ប្រជាពលរដ្ឋកម្ពុជា បង្ហាញការសប្បាយចិត្តបន្ទាប់ពី«រមណីយដ្ឋានប្រាសាទកោះកេរ» បានចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៨.០៩.២០២៣

k1

k4

k3

k2

ប្រជាពលរដ្ឋកម្ពុជា បានបង្ហាញការសប្បាយចិត្តបន្ទាប់ពីរមណីយដ្ឋានប្រាសាទកោះកេរ បានចុះបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ដែលនេះគឺជាការបង្ហាញទៅកាន់ពិភពលោកពីភាពអស្ចារ្យរបស់កម្ពុជា ដែលជាកេរមរតករបស់បុព្វបុរសជំនាន់មុន បន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ ។
លោកស្រី សុម៉ាលីតា ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម បានមាន ប្រសាសន៍ថា បន្ទាប់ពីទទួលដំណឹងថាប្រាសាទកោះកេរ បានចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ លោកស្រីពិតជាមានអារម្មណ៍សប្បាយរីករាយឥតឧបមា ដែលនេះគឺជាប្រវត្តិសា ស្ត្រថ្មីមួយទៀតរបស់កម្ពុជា ក៏ដូច ជាប្រជាជនកម្ពុជាទាំងមូល ដែលអង្គការអន្តរជាតិបានទទួលស្គាល់ពីស្នាដៃដ៏មហស្ចារ្យនៃស្ថាបត្យកម្មខ្មែរ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ។
លោកស្រី បានបន្តថា ការទទួលបានសមិទ្ធផលដ៏ត្រចះត្រចង់ថ្មីមួយទៀតនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្នើសុំចុះបញ្ជី«រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់សម្រាប់ប្រជាជននិងកូនចៅជំនាន់ក្រោយ ។
« សម្រាប់ខ្ញុំគឺពិតជារំភើបនិងសប្បាយចិត្តខ្លាំង ដែលប្រាសាទកោះកេរឬក៏យើងអាចហៅបានថាជារមណីយដ្ឋានបុរាណវិទ្យាកោះកេរ ដែលបានចូលជាបេតិក ភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បើនិយាយទៅគឺ ខ្ញុំជាប្រជា ពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជាគឺពិតជាមានមោទនភាពខ្លាំង» ។
ក្នុងនោះ លោកស្រីក៏បានសំណូម ពរទៅដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តរួបរួមសាមគ្គីគ្នា ថែរក្សា និងបន្ត អភិរក្សសម្បត្តិវប្បធម៌របស់ជាតិ ឱ្យនូវគង់វង្សយូរអង្វែង សម្រាប់បន្សល់ ទុកជូនកូនចៅជំនាន់ក្រោយក្រោយទៀតបានទស្សនា ។
ចំណែកឯលោក សុភា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ក៏បានលើក ឡើងពីអារម្មណ៍សប្បាយរីករាយនិងរំភើបយ៉ាងខ្លាំង ចំពោះការចុះបញ្ជីបេតិកភណ្ឌពិភពលោក នៃ «រមណីយដ្ឋានប្រាសាទកោះកេរ»របស់កម្ពុជា ដើម្បីបង្ហាញទៅកាន់ពិភពលោកឱ្យបានដឹងថាជាសម្បត្តិរបស់ខ្មែរ និងជាស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសជំនាន់មុន ដើម្បីជាផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់មនុស្សជាតិទាំងមូល ។
សូមបញ្ជាក់ថា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានក្លាយជាទិវាប្រវត្តិ សាស្ត្រដ៏សំខាន់មួយទៀតរបស់ជាតិនិងប្រជាជនកម្ពុជាទាំងមូល ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆន្ទចុះ «រមណី យដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាម រយៈសេចក្ដីសម្រេច 45 COM 8B.8 នៅក្នុងសម័យប្រជុំលើកទី៤៥របស់ខ្លួននៅឯទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប់ប៊ីសាអូឌីត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ។ «រមណីយដ្ឋានប្រាសាទកោះកេរ» ស្ថិតនៅក្នុងភូមិកោះកេរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារដែលបានកសាង ក្នុងសតវត្សទី១០ (៩២៨-៩៤៤) ដោយព្រះបាទជ័យវរ្ម័នទី៤៕

Comments

Related posts