សម្តេចតេជោ ហ៊ុន សែន ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ទៅលើបុគ្គលណាដែលប្រមាថលើ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ១៩,០១,២០២៣

MC៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាស ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ទៅលើបុគ្គលណាដែលប្រមាថទៅលើគណបក្សប្រជាជនកម្ពុជា និង រាជរដ្ឋាភិបាល ដើម្បីការពារយុតិ្តធម៌ និងភាពស្អាតស្អំរបស់គណបក្សប្រជាជនកម្ពុជា ។    
  ការបញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងពិធី ចុះពិនិត្យដំណើរការ សាងសង់មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» និងសំណេះសំណាលជាមួយកម្មករសំណង់ នៅក្នុងការដ្ឋាន មន្ទីរពេទ្យនេះប្រមាណ ១,២០០ នាក់ នាថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៣នេះ នៅខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ។ សម្តេចតេជោថ្លែងថា  កុំចាត់ទុករឿងអ្វីគឺជារឿងនយោបាយទាំងអស់  ដូច្នេះចាប់ពីថ្ងៃនេះទៅ មិនត្រូវលើកលែងជាដាច់ខាត ចំពោះអ្នកណាដែលប្រមាថមកលើគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ក្នុងនាមសម្តេច ជាប្រធានគណបក្សប្រជាជនកម្ពុជា គឺមិនឱ្យនរណាម្នាក់ប្រមាថមកលើ គណបក្សប្រជាជនកម្ពុជាបាននោះទេ។ សម្តេចតេជោបញ្ជាក់ថា កាលពីម្សិលមិញគណបក្សប្រឆាំង    បានចេញសេចក្ដីថ្លែងការណ៍មួយថា គណបក្សប្រជាជនកម្ពុជាកៀបសង្កត់។ ក្នុងន័យនេះ សម្តេចតេជោ ប្រកាសជាថ្មីព្រមានចាត់វិធានការច្បាប់ រាល់សម្តី ប្រមាថមើលងាយបក្សប្រជាជនកម្ពុជា គឺចាប់ពីក្រោម រហូតដល់លើ ហើយការធ្វើបែបនេះគឺដើម្បីការពារយុតិ្តធម៌ និងភាពស្អាតស្អំរបស់គណបក្ស។ 
   នាឱកាសនោះ សម្តេចតេជោក៏បានណែនាំ ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា  ពិនិត្យសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ដែលចោទថា គណបក្សប្រជាជនកម្ពុជា គំរាមកំហែង បក្សខ្លួន។ សម្តេចក៏បានបញ្ជាឱ្យនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និងផ្នែកពាក់ព័ន្ធ ផ្សេងៗទៀត ពិនិត្យមើល និងមានវិធានការលើក្រុមដែលចូលមកជេរប្រមាថ គណបក្សប្រជាជន និង រាជរដ្ឋាភិបាលឱ្យបានទាន់ពេលវេលា។
សំឡេង៖ «ពាក្យដែលអ្នកឯងធ្លាប់តែចោទថា គណបក្សប្រជាជនលួចសន្លឹកឆ្នោត ល្មមគ្រប់គ្រាន់ដើម្បី បញ្ចប់ហើយ បើអ្នកឯងមិនបញ្ចប់ទេ ខ្ញុំនឹងបញ្ចប់អ្នកឯងតាមផ្លូវតុលាការទាំងអស់។ ដូច្នេះខ្ញុំផ្ដាំទៅអ្នកឯងឱ្យបានច្បាស់ ហើយទោះបីគណបក្សប្រជាជនមានប្រវត្ដិមកពីណាក្ដីក៏ដោយ ក៏អ្នកឯងមិនត្រូវមកប៉ះពាល់នូវកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់គណបក្សប្រជាជននោះទេ។ ដូច្នេះខ្ញុំនឹងធ្វើឱ្យអ្នកឯងមើល ខ្ញុំមិនដែលទៅប៉ះពាល់បក្សរបស់អ្នកឯងនោះទេ ហេតុអ្វីបានជាមក ប៉ះពាល់គណបក្សប្រជាជន សូម្បីតែប្រព័ន្ធគណបក្សប្រជាជន កើតពីណា ទីណា ក៏អ្នកឯងកុំមក ថ្កោលទោស អ្នកឯងស្គាល់លទ្ធិប្រជាធិបតេយ្យគ្រប់គ្រាន់ហើយឬនៅ ចង់ឈ្មោះត្រែតក្ដី ឈ្មោះអាប្រោនក្ដី ចង់ឈ្មោះស្អីក៏ដោយ គឺជារឿងរបស់គេ ឱ្យតែក្រសួងមហាផ្ទៃទទួលស្គាល់គឺជាសិទ្ធិរបស់គេ បើអ្នកឯងចង់ឈ្នះ អ្នកឯងនិយាយតែពីបក្សរបស់ខ្លួនឯងទៅបានហើយ ចាំបាច់មកបង្អាប់គេធ្វើអ្វី។ ប៉ុន្តែខ្ញុំនឹងធ្វើតាមផ្លូវតុលាការដូចដែលខ្ញុំធ្លាប់បាននិយាយរួចមកហើយ គឺជម្រើសមានតែ២គឺជម្រើស ប្រើផ្លូវតុលាការ និងទៅដល់ផ្ទះវ៉ៃតែម្ដង ព្រោះអ្នកឯងនិយាយមិនស្ដាប់។ ហើយអ្នកខ្លះ ចេញទៅក្រៅ ប្រទេសហើយ ហើយមកថ្កោលទោសឯង៧មករាទៀត ដោយក្បាលវាក៏រស់ដោយសារតែ៧មករាដែរ។ ដូចនេះគណបក្សប្រជាជនប្រើសិទ្ធិតាមផ្លូវតុលាការ ដើម្បីការពារយុត្តិធម៌និងការពារភាពស្អាតស្អំ របស់គណបក្ស»៕photo_2023-01-18_18-00-43photo_2023-01-18_18-00-43 (2)

Comments

Related posts