រាជធានីភ្នំពេញនិងរដ្ឋធានីវៀងចន្ទ ជំរុញកិច្ចសហការ រវាងទីក្រុងទាំងពីរឲ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត 

វិទ្យុជាតិកម្ពុជា

 

ភ្នំពេញ៖ រាជធានីភ្នំពេញនិងរដ្ឋធានីវៀងចន្ទ បានជំរុញ ទំនាក់ទំនងការទូតរវាងទីក្រុងទាំងពីរឲ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត ដើម្បីបម្រើផលប្រយោជន៍ឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

  ការជំរុញនេះបានធ្វើឡើង នៅរសៀលថ្ងៃ ទី០៣ ខែធ្នូ ឆ្នាំ២០២២ ក្នុងជំនួបពិភាក្សាទ្វេភាគីរវាងឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម  អាត់សាផានថង ស៊ីផានជូន អភិបាលរដ្ឋធានីវៀងចន្ទ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។ 

   ក្នុងឱកាសនោះ ភាគីទាំង២ បានផ្លាស់ប្ដូរមតិយោបល់ និងពិភាក្សាលើកិច្ចការផ្សេងៗទៀត ដូចជា ត្រួតពិនិត្យលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានីវៀងចន្ទ និងរាជធានីភ្នំពេញ ការគ្រប់គ្រងទេសចរណ៍ រដ្ឋបាលទីក្រុង និងពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុផងដែរ។

   ឯកឧត្ដម  ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមាន ប្រសាសន៍លើកឡើងថា ៤០ឆ្នាំមុន រាជធានភ្នំពេញ ជាទីក្រុងខ្មោច តែក្រោយពេលរំដោះប្រទេសជាតិ ដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានធ្វើឲ្យទីក្រុងមួយនេះមានការអភិវឌ្ឍរីកចម្រើន ដែលយើងបាន ឃើញស្រាប់នៅពេលនេះ ។ ក្រោមសន្តិភាព ជាង២០ឆ្នាំ រាជធានីភ្នំពេញមានរចនាសម្ព័ន្ធ មានការអភិវឌ្ឍលើគ្រប់វិស័យ ដែលនេះបង្ហាញឲ្យឃើញពីតម្លៃនៃសន្តិភាព។

    ឯកឧត្ដមក៏បានបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ បានគ្រប់គ្រងបានយ៉ាងល្អទាំងសន្តិសុខទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ។ប៉ុន្តែទោះបី ជាមានការរីក ចម្រើនយ៉ាងណាក្តី បញ្ហាប្រឈម ក៏នៅកើតមាន ដែលតម្រូវឲ្យអាជ្ញាធររាជធានីភ្នំពេញ ធ្វើការដោះស្រាយ ពិសេស ការកកស្ទះចរាចរ បញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែន យើងបានដោះស្រាយជាបន្តបន្ទាប់ ដោយការកសាង ស្ពានអាកាសជាច្រើនកន្លែង ហើយយើង ក៏នៅតែដកស្រង់មកពិសោធន៍ពីបណ្ដា រាជធានី រដ្ឋធានីរបស់គេផ្សេងទៀត សំដៅធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។

ឯកឧត្តម  អាត់សាផានថង ស៊ីផានជូន អភិបាលរដ្ឋធានីវៀងចន្ទ ក្នុងឱកាសនោះក៏បានសំដែងនូវការកោត សរសើរ ចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបានរៀបចំកិច្ចប្រជុំអាស៊ានក្រុងអាស៊ាននេះទទួលបានជោគជ័យ។បន្ថែមពីនេះរដ្ឋបាលរាជធានីភ្នំពេញបានគ្រប់គ្រងការទប់ស្កាត់នូវការរីករាលជំងឺ covid 19 បានយ៉ាងល្អ រហូតទទួលបានការកោតសរសើរពីឆាក

អន្តរជាតិ។ 

   ឯកឧត្តម អាត់សាផានថង ស៊ីផានជូន ក៏បានលើកឡើងពីការអភិវឌ្ឍរីកចម្រើនមួយ ចំនួននៅក្នុងរដ្ឋធានីវៀងចន្ទ ដោយរដ្ឋធានីនេះ បានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាមួយការពង្រីកនូវវិស័យទេសចរណ៍ ពង្រីកការដឹក ជញ្ជូនជាដើម។ ឯកឧត្តមចង់ឲ្យមានការផ្លាស់ប្ដូរបញ្ជូនអាហារូបករណ៍ដល់និស្សិតនៃទីក្រុងទាំងពីរឲ្យបានសិក្សានៅប្រទេសឡាវ ក៏ដូចជានិស្សិតឡាវមកសិក្សានៅរាជធានីភ្នំពេញ និងការសូមឲ្យទំនាក់ទំនង រវាងរាជធានីភ្នំពេញនិងរដ្ឋធានីវៀងចន្ទកាន់តែល្អប្រសើរមួយកម្រិតថែមទៀត ដើម្បីបម្រើឲ្យផលប្រយោជន៍នៃប្រជា ជាតិទាំងពីរ ។ បន្ថែមពីនេះ ឯកឧត្តមអភិបាលរដ្ឋធានីវៀងចន្ទ ក៏បានអញ្ជើញឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ដឹកនាំប្រតិភូរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីវៀងចន្ទនៅពេលខាងមុខនេះ។ ចំពោះការស្នើឡើងជុំវិញការផ្លាស់ប្ដូរអាហារូបករណ៍និស្សិតទៅសិក្សានៅប្រទេសឡាវ និងនិស្សិតឡាវមកសិក្សានៅរាជធានីភ្នំពេញ អភិបាលរាជ ធានីភ្នំពេញបានឯកភាព ។ចំណែកការអញ្ជើញឯកឧត្ដម ឲ្យដឹកនាំប្រតិភូរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីវៀងចន្ទ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា នឹងរៀបចំប្រតិភូ ទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីវៀងចន្ទ នៅក្នុងពេល វេលាសមស្របមួយ៕IMG_20221203_195517_838IMG_20221203_195520_045IMG_20221203_195540_247IMG_20221203_195520_045-1

Comments

Related posts