បណ្តាញទីក្រុងឆ្លាតអាស៊ាន បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការឈានទៅសម្រេចនូវចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥ 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០២ ១២ ២០២២

 

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា បណ្តាញទីក្រុងឆ្លាតអាស៊ាន បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការឈានទៅសម្រេចនូវចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥ តាមរយៈការជំរុញសកម្មភាព សង្គមសេដ្ឋកិច្ច ធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ឱ្យកាន់តែខ្លាំងឡើងថែមទៀត។

ថ្លែងក្នុងពិធីបើកវទិកាអភិបាលក្រុងអាស៊ាន និង កិច្ចប្រជុំអភិបាល រាជធានី និង រដ្ឋធានីអាស៊ាន ឆ្នាំ២០២២ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ នាសណ្ឋាគាររ៉ស៊ីដង់ សុខាភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ាន បានកំណត់មូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ដែលមានគោលបំណងរួមគ្នាដោះស្រាយបញ្ហាប្រឈមរបស់ អាស៊ាន ព្រមទាំងពង្រឹងសកលភាវូបនីយកម្ម និង ជំរុញការសម្រេចបាននូវរបៀបវារៈនៃការធ្វើ សមាហរណកម្មតំបន់ ក្រោមចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥ ។

សម្តេចតេជោ បានបន្តថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង លើកទី ៤១ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីខែវិច្ឆិកា កន្លងទៅថ្មីៗនេះ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញនេះផ្ទាល់ ប្រកបដោយភាពជោគជ័យ ដ៏ត្រចះត្រចង់ ដោយមានការអនុម័ត និង កត់សម្គាល់ឯកសារលទ្ធផលចំនួន ១០១។ ក្នុងនោះ ថ្នាក់ដឹកនាំអាស៊ាន បានទទួលស្គាល់ វឌ្ឍនភាព នៃការអនុវត្តន៍ ផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និង បានកំណត់ ទិសដៅអនាគត សម្រាប់ការពង្រឹងការតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ តាមរយៈសេចក្ដីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ស្ដីពីរបៀបវារៈតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ ។

សម្តេចតេជោ បានបន្ថែមថា ថ្នាក់ដឹកនាំអាស៊ាន ក៏បានស្វាគមន៍ចំពោះ របាយការណ៍នគរូបនីយកម្មអាស៊ាន ប្រកបដោយ ចីរភាព ដែលនឹងពង្រឹងចំណេះដឹងទៅលើនិន្នាការនគរូបនីយកម្ម ប្រកបដោយចីរភាព ទូទាំងតំបន់អាស៊ាន និង ផ្សារភ្ជាប់យុទ្ធសាស្ត្រនគរូបនីយកម្មអាស៊ាន ប្រកបដោយចីរភាព ទៅនឹងគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព និង របៀបវារៈអភិវឌ្ឍទីក្រុងថ្មី។ សម្តេចតេជោសង្ឃឹមថា កិច្ចពិភាក្សាទី២ នឹងផ្តល់ឱកាសល្អៗ សម្រាប់ឱ្យភាគីពាក់ព័ន្ធទាំងអស់ពិភាក្សាលើ បញ្ហាប្រឈម និង កាលានុវត្តភាពនៃនគរូបនីយកម្ម ប្រកបដោយចីរភាព ក្នុងតំបន់អាស៊ាន ។

សំឡេង « បណ្តាញទីក្រុងឆ្លាតអាស៊ាន (ASCN) ដែលត្រូវបានបង្កើតឡើងនៅក្នុង ឆ្នាំ២០១៨ បាន និង កំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការឈានទៅសម្រេចនូវចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥ ផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និងផែនការការងារលើកទី៣ ស្ដីពីគំនិតផ្តួចផ្តើម សម្រាប់សមាហរណកម្មអាស៊ាន និង ការប្ដេជ្ញាសម្រេចឱ្យបាននូវរបៀបវារៈអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ និង របៀបវារៈអភិវឌ្ឍទីក្រុងថ្មី។ ក្របខណ្ឌបណ្តាញទីក្រុងឆ្លាតអាស៊ាននេះ បានជំរុញការអនុវត្ត ផែនការសកម្មភាពទីក្រុងឆ្លាត (SCAPs) និងបានសម្រួលដល់ការអភិវឌ្ឍថ្នាលបច្ចេកវិទ្យាព័ត៌មាន និង ឧបករណ៍វិនិយោគទីក្រុងឆ្លាតអាស៊ាន តាមរយៈការផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍ ការពង្រឹងភាពជាដៃគូ និងការផ្សារភ្ជាប់គម្លាតផ្នែកធនធាន »៕IMG_20221202_113821_499IMG_20221202_113819_546IMG_20221202_113831_256IMG_20221202_113832_328IMG_20221202_113832_328

Comments

Related posts