មន្ទីរពេទ្យជាតិតេជោសន្ដិភាព នឹងក្លាយជាមន្ទីរពេទ្យធំជាងគេនៅកម្ពុជា

វិទ្យុជាតកម្ពុជា ៖ យី វិច្ឆិកា ១៩ ០១ ២០២៣

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មន្ទីរពេទ្យជាតិតេជោសន្ដិភាព នឹងក្លាយជាមន្ទីរពេទ្យធំជាងគេនៅកម្ពុជា ដែលបំពាក់គ្រែ សម្រាប់អ្នកជំងឺជិត១ម៉ឺនគ្រែ។
ថ្លែងក្នុងឱកាសពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» និងសំណេះ សំណាលជាមួយកម្មករសំណង់ នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះប្រមាណ ១,២០០ នាក់ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៣នេះ នាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្តេចេតជោ ហ៊ុន សែន បានមាន ប្រសាសន៍ថា មន្ទីរពេទ្យជាតិតេជោសន្ដិភាព ដែលបាននិងកំពុងសាងសង់នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នឹងក្លាយជាមន្ទីរពេទ្យធំជាងគេក្នុងប្រទេសកម្ពុជា ដោយបំពាក់គ្រែ សម្រាកព្យាបាលរហូតដល់ជិត១ម៉ឺនគ្រែ និងបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗច្រើនផងដែរ។
សម្តេចតេជោបានបញ្ជាក់ថា មន្ទីរពេទ្យជាតិតេជោសន្តិភាព សាងសង់ឡើង ដើម្បីត្រៀមឆ្លើយតប នឹងជំងឺរាតត្បាតផ្សេងៗ ខណៈដែលការសាងសង់មន្ទីរពេទ្យនេះ បន្ទាប់ពីកម្ពុជា បានទទួលការ វាយប្រហារធ្ងន់ធ្ងរពីជំងឺកូវីដ១៩ កាលពីពេលកន្លងទៅ ។
សម្តេចតេជោ ក៏បានថ្លែងនូវការកោតសរសើរចំពោះអ្នកគូសប្លង់និងក្រុមហ៊ុនសាងសង់ ដែលរបៀប នៃការ សាងសង់អាចដោះស្រាយបាននូវគ្រប់បញ្ហា។ បន្ថែមពីនោះទៀត សម្តេចតេជោ គិតថា ជាចក្ខុវិស័យ នៃរបៀបសាងសង់បែបទំនើបដែលមានអាគារ មានបរិយាកាសល្អ មានពន្លឺគ្រប់គ្រាន់ ផ្តល់ឱ្យអ្នកកំដរ អ្នកជំងឺនិងអ្នកជំងឺផ្ទាល់អាចអង្គុយលេងនៅខាងក្រៅបន្ទប់បានផងដែរ។ 
សំឡេង « សមត្ថភាពនៅទីនេះ ទទួលរហូតទៅដល់ជិត ១ម៉ឺនគ្រែ ដែលអាចចាត់ទុកថា ជាមន្ទីរពេទ្យ បើនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺមន្ទីរពេទ្យនេះធំជាងគេបង្អស់ ហើយវាស្មើនឹង បើនិយាយ ពីមន្ទីរពេទ្យខ្មែរ-សូវៀត គឺមានចំនួនសមត្ថភាពទទួលបានអ្នកជំងឺនៅទីនេះ គឺស្មើនឹង ១០ដង នៃចំនួនមន្ទីរពេទ្យខ្មែរ-សូវៀត។ ប៉ុន្តែបើនិយាយពីមន្ទីរពេទ្យទាំងអស់ក្នុងក្រុងភ្នំពេញ តាមឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល យើងមានសមត្ថភាពទទួលត្រឹមតែ៥ពាន់នាក់តែប៉ុណ្ណោះ ប៉ុន្តែមន្ទីរពេទ្យមួយនេះ យើងមានសមត្ថភាពទទួលជិត១ម៉ឺននាក់ គឺ៩៤៩៦ គ្រែដែលមានសមត្ថភាព សម្រាប់ទទួលអ្នកជំងឺ »។
សូមជម្រាបថា «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» មានចំនួន ១១អគារ ដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់ (E) មានទំហំ ៧,៤៨០ ម៉ែត្រការ៉េ, អគារព្យាបាលកម្រិតធ្ងន់ (H1និង H2) មានគ្រែសរុបចំនួន ៥២៧គ្រែ, អគារព្យាបាលកម្រិតស្រាល (H3,H4,H5,H6 និងH7) មានគ្រែសរុប ៨,៩៦៩គ្រែ, គ្រែបុគ្គលិកពេទ្យប្រចាំការមានចំនួន ៤៦គ្រែ និងគ្រែបុគ្គលិកស្នាក់នៅចំនួន ២០៦ គ្រែ, អគារបច្ចេកទេស(T1), អគារបច្ចេកទេស (T2), អគារផ្គត់ផ្គង់និងព័ត៌មាន (A) មានទំហំ ២,៨៣៥ ម៉ែត្រការ៉េ, អគារស្នាក់នៅសម្រាប់បុគ្គលិក (S) មានគ្រែសរុបចំនួន ២៣៤គ្រែ។ ចំណតរថយន្តមានផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែលអាចចតរថយន្តបានចំនួន ២១០គ្រឿង មានសួនច្បារព័ណ៌បៃតងទំហំ ៤,៤៩០ម៉ែត្រការ៉េ។
មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះ ស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC.co,Ltd សហការជាមួយ សាលារាជធានីភ្នំពេញ។ មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ បើកការដ្ឋាន សាងសង់ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២។ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ គ្រោងនឹងបញ្ចប់ការ សាងសង់រួចជាស្ថាពរ និងដាក់ឲ្យដំណើរការជាផ្លូវការ នៅខែមិថុនាឆ្នាំ ២០២៣។
មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជា ដែលនឹងផ្ដល់ នូវសេវាគ្រប់ផ្នែកទាំងអស់ ជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ក្នុងករណីមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ មន្ទីរពេទ្យជាតិដ៏ធំមួយនេះអាចមានលទ្ធភាពទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ដនោះទេ ដោយមន្ទីរពេទ្យនេះបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗ ស្របតាមលក្ខណៈស្តង់ដារ៕photo_2023-01-18_18-00-43photo_2023-01-18_18-00-43 (2)

Comments

Related posts