អភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ពិភាក្សាជាក្រុម ផ្តោតលើការបន្ស៊ីរវាងផែនការអភិវឌ្ឍន៍ប្រកបដោយ ចីរភាពនៅក្នុងទីក្រុង និងរដ្ឋបាលមូលដ្ឋានអាស៊ាន

វិទ្យុជាតិកម្ពុជា

 

ភ្នំពេញៈ ការអនុវត្តន៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្រិតមូលដ្ឋានជាប្រធានបទសំខាន់ ក្នុងកិច្ច ពិភាក្សានៃវេទិកាអភិបាលក្រុងអាស៊ាន AMF និងកិច្ចប្រជុំ អភិបាលរាជធានី រដ្ឋធានីអាស៊ាន MGMAC ឆ្នាំ២០២២ ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការ និងការអនុវត្តន៍គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដែលបន្ស៊ីគ្នារវាងផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងទីក្រុងនៅកម្រិតនីមួយៗ និងកម្រិតតំបន់ ក៏ដូចជា នៅរដ្ឋបាលមូលដ្ឋានអាស៊ាន។

  កិច្ចពិភាក្សានេះបានធ្វើឡើងនៅរសៀលថ្ងៃទី២ ខែធ្នូ ដែលដឹកនាំដោយលោកឡុង ឌីម៉ង់ អភិបាលរងខេត្ត ព្រះស៊ីហនុ និងលោកស្រី Madelaine Alfelor Gazman អតីតអភិបាលខេត្តអ៊ីរីហ្គា នៃប្រទេសហ្វីលីពីន និងជាទូតឆន្ទៈនៃសមាគមន៍ UCLG ASPAC ។

ជាកិច្ចចាប់ផ្តើមនៃកិច្ចពិភាក្សានេះ លោកឡុង ឌីម៉ង់ បានលើកឡើងអំពីសក្តានុពលដែលខេត្តព្រះសីហនុ មានស្រាប់ ហើយខេត្តព្រះសីហនុគឺជាខេត្តមួយដែលមានការយកចិត្តទុកដាក់ច្រើនដូចបណ្តា រាជធានី ខេត្តដទៃទៀត ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ លោកបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលខេត្តព្រះសីហនុបានពង្រីកមុខមាត់ខ្លួនឯងឲ្យកាន់តែទំនើបកាន់តែឆ្លាតវៃតាមរយៈការដាក់ចេញនូវ យុទ្ធសាស្រ្តអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិឥតឈប់ឈរលើគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការ ផ្តល់ឱកាសលើវិនិយោគិនបរទេសមកបណ្តាក់ទុន ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិវីរុសឆ្លងសកលកូវីដ១៩ដែលបានពន្យារពេលនៃវឌ្ឍនភាពរបស់ខ្លួន ដើម្បីសម្រេច SDGs ឬ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោកបានឱ្យដឹងថា កិច្ចពិភាក្សាមានការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក លើការបន្ស៊ីគ្នាងរវាង ផែនការ យុទ្ធសាស្រ្តអភិវឌ្ឍទីក្រុងនីមួយៗ រួមទំាងបញ្ហាប្រឈមដែលបានកើតឡើង ហើយធ្វើការ ប្រៀបធៀប ទៅនឹងអ្វីដែលបានដាក់ចេញដោយអង្គការសហប្រជាជាតិ ដែលឆ្លើយតបទៅនឹងកម្រិតណាមួយ ដើម្បីដោះស្រាយឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។ លោកបានបន្ថែមថា ការអនុវត្តន៍ផែនការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិនេះ មានសារៈសំខាន់ណាស់ ដើម្បីធ្វើយ៉ាងណាឆ្លើយតបឱ្យចំគោលដៅដែលបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋជាក់ស្តែង។

លោកបន្តថា ចំពោះមតិយោបល់និងបទពិសោធន៍ដែលបានលើកឡើងនៅក្នុងកិច្ចពិភាក្សានេះ នឹងត្រូវ យកទៅបញ្ជូលក្នុងសេចក្តីថ្លែងការណ៍រួម នៅក្នុងវេទិកាអភិបាលក្រុងអាស៊ាន និង កិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន ២០២២” នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២។

សូមបញ្ជាក់ថា វេទិកា AMF និងកិច្ចប្រជុំ MGMAC ឆ្នាំ២០២២នេះ បានរៀបចំឱ្យមានក្រុមពិភាក្សា ចំនួន៥ក្រុម ដែលកិច្ចពិភាក្សាទី១ ផ្តោតលើ ការធ្វើហិរញ្ញប្បទានគម្រោងដែលមានចីរភាពដើម្បីការអភិវឌ្ឍ ទីក្រុង កិច្ចពិភាក្សាទី២ ការអនុវត្តន៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្រិតមូលដ្ឋាន កិច្ចពិភាក្សា ទី៣ អភិបាលកិច្ចឌីជីថល ទី៤ នគរូបនីយកម្មអាស៊ានប្រកបដោយចីរភាព និងទី៥ ភាពធន់នឹងអាកាសធាតុ ក្នុងទីក្រុង និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅក្នុងតំបន់អាស៊ាន៕IMG_20221202_214952_003IMG_20221202_214935_992IMG_20221202_214940_410IMG_20221202_214938_676

Comments

Related posts