រាជរដ្ឋាភិបាល នៅតែដឹងគុណចំពោះបុព្វការីជន ថ្នាក់ដឹកនាំ យុទ្ធជន យុទ្ធនារី និងអ្នកសេ្នហាជាតិគ្រប់ជំនាន់ ដែលបានតស៊ូពុះពារធ្វើពលិកម្មប្រកបដោយវីរភាពនៅគ្រប់ដំណាក់កាល

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៨ ០១ ២០២៣

ភ្នំពេញ ៖ រាជរដ្ឋាភិបាល នៅតែដឹងគុណចំពោះបុព្វការីជន ថ្នាក់ដឹកនាំ យុទ្ធជន យុទ្ធនារី និងអ្នកសេ្នហាជាតិ គ្រប់ជំនាន់ ដែលបានតស៊ូពុះពារធ្វើពលិកម្មប្រកបដោយវីរភាពនៅគ្រប់ដំណាក់កាល ដើម្បីជាតិមាតុភូមិ ដែលជាគំរូសម្រាប់នាយទាហានបន្តវេនជំនាន់ក្រោយ។

ថ្លែងក្នុងពិធីសម្ពោធ ទីលានផ្នូរយុទ្ធជនពលីជីវិតនាសម័យសង្គ្រាម នៅខេត្តកោះកុង ស្ថិតក្នុងសង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ទោះប្រទេសជាតិមានការ អភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យយ៉ាងណាក្តី ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជានៅតែដឹងគុណជានិច្ចចំពោះ បុព្វហេតុ លះបង់គ្រប់បែបយ៉ាងរបស់បងប្អូនជនរួមជាតិទាំងអស់ តាមរយៈការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ នូវអតីត យុទ្ធជនជារៀងរាល់ឆ្នាំ ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់វីរៈយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិទាំងឡាយ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលបានពលីកម្ម អាយុជីវិតក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រជាជនកម្ពុជារួចផុតពីរណ្តៅមរណៈ នៃរបបសាហាវយង់ឃ្នង ប៉ុលពត ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ពលីកម្មប្រកបដោយស្មារតីស្នេហាជាតិ របស់យុវជន យុវនារី នូវគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការការពារបូរណភាពទឹកដី ការកសាង សុខសន្តិភាពនិងស្ថិរភាពសង្គម  សំដៅធានាឱ្យមានការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ជាមាតុភូមិនិងប្រជាជន។
សំឡេង « ខ្ញុំសូមយកឱកាសដ៏ឧត្តមឧត្តុងនេះ សូមលំឱនកាយសម្រួលចិត្តគោរពដួងវិញ្ញាណក្ខន្ធ បុព្វបុរស យុទ្ធជន យុទ្ធនារី កុលបុត្រ កុលធីតាខ្មែរ អ្នកស្នេហាជាតិគ្រប់រូប គ្រប់ជំនាន់ដែលបានបូជាជីវិត ដើម្បី បុព្វហេតុជាតិមាតុភូមិកម្ពុជា ជាទីស្នេហានៃយើង និងបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ប្រទេស ជាតិ នៃប្រជាជនកម្ពុជា តាមរយៈចលនាតស៊ូនិងការបំពេញភារកិច្ចគ្រប់បែបយ៉ាង ឆ្លងកាត់គ្រប់ដំណាក់កាល ជាប្រវត្តិសាស្ត្រ រហូតឈានទៅសម្រេចបានសមិទ្ធផលធំៗជាច្រើនរបស់ប្រទេសជាតិ។ ថែរក្សាការពារបានរឹងមាំនូវសុខសន្តិភាព អធិបតេយ្យ ឯករាជ្យជាតិនិងការវិវត្តន៍ដូចសព្វថ្ងៃនេះ និងសូមបួង សួងឱ្យដួងវិញ្ញាណក្ខន្ធអ្នកទាំងអស់បានទៅកាន់សុគិតភពជារៀងរហូត »។
ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ សាងសង់ បានឱ្យដឹងដែរថា ការសាងសង់ទីលានផ្នូរយុទ្ធជនពលីនាពេលនេះ គឺជាកិច្ចតបស្នងសងគុណ យុទ្ធមិត្ត ជានាយទាហាន ពលទាហាន ដែលបានលះបង់ អាយុជីវិតក្នុងសម័យសង្គ្រាម ដើម្បីបូរណភាព ទឹកដី ការពារប្រទេសជាតិ មាតុភូមិ និងការពារអាយុជីវិតប្រជាពលរដ្ឋ ដើម្បីឈានទៅរកសន្តិភាពជូន ប្រទេសជាតិ ការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋជាដើម។
នាយឧត្តមសេនីយ៍ យន្ត មីន បានគូសបញ្ជាក់ថា ពេលដែលពួកគាត់លះបង់ជីវិត ពេលនោះប្រទេសជាតិនៅ ក្រខ្សត់លំបាកណាស់ ស្លាប់ពុំបានធ្វើបុណ្យទានឱ្យសមរម្យនោះទេ ដូច្នេះដល់ពេលនេះស្រុកទេសមាន សន្តិភាព មានការរីកចម្រើន ពលរដ្ឋមានភាពរីករាយ សម្បូររសប្បាយ បានជាសម្តេចឱ្យគិតគូរធ្វើជូនសព ដែលបានពលីជីវិត។
នាយឧត្តមសេនីយ៍ យន្ត មីន បានលើកឡើងថា ដោយសារតែមានការលះបង់ជីវិតរបស់អតីតយុទ្ធជន ពលីនេះហើយ ដែលជាចំណែកមួយធ្វើឱ្យខេត្តកោះកុង និងប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ពេញលេញដូចពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា និងឥស្សរជនផ្សេងៗទៀតជាដើម។
គួរជម្រាបថា ទីលានផ្នូរសពអតីតយុទ្ធ នៅខេត្តកោះកុងនេះ គឺបានសាងសង់ឡើងតាមរចនាបទខ្មែរ សុទ្ធសាធ ទាំងកូនកាត់បែបបុរាណនិងសម័យ បន្ថែមពីនេះក្រុមការងារជំនាញបានកែលម្អបន្ថែមទៀត នូវរចនាបទអង្គរ ហើយប្រវត្តិទីតាំងនេះបានដាក់សាកសពយុទ្ធពល ដែលពលីជីវិត ដើម្បីបូរណភាពទឹកដី នេះ តាំងពីខែកក្កដា ឆ្នាំ១៩៧៩មកម្ល៉េះ។
គួររំលឹកដែរថា ទីលានផ្នូរយុទ្ធជនពលី ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៕photo_2023-01-17_20-04-48photo_2023-01-17_20-04-47photo_2023-01-17_20-04-53

Comments

Related posts