រដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចនៅមូលដ្ឋាន

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០២.១២.២០២២

 

  រដ្ឋបាលថ្នាក់ក្រោមជាតិនៃព្រះរាជាណាចក្រកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចនៅមូលដ្ឋាន ដែលនឹងរួមចំណែកធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យនៃកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ និងកម្មវិធីជាតិដំណាក់កាលទី២របស់រាជរដ្ឋាភិបាលឆ្នាំ២០២១-២០៣០ ។

ថ្លែងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំពេញអង្គ"វេទិកាអភិបាលក្រុងអាស៊ាន និង កិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន ២០២២” នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ចក្ខុវិស័យនៃកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ និងកម្មវិធីជាតិដំណាក់កាលទី២របស់រាជរដ្ឋាភិបាលឆ្នាំ២០២១-២០៣០ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបាននូវសេវាសាធារណៈ ផលប្រយោជន៍ពីសេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយបរិយាប័ន្ននិងសមធម៌សង្គម ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានរៀបចំនូវប្រព័ន្ធគ្រប់គ្រង ហើយរដ្ឋបាលខេត្ត ក៏ត្រូវរៀបចំជាប្រព័ន្ធគ្រប់គ្រងតាមបែបរដ្ឋបាលតំបន់ ដែលមានតួនាទីសំខាន់នៅក្នុងការអនុវត្តមុខងារមួយចំនួន។

ឯកឧត្តមបានបន្តថា ចំពោះរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នឹងត្រូវរៀបចំតាមប្រព័ន្ធគ្រប់គ្រងបែបរដ្ឋបាលមូលដ្ឋាន ដែលមានតួនាទីសំខាន់នៅក្នុងការផ្តល់សេវាសាធារណៈចាំបាច់មួយចំនួន ដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋ ។

ឯកឧត្តមបានបន្តទៀតថា ឈរលើបទពិសោធន៍និងចក្ខុវិស័យមួយចំនួន រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ តួនាទីដ៏សំខាន់របស់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា នឹងត្រូវបានមើលឃើញកាន់តែច្បាស់ថែមទៀត តាមរយៈការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយទទួលបានលទ្ធផលដ៏ត្រចះ ត្រចង់ ដែលធ្វើឱ្យកម្ពុជាមាន ឱកាសមកជួបជុំគ្នានៅក្នុងការ រៀបចំវេទិកាដោយផ្ទាល់ នាឱកាសដ៏ថ្លៃថ្លានេះ ។

សំឡេង ៖ « រួមជាមួយគ្នានេះ រដ្ឋបាលថ្នាក់ក្រោមជាតិនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមនៅក្នុងការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ ក្រោយពីការរាតត្បាតនៃជំងឺកូវីដ១៩ តាមរយៈការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រនិងជនងាយរងគ្រោះ ដោយសារជំងឺកូវីដ១៩ ដើម្បីទទួលបាននូវការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែពីរាជរដ្ឋាភិបាល ។ ហើយរដ្ឋបាលមូលដ្ឋានក៏បានបង្កនូវភាពអនុគ្រោះនានាដល់ប្រជាពលរដ្ឋ ដើម្បីពួកគេមាន លទ្ធភាពគ្រប់គ្រាន់នៅក្នុងការស្ដារសេដ្ឋកិច្ចគ្រួសាររបស់ខ្លួនឡើងវិញ ក៏ដូចជាការជួយ សង្គ្រោះប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗទៀតផង » ។ 

ឯកឧត្តមបានបន្ថែមទៀតថា ទោះបីជាយ៉ាងណាក៏ដោយ វិធានការនៃការឆ្លើយតបនិងដោះស្រាយបញ្ហាប្រឈមនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងរដ្ឋបាលតំបន់និងរដ្ឋបាលមូលដ្ឋាន ក្នុងការលើកកម្ពស់ជីវភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ត្រូវបានធ្វើឡើងប្រកបដោយស្នាមញញឹម បត់បែន បុរេសកម្ម នវានុវត្តន៍ឱ្យស្របទៅនឹងបរិការណ៍នៃបដិវត្ដន៍ឧស្សាហកម្មទី៤នៃសម័យឌីជីថល ៕IMG_20221202_161753_583IMG_20221202_154810_020IMG_20221202_154808_541IMG_20221202_154806_460IMG_20221202_154803_023IMG_20221202_154753_070

Comments

Related posts