សម្តេចតេជោ ចែករំលែកនូវអនុសាសន៍ សម្រាប់ការពង្រឹង និង ជំរុញកិច្ចសហប្រតិបត្តិការអាស៊ានឱ្យកាន់តែខ្លាំងថែមទៀត

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០២ ១២ ២០២២

 

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកនូវអនុសាសន៍ សម្រាប់ការពង្រឹង និង ជំរុញកិច្ចសហប្រតិបត្តិការអាស៊ានឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីកសាង និង តភ្ជាប់ទីក្រុងអាស៊ាន ឆ្ពោះទៅរកការកសាង សហគមន៍អាស៊ាន ប្រកបដោយចីរភាព បរិយាប័ន្ន និង ភាពធន់។

ថ្លែងក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន និង កិច្ចប្រជុំអភិបាល រាជធានី និង រដ្ឋធានីអាស៊ាន ឆ្នាំ២០២២ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ នាសណ្ឋាគាររ៉ស៊ីដង់ សុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ស្ថិតក្នុងបរិការណ៍ ដែលអាស៊ាន និង សកលលោក បាននិងកំពុងជួបប្រទះនឹងបញ្ហាប្រឈមជាបន្តបន្ទាប់ ការកសាងទីក្រុងឆ្លាត ដែលមានការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង ភាពបៃតង គឺជាទិសដៅដ៏ត្រឹមត្រូវបំផុត សម្រាប់ពេលបច្ចុប្បន្ន និង ទៅថ្ងៃអនាគត ។ បន្ថែមពីនេះទៀតទីក្រុងឆ្លាតមានសក្តានុពលខ្ពស់ ក្នុងការដោះស្រាយបញ្ហាទូទៅនៃការរៀបចំនគរូបនីយកម្ម ប្រកប ដោយនវានុវត្តន៍ ពង្រឹងភាពធន់ តទល់នឹងហានិភ័យផ្សេងៗ និង ជាពិសេសលើកកម្ពស់ សុខុមាលភាព និង វិបុលភាពនៃជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន តាមគន្លងប្រក្រតីភាពថ្មី។ 

សម្តេចតេជោ បានបន្តថា ក្នុងគោលដៅចូលរួមផ្តល់ជាធាតុចូល សម្រាប់ការពង្រឹង និង ជំរុញកិច្ចសហប្រតិបត្តិការអាស៊ានឱ្យកាន់តែខ្លាំងថែមទៀត ក្នុងការកសាង និង តភ្ជាប់ទីក្រុងអាស៊ាន ឆ្ពោះទៅរកការកសាង សហគមន៍អាស៊ាន ប្រកបដោយចីរភាព បរិយាប័ន្ន និង ភាពធន់ សម្តេចសូមចែករំលែកនូវអនុសាសន៍ ផ្ទាល់ខ្លួនមួយចំនួន ដូចជា ត្រូវធានាឱ្យបាននូវសន្តិភាពសន្តិសុខ ស្ថិរភាព និងវិបុលភាព ដែលជាមូលដ្ឋានគ្រឹះចម្បង និង សំខាន់បំផុត សម្រាប់ការកសាងទីក្រុងឆ្លាត មានភាពធន់ និង មាន ចីរភាព។

សម្តេចតេជោ បានបន្តទៀតថា គោលដៅចម្បងបំផុតនៃការកសាងទីក្រុង ឬ ប្រទេសមួយ គឺ ការលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន ប្រកបដោយសុខុមាលភាព វិបុលភាព និង ភាពធន់ ។ ស្ថិតក្នុងបរិការណ៍ដែលពោរពេញទៅដោយភាពមិនប្រាកដប្រជាខ្ពស់ រដ្ឋបាលក្រុង រាជធានី និង រដ្ឋធានីអាស៊ាន ត្រូវយកចិត្តទុកដាក់ទៅលើការកសាងទីក្រុងឆ្លាត ដោយមានការគិតគូរអំពីការសម្រួលដល់ការផ្លាស់ប្ដូររបៀបរបប រស់នៅ តាមគន្លង ប្រក្រតីភាពថ្មី និង ការសម្របខ្លួនរបស់ប្រជាជន ទៅនឹងការផ្លាស់ប្តូរប្រជាសាស្ត្រ ឬការប្រែប្រួលណាមួយ ដែលអាចកើតមានឡើង ទាំងពេលបច្ចុប្បន្ន និង អនាគត។

សម្តេចតេជោបន្ថែមថា ការកសាងទីក្រុងឆ្លាត មានភាពធន់ និង មានចីរភាព ត្រូវមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ ទាំងរដ្ឋបាលមូលដ្ឋានវិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នជាតិ និង អន្តរជាតិ និង ជាពិសេសពីប្រជាជនដែលរស់នៅក្នុងមូលដ្ឋានផ្ទាល់តែម្តង ។ 

សំឡេង « នៅក្នុងក្របខណ្ឌតំបន់ រដ្ឋបាលក្រុង រាជធានី និង រដ្ឋធានីអាស៊ានទាំងអស់ ត្រូវសហការគ្នា ក្នុងការជំរុញល្បឿន និងពង្រីកសក្តានុពលនៃការតភ្ជាប់ និង សមាហរណកម្មទីក្រុងឆ្លាតអាស៊ាន ឱ្យកាន់តែខ្លាំងឡើង តាមរយៈការរួមគ្នាលើកកម្ពស់ឌីជីថលូបនីយកម្ម និងបរិវត្តកម្មឌីជីថល ដែលមានសក្តានុពលខ្ពស់ ក្នុងការអភិវឌ្ឍ និង តភ្ជាប់គ្រប់វិស័យទាំងក្នុងប្រទេសនិងតំបន់ និង គម្លាតនៃការកសាងទីក្រុងឆ្លាត ក្នុងតំបន់ នឹងអាចកើតមានឡើង ដោយសារនិន្នាការរីកធំឡើងនៃគម្លាតបច្ចេកវិទ្យាឌីជីថល ។ ក្នុងន័យនេះ រដ្ឋបាលក្រុង រាជធានី និង រដ្ឋធានីអាស៊ាន ត្រូវជំរុញឱ្យកាន់តែខ្លាំងថែមទៀតនូវវប្បធម៌ផ្លាស់ប្តូរចំណេះដឹង និង ចែករំលែកបទពិសោធន៍ ជុំវិញការកសាងទីក្រុងឆ្លាត ជាពិសេសការ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង ឌីជីថល ក៏ដូចជាការធានាសុខសន្តិសុខស្ថិរភាព និង សោភ័ណភាពទីក្រុង តាមរយៈការគ្រប់គ្រងទឹកស្អាត អគ្គិសនី និងសំណល់ ប្រកបដោយប្រសិទ្ធភាព »៕IMG_20221202_113824_809IMG_20221202_113822_937IMG_20221202_113821_499IMG_20221202_113831_256IMG_20221202_113819_546IMG_20221202_113832_328

Comments

Related posts