គិតត្រឹមដំណាច់ឆ្នាំ២០២២ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចការសាងសង់ បាន៦៣ភាគរយនៃការងារសរុប

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៩.០១.២០២៣

គិតត្រឹមដំណាច់ឆ្នាំ២០២២ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចការសាងសង់បាន ៦៣ភាគរយ នៃការងារសរុប ខណៈដែលក្រុមហ៊ុនសាងសង់បានធ្វើការប្តេជ្ញាចិត្តខ្ពស់ នឹងសម្រេច ការងារសាងសង់នេះឱ្យបាន៩០ភាគរយ នៅត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣ ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា គិតត្រឹមដំណាច់ឆ្នាំ២០២២ គម្រោងទាំងមូលសម្រេចបាន៦៣ភាគរយ គឺមានភាពយឺតតិចតួចជាងការគ្រោងទុកកាលពីដើមឆ្នាំ ដោយសារតែការរាំងស្ទះនៃការនាំចូលឧបករណ៍ បរិក្ខារសំណង់ពីប្រទេសចិន ដែលបណ្តាលមកពីបញ្ហាជំងឺកូវីដ-១៩ ។ 
ជាមួយគ្នានេះ ក្រុមហ៊ុនបានដាក់ចេញនូវផែនការឆ្នាំ២០២៣ ដោយធ្វើការប្តេជ្ញាចិត្តខ្ពស់នឹងសម្រេច ឱ្យ ការងារសាងសង់នេះឱ្យបាន៩០% នៅត្រឹមដំណាច់ខែមីនា ឆ្នាំនេះ ។ ការងារសាងសង់គម្រោងទាំងមូល គ្រោងនឹងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៣ និងគ្រោងដាក់ឱ្យដំណើរការនៅ ខែតុលា ឆ្នាំ២០២៣ ប្រសិនបើគ្មានអ្វីប្រែប្រួលនោះទេ នេះបើយោងលើកម្មវិធីការងារមេ Updated Master Schedule) ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយដោយ AIAI ) ។
សំឡេង ៖ «ចំពោះព្រលានយន្តហោះខេត្តសៀមរាប គិតត្រឹមដំណាច់ខែ១២ គឺអនុវត្តបានដល់៦៣ភាគរយ ផ្ដោតលើការងាររួម ហើយនិយាយរួមទាំងនេះសម្រេចទៅលើការងារធំៗទៅតាមផ្នែកជាច្រើន» ។
ឯកឧត្តមបានបន្ថែមថា ព្រលានយន្តហោះសៀមរាបថ្មីនេះ ពិតជាអាចទាក់ទាញអ្នកទេសចរជាតិនិង អន្តរជាតិបានច្រើនជាងមុន និងអាចចុះចតយន្តហោះខ្នាតយក្ស ហើយព្រលានយន្តហោះនេះ ក៏មិនធ្វើឱ្យ ប៉ះពាល់ដល់ផ្នែកផ្សេងទៀតនៃបណ្តាសំណង់បេតិកភណ្ឌបុរាណនោះឡើយ។ក្រៅពីនេះ ព្រលានយន្ត ហោះនេះ ក៏នឹងអាចបង្កើតការងារដល់អ្នកផ្តល់សេវាកម្មដឹកជញ្ជូនបានកាន់តែច្រើនផងដែរ ព្រោះព្រលាន យន្តហោះនេះស្ថិតនៅឆ្ងាយពីក្រុងសៀមរាប ។
សូមបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ស្ថិតនៅលើផ្ទៃដីជាង៧០០ ហិកតា ក្នុងស្រុកសូទ្រនិគម ខេត្ដសៀមរាប បានបើកការដ្ឋានសាងសង់កាលពីដើមឆ្នាំ២០២០ ដោយ ក្រុមហ៊ុនឯកជនមកពីប្រទេសចិន ក្នុងទឹកប្រាក់ជិត៩០០លានដុល្លារអាមេរិក ។ នៅពេលសាងសង់រួចរាល់ អាកាសយានដ្ឋាននេះ អាចឱ្យយន្តហោះដឹកអ្នកដំណើរធុនមធ្យមប្រភេទប៊ូអ៊ីង៧៣៧ និងអ៊ែរបឺសA៣២០ ចុះចតបាន ជាមួយក្តីរំពឹងទទួលអ្នកដំណើរឆ្លងកាត់ពី៧ទៅ១០លាននាក់ ក្នុងមួយឆ្នាំ ៕photo_2023-01-18_19-57-42photo_2023-01-18_19-57-37photo_2023-01-18_19-57-34

Comments

Related posts