រណារយន្តជាង៦ពាន់គ្រឿង ត្រូវបានរឹបអូស ក្នុងបទល្មើសព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី

      រណារយន្តសរុបប្រមាណជាង ៦.៨០០គ្រឿង ត្រូវបានរឹបអូស ក្នុងបទល្មើសព្រៃឈើ នៅតំបន់ជួរភ្នំក្រវាញ នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។
    គំនររណារយន្តដែលរឹបអូសបាននេះ ត្រូវបានស្តុកទុកក្នុងឃ្លាំងនៃទីស្នាក់ការស្រែអំបិល ខេត្តកោះកុង ជាមួយអន្ទាក់ចាប់សត្វព្រៃជាច្រើន បូករួមទាំងកាំភ្លើងកែច្នៃដើម្បីបាញ់ សត្វព្រៃរាប់សិបដើម។
  

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសចុះបំពេញទស្សនកិច្ចស្នាក់ការល្បាត និងទប់ស្កាត់ការកាប់ឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់របស់មន្ត្រីអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ នៅស្រុកស្រែអំបិល ខេត្តកោះកុង  ថ្ងៃទី១៥ ខែឧសភានេះ លោក អេដាដ លេហ្ទឺរ (Eduard Lefter) មន្ត្រីគ្រប់គ្រងផ្នែកច្បាប់នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា រណារយន្តដែលរឹបអូសបានតាំងពីឆ្នាំ២០១២ ដល់បច្ចុប្បន្ននេះ គឺពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់​ដីព្រៃដោយខុសច្បាប់ បទល្មើសលួចកាប់ឈើ និងបទល្មើសធនធានធម្មជាតិផ្សេងទៀត។


    ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខា ធិការ និងអ្នកមន្ត្រីនាំពាក្យក្រសួង បរិស្ថាន អះអាងថា ចំនួនបទល្មើសរណារយន្ត មានការថយចុះច្រើន ហើយចំនួននៃការរឹបអូសបង្ហាញ​ពីប្រសិទ្ធភាពនៃការអនុវត្ត​ច្បាប់​របស់មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងមន្ត្រីនៃអង្គការដៃគូរួមនឹងសហគមន៍តំបន់ការពារធម្មជាតិ។ ឯកឧត្តម  មានប្រសាសន៍ថា រណារយន្តនៅតែជាឧបរកណ៍មួយដែលបំផ្លិចបំផ្លាញព្រៃឈើធម្មជាតិនៅ ក្នុងប្រទេសកម្ពុជា បើទោះបីជាបទល្មើសកាត់បំផ្លាញព្រៃឈើក្នុងរូបភាពប្រើរណារយន្តធំៗដែលមានសមត្ថភាពខ្ពស់ជាងនេះ មិនមានកើតឡើងទៀតនោះឡើយក្តី។


ក្នុងច្បាប់ស្តីពីព្រៃឈើ ដែលព្រះរាជ ក្រមប្រកាសដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០០២បានកំណត់ទោសទណ្ឌចំពោះអ្នកប្រព្រឹត្តបទល្មើសថា បើរូបវន្តបុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តល្មើសព្រៃឈើថ្នាក់ទី១ ត្រូវជាប់​ពន្ធនាគារ​ពី៥ឆ្នាំទៅដល់១០ឆ្នាំ និងត្រូវរឹបអូសវត្ថុតាងទាំងអស់មកជាសម្បត្តិរដ្ឋ ខណៈបទល្មើសព្រៃឈើថ្នាក់ទី២ ត្រូវជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និង ឬត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី១០លានរៀល ទៅ១០០លានរៀល ជាមួយ​វត្ថុតាងទាំងអស់ត្រូវរឹបអូសមកជាសម្បត្តិរដ្ឋ និងបទល្មើសព្រៃឈើថ្នាក់ទី៣ ត្រូវជាប់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ ឬត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី១លានរៀល ទៅ១០លានរៀល និងរឹបអូស​វត្ថុតាង​ទាំងអស់ជាសម្បត្តិរដ្ឋ៕photo_2023-05-15_17-20-19photo_2023-05-15_17-20-14

photo_2023-05-15_17-20-05

Comments

Related posts