វត្តមានអ្នកសារព័ត៌មានជាតិនិងអន្តរជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម គឺមានសារៈសំខាន់បំផុត

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី

ប្រធានគណៈកម្មការព័ត៌មាននិងផ្សព្វផ្សាយ ថ្លែងថា វត្តមានអ្នកសារព័ត៌មានជាតិនិងអន្តរជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះគឺមានសារៈសំខាន់បំផុត ដោយសារតែអ្នកសារព័ត៌មាន បាននាំយកនូវទស្សនីយភាព យ៉ាងស្វិតស្វាញក្នុងការប្រកួត ការតស៊ូ អត់ធ្មត់ ការធ្វើការងារជាក្រុមរបស់អត្តពលិក បង្ហាញទៅកាន់ប្រជាពលរដ្ឋនិងពិភពលោក ។

   កាលពីល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២៣ ក្នុងពិធីសំណេះ សំណាលជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងយកព័ត៌មានក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆាំ្ន ២០២៣ នៅមជ្ឈមណ្ឌល​ព័ត៌មានកណ្ដាល (MPC) ពហុកីឡដ្ឋានជាតិមរតកតេជោ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ និងជាប្រធានគណៈ​កម្មការព័ត៌​មាននិង​ផ្សព្វផ្សាយ បានមានប្រសាសន៍ថា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណជាង២៥០០នាក់ ក្នុងនោះអ្នកសារព័ត៌មានអន្តរជាតិ មានចំនួន​១៣៣៥នាក់ មកពី២៣ប្រទេស ដើម្បីចូលរួមយកព័ត៌មាន និងចុះថតរូបក្នុងព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះ ។


ក្នុងនោះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះបងប្អូនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ដែលបានខិតខំចុះយកព័ត៌មាន ផ្សព្វផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ចាប់តាំងពីមុនពេលព្រឹត្តិការណ៍បើក រហូតមកដល់ពេលនេះ ដែលបានចូលរួមធ្វើព្រឹត្តិការណ៍មួយនេះ កាន់តែកក្រើក និងល្បីល្បាញទូទាំងពិភពលោក ។


សំឡេង ៖  « វាយតម្លៃខ្ពស់ចំពោះបងប្អូនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ដែលបានខិតខំចុះយកព័ត៌មានផ្សព្វផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ចាប់តាំងពីមុនពេលព្រឹត្តិការណ៍រហូតដល់ពេលនេះ វត្តមានបងប្អូនអ្នកសារព័ត៌មានក្នុងព្រឹត្តិការណ៍នេះ គឺមានសារៈសំខាន់បំផុត ព្រោះបងប្អូនអ្នកសារព័ត៌មាននាំយកនូវទស្សនីយភាព ភាពស្វិតស្វាញ ក្នុងការប្រកួតការតស៊ូ អត់ធ្មត់ ការធ្វើការងារជាក្រុមរបស់អត្តពលិក ចែករំលែកក្ដីរំភើប ចំណង់ចំណូលចិត្ត និងស្មារតីប្រកួតប្រជែងពីកីឡាស៊ីហ្គេម ទៅកាន់ទស្សនិកជនទូទាំងពិភពលោក » ។


   ជាងនេះទៅទៀត ឯកឧត្តម ផុស សុវណ្ណ ក៏សូមការអធ្យាស្រ័យនិងយោគយល់ ចំពោះអ្នកសារព័ត៌មានដែលមិនបានចូលរួមកម្មវិធីបើកនិងការប្រកួតកីឡាមួយចំនួន ដោយសារតែទីកន្លែងមានកំណត់ និងបរិមាណអ្នកសារព័ត៌មានមានចំនួនច្រើន និងក្នុងករណីផ្សេងទៀត ចំពោះអ្នកសារព័ត៌មានបានខកខានមិនបានចុះឈ្មោះ ចុះយកព័ត៌មាន ដោយសារការអញ្ជើញមកយឺតយ៉ាវ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមកាលពីថ្ងៃទី៥ ខែឧសភា និងបិទបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ៕

photo_2023-05-15_17-27-09

photo_2023-05-15_14-20-20

photo_2023-05-15_17-27-49

photo_2023-05-15_17-27-55

Comments

Related posts