កម្ពុជាមិនចាត់ទុកប្រទេសណាជាអមិត្តឬជាសត្រូវនោះទេ

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ១៨ ០៩ ២០២៣

d12
 
  MC៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋ មន្ត្រីថ្លែងថា កម្ពុជាមិនចាត់ទុកប្រទេសណាជាអមិត្ត ឬជាសត្រូវ នោះទេ ព្រោះកម្ពុជាជាប្រទេសដែលមានជំហរច្បាស់លាស់នៅលើឆាកអន្តរជាតិ និងគោរពច្បាប់អន្តរជាតិដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃអង្គការសហប្រជា ជាតិ និងធម្មនុញ្ញនៃអាស៊ាន។
     ថ្លែងនៅក្នុងធ្វើសន្និសីទសារព័ត៌ មាន ស្តីពីលទ្ធផលទស្សនកិច្ចផ្លូវ ការនៅចិន របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម តាន់ហ្សង់ ហ្វ្រង់ស្វ័ររដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិមាន ប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជា មានិតចិន គឺមានព័ត៌មានចុះផ្សាយជាបន្តបន្ទាប់ ដែលបានជះផលរំខានមួយចំនួនទៅកាន់បណ្តាប្រទេសមួយចំនួន ប៉ុន្តែទោះជា យ៉ាងណា  កម្ពុជាជាប្រទេសឯករាជ្យ កម្ពុជាជាប្រទេសដែលមានជំហរច្បាស់លាស់នៅលើឆាកអន្តរ ជាតិ កម្ពុជាអនុវត្តនយោបាយការ បរទេសទី១ ដែលឆ្លើយតបទៅនឹងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ហើយឆ្លើយតបទៅនឹងការគោរពអន្តរជាតិ ដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញអង្គការ សហប្រជាជាតិ និងធម្មនុញ្ញនៃអាស៊ាន។  បានន័យថា ប្រទេសកម្ពុជាមិនចាត់ទុកប្រទេសណាថាជាអមិត្ត ឬប្រទេសណាមួយជា
សត្រូវរបស់កម្ពុជានោះទេ ដោយគ្រប់ប្រទេសនៅក្នុងពិភពលោក គឺជាប្រទេសមិត្តរបស់កម្ពុជា។   ឯកឧត្តមបញ្ជាក់ថា ឋិតនៅក្នុងកាលៈទេសៈមួយដែលមិនមែនជាសម័យសង្គ្រាមត្រជាក់នោះទេ ព្រោះនៅក្នុងកាលសម័យសង្គ្រាមត្រជាក់ ប្រសិន បើកម្ពុជាសេពគប់ឬលំអៀងទៅប្រទេសណាមួយ ប្រាដកណាស់ថា ប្រទេសផ្សេង ទៀតមិនពេញចិត្តកម្ពុជា នោះទេ។ ឯកឧត្តមបន្ថែមថា សព្វថ្ងៃនេះទំនាក់ទំនងអន្តរជាតិមិនមែនផ្ដោតទៅលើមនោគមវិជ្ជា ឬទៅលើនយោ បាយសុទ្ធសាធ ដូចកាល សម័យសង្គ្រាមត្រជាក់នោះទេ ដែលសព្វ ថ្ងៃនេះទំនាក់ទំនងអន្តរជាតិ គឺផ្ដោតជាពិសេសទៅលើមូលដ្ឋានសេដ្ឋ កិច្ច មូលដ្ឋានប្រយោជន៍សេដ្ឋកិច្ចជាតិធំ ដែលនាំមកនូវប្រយោជន៍សេដ្ឋកិច្ចពាណិជ្ជកម្ម ដោយអនុញ្ញាតឱ្យប្រជាជាតិកម្ពុជាបន្តអភិវឌ្ឍទៅមុខ ដូចនេះកម្ពុជាក៏មិនរារែកក្នុងការធ្វើទំនាក់ទំនងជាមួយនោះដែរ។
«ទន្ទឹមនឹង កម្ពុជាក៏មិនចាត់ទុកប្រទេសណាជាសត្រូវនោះទេ គ្រាន់តែនៅក្នុងពិភពលោកយើងសព្វថ្ងៃអ្វីដែលសំខាន់នៅក្នុងទំនាក់ ទំនងអន្តរជាតិ មូលដ្ឋានធំ គឺមូល ដ្ឋានប្រយោជន៍ ប្រសិនបើកម្ពុជាមានប្រយោជន៍សម្រាប់ចិន ចិនមានប្រយោជន៍ឱ្យកម្ពុជា នោះទំនាក់ទំនងនឹងបន្តស្អិតល្មួតរលូនទៅមុខបន្តទៀត។ ក៏ប៉ុន្តែ ខ្ញុំលើកឧទាហរណ៍មួយ ដែលនៅប្រទេសលោកខាងលិច ដែលបានចាត់ទុកកម្ពុជា មិននាំមកនូវប្រយោជន៍អ្វីសម្រាប់គាត់ ហើយបើគាត់មិនមានទំនាក់ទំនងជិតស្និទ្ធជាមួយកម្ពុជា នោះកម្ពុជាក៏មិនពិបាកទៅទាក់ទងជាមួយគាត់នោះដែរ ពីព្រោះថាទំនាក់ទំនងអន្តរជាតិមានមូលដ្ឋាននៅលើប្រយោជន៍ មានដែរមនោស ញ្ចេតនា មានដែរមិត្តភាព មានដែរវប្បធម៌រួមដែលអាចទាញប្រទេសទាំងពីរឱ្យខិតចូលជិតគ្នា ក៏ប៉ុន្តែ នេះសុទ្ធសឹងតែជាកត្តាបន្ទាប់បន្សំប៉ុណ្ណោះ។»
  ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបន្ថែមទៀតថា ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា  រយៈពេល ៤ ថ្ងៃមកនេះ ទទួលបានផ្លែផ្កាយ៉ាង ច្រើន ពាក់ព័ន្ធនឹងការជំរុញពាណិជ្ជ កម្ម  និងសេដ្ឋកិច្ច  ខណៈ៧០ភាគ រយភាគីទាំងសងខាង កម្ពុជា  ចិន  បានជជែកគ្នាពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ដើម្បីផ្ដល់ផល ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក៕

Comments

Related posts