនៅក្នុងតំបន់

វិទ្យុជាតិកម្ពុជា

 

  ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ហៅកាត់ថា MGMAC និងវេទិកា អភិបាលក្រុងអាស៊ានហៅកាត់ថា AMF ឆ្នំា២០២២នេះ បានក្លាយជា វេទិកាយ៉ាងសំខាន់ ដើម្បីបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តបន្តនឹងឆ្ពោះទៅមុខបន្ថែមទៀត របស់រាជធានី និងរដ្ឋ ធានីអាស៊ាន ព្រមទំាងជំរុញភាពជាដៃគូជិតស្និទ្ធនៅក្នុងតំបន់។

  កិច្ចប្រជុំវេទិកាអភិបាលក្រុងអាស៊ាន និង កិច្ចប្រជុំអភិបាលរាជធានី- រដ្ឋធានីអាស៊ាន ឆ្នាំ២០២២ នេះ បានប្រកាសបើកជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២២នេះ ដោយមានតំណាងទីក្រុង និងខេត្តចូលរួមប្រមាណ ៨០ទីក្រុងក្នុងតំបន់អាស៊ាន និងក្រៅអាស៊ាន មានជាង៣០ទីក្រុងធំៗចូលរួម។

    ប្រធានបទនៃវេទិកា និងកិច្ចប្រជុំទាំងពីរខាងលើ ត្រូវបានជ្រើសរើសឡើងស្របតាមមូលបទប្រចាំឆ្នាំ របស់អាស៊ាន ដែលព្រះរាជាណាចក្រកម្ពុជាជាម្ចាស់ផ្ទះ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំង អស់គ្នា» (ASEAN A.C.T. Addres sing Challenges Together) និងស្របទៅតាមបរិបទការងាររបស់ ទីក្រុង ដែលក្នុងនោះ វេទិកាអភិបាលក្រុងអាស៊ាន (ASEAN Mayors Forum)៖ ធ្វើឡើងក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី» ។ 

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនាពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា អាស៊ាន មិនថានៅកម្រិត ថ្នាក់ជាតិ ឬ កម្រិត ថ្នាក់ក្រោមជាតិ នៅតែបន្តពង្រឹងនិងពង្រីកស្មារតី នៃកិច្ចសហប្រតិបត្តិការរួមគ្នានេះ ដើម្បីប្រជាជាតិអាស៊ាន ប្រជាជននៃបណ្តារាជធានី-រដ្ឋធានីអាស៊ាន និងដើម្បីឈានទៅសម្រេចបាននូវសហគមន៍អាស៊ានមួយ ដែល កាន់តែមានភាពស្អិតល្មួតលើគ្រប់វិស័យ។

ឯកឧត្តមបញ្ជាក់ថា តាមរយៈលទ្ធផលនៃវេទិកានិងកិច្ចប្រជុំនេះ ភាគីពាក់ព័ន្ធទំាងអស់នឹងបន្តពិភាក្សា ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗរួមគ្នា ឱ្យកាន់តែមានប្រសិទ្ធភាព។

  ឯកឧត្តមបន្ថែមថា កិច្ចសហប្រតិបត្តិការតាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍ ជាមួយគ្នានៅក្នុងកិច្ចប្រជុំទំាង២នេះ គឺជារឿងចាំបាច់ជាងពេលណាៗទាំងអស់ ដើម្បីធ្វើយ៉ាងណាអាចឱ្យ យើង ធ្វើដំណើរទៅមុខរួមគ្នា ឈានទៅសម្រេច បានកំណើន និងវិបុលភាពរួម នៃទីក្រុងក្នុងតំបន់។ ឯកឧត្តមបញ្ជាក់ថា ប្រធានបទសម្រាប់កិច្ចប្រជុំទាំងពីរនាពេលនេះ គឺសុទ្ធសឹង តែផ្តោតសំខាន់លើកិច្ចសហ ប្រតិបត្តិការរួមគ្នា ដើម្បីសម្រេចបានគោលដៅរួម ពោលគឺ ការកសាងទីក្រុងឆ្លាត មានភាពធន់ និងមាន ចីរភាព ជាពិសេសការឆ្លុះបញ្ចាំងពីមូលបទនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ ដែលទើបកន្លងផុតទៅ ថ្មីៗនេះ គឺ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ។

សូមបញ្ជាក់ថា វេទិកា AMF និងកិច្ចប្រជុំ MGMAC នេះ មានសារសំខាន់ក្នុងការអនុញ្ញាតឲ្យបណ្ដារដ្ឋបាល ថ្នាក់ក្រោមជាតិ ទាំងនៅថ្នាក់រាជធានី ឬរដ្ឋធានី ខេត្ត ក៏ដូចជាក្រុង ស្រុក របស់ប្រទេសជាសមាជិកអាស៊ាន អាចជួបប្រជុំគ្នាជជែកលើបញ្ហាប្រឈម ក៏ដូចជាចែករំលែកបទពិសោធន៍ល្អៗដែលខ្លួនមាន ដែលជា ដំណោះស្រាយអាចយកអនុវត្តបាន ជាពិសេសក្នុងកាលៈទេសៈនៃការស្តារឡើងវិញរបស់ទីក្រុងនីមួយៗ នៅក្រោយវិបត្តិជំងឺកូវីដ១៩។ វេទិកា និងកិច្ចប្រជុំខាងលើនេះ គឺបានចូលរួមជំរុញកិច្ចសហប្រតិបត្តិការ សន្តិភាព សាមគ្គីភាព និងសុខដុមនីយកម្មរវាងរដ្ឋបាលមូលដ្ឋានរបស់ប្រទេសជាសមាជិកអាស៊ាន ជាមួយ នឹងរដ្ឋបាលមូលដ្ឋាន នៃបណ្ដាប្រទេសជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន។ ចំពោះរាជធានីភ្នំពេញ និង រដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជាវិញ វេទិកា និងកិច្ចប្រជុំទាំងពីរខាងលើ គឺផ្ដល់ឱកាសដល់រដ្ឋបាលរាជធានី ភ្នំពេញ និងបណ្ដាទីក្រុងនិងខេត្តរបស់កម្ពុជា ក្នុងការបង្កើនទំនាក់ទំនងជាមិត្តភាព សាមគ្គីភាព និងកិច្ចសហ ប្រតិបត្តិការជាមួយបណ្តារាជធានី រដ្ឋធានី និងខេត្ត ក្រុងនៃប្រទេសជាសមាជិកអាស៊ាន។

គួរំលឹកផងដែរថា វេទិកាអភិបាលក្រុងអាស៊ានលើកទី១ បានធ្វើឡើង កាលពីថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០១១ នៅទីក្រុងសូរ៉ាបាយ៉ា ប្រទេសឥណ្ឌូនេស៊ី ខណៈកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន លើកទី១ធ្វើឡើងកាលពីថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០១៣ នៅរដ្ឋធានី ហ្សាការតា ប្រទសឥណ្ឌូនេស៊ី ក្រោមប្រធានបទ «អាស៊ានឆ្ពោះទៅកាន់មូលដ្ឋាន៖ រួមចំណែកដល់ សហគមន៍អាស៊ាន ឆ្នាំ២០១៥»៕IMG_20221202_110047_746IMG_20221202_110059_329IMG_20221202_110054_180IMG_20221202_110052_548IMG_20221202_110051_400

Comments

Related posts