អាជ្ញាធរស្រុកសៀមប៉ាងសាងសង់រង្វង់មូលថ្មីដើម្បីពង្រីកទីរួមស្រុកឱ្យធំទូលាយ

វិទ្យុជាតិកម្ពុជា៖ លោកគឹម ហឿន

ស្ទឹងត្រែង៖   អាជ្ញាធរស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង ផ្តើមសាងសង់រង្វង់មូលថ្មីដើម្បីពង្រីកទីរួមស្រុកឱ្យធំទូលាយ ប្រយោជន៍ប្រជាពលរដ្ឋមានដីកម្មសិទ្ធិនៅតំបន់នោះបានសាងសង់ គេហដ្ឋានថ្មី ក្នុងពេលដែលពួកគាត់ត្រូវចាកចេញពីជួរមាត់ទន្លេ មករស់នៅតំបន់មានសុវត្ថិភាព  ។
       ក្នុងសកម្មភាពស្ថាបនា រង្វង់មូលថ្មីនៅទីទួលខ្ពស់ក្នុងភូមិផាបាំង ឃុំថ្មកែវ  កាលពីថ្មីៗនេះ លោកផាន់យុតអភិបាលស្រុកសៀមប៉ាងបានបញ្ជាក់ថា អាជ្ញាធរមិនចង់ឃើញគ្រោះធម្មជាតិដោយសារច្រាំងទន្លេសេកុងបាក់នៅខែវស្សាទាញយកផ្ទះប្រជាពលរដ្ឋកំពុងរស់នៅនោះទេ  ទើបអាជ្ញាធរស្រុកសហការគ្នា អភិវឌ្ឍទីតាំងថ្មីសម្រាប់ផ្តល់អាទិភាពជូនបងប្អូនយើងបានមកសាងសង់លំនៅឋានស្នាក់នៅចៀសផុតពីហានិភ័យផ្សេងៗ។
       លោកបន្តថា៖នៅឆ្នាំ២០២៣នេះ នឹងបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបន្ថែមទៀត  ទៅតាមផែនការដែលបានគ្រោងទុក ព្រោះបច្ចុប្បន្នអនុវត្តសម្រេចបានសមិទ្ធផល រួមមានខ្សែផ្លូវបណ្តោយចំនួន២៦ខ្សែ   និងខ្សែផ្លូវទទឹងចំនួន២៨ខ្សែ  និងបានដាក់បង្គោលភ្លើងសូឡាបំភ្លឺតាមដងផ្លូវបានជាង១០០បង្គោល។ បច្ចុប្បន្នមានប្រជាពលរដ្ឋមករស់នៅបានជាង២០%ហើយ ក្នុងចំណោមអ្នកដែលត្រូវចេញពីជួរមាត់ទន្លេ ប្រមាណជិត៣០០គ្រួសារនោះ ។
     លោកស្រីម៉ីដានីនៅភូមិសៀមប៉ាងបានគាំទ្រដល់យន្តការដោះស្រាយនេះព្រោះពេលបានទៅនៅទីតាំងថ្មីការរស់នៅមានសុខសុវត្ថិភាពគ្រប់យ៉ាង   ហើយបងប្អូនយើងបាននៅជួបជុំគ្នាបង្ហាញឱ្យឃើញពីភាពវិវត្តន៍ឱ្យមានភូមិថ្មីមួយនៅក្នុងទីរួមស្រុក  ដែលប្រជាពលរដ្ឋយើងកំពុងចង់បាន។
         ឯកឧត្តមផៃប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាននិងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយខេត្តស្ទឹងត្រែងមានប្រសាសន៍ចាត់ទុកថា ភាពរីកចម្រើមួយថ្មីនេះពិតជាកើតចេញពី អាជ្ញាធរគ្រប់ថ្នាក់ និងប្រជាពលរដ្ឋនៅស្រុកសៀមប៉ាងបានរួមសាមគ្គីគ្នាធ្វើការអភិវឌ្ឍឡើង ដែលយើងអាចនិយាយបានថាមានសន្តិភាពមានអ្វីៗទាំងអស់។
        
     សូមបញ្ចាក់ថា៖ស្រុកសៀមប៉ាងស្ថិតក្នុងចំណោមស្រុកចំនួន៤ ដែល មានចម្ងាយឆ្ងាយពីទីរួមខេត្តស្ទឹងត្រែងជាង១០០គីឡូម៉ែត្រ  ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជំរុញឱ្យរៀបចំអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធនៅទីរួមស្រុក  ក្នុងពេលដែលផ្លូវខ្សែក្រវាត់ព្រំដែនបានសាងសង់ហើយនោះ ៕photo_2023-01-18_21-09-39photo_2023-01-18_21-09-38photo_2023-01-18_21-09-40

Comments

Related posts