ក្រសួងព័ត៌មាននិងអង្គការសហ ប្រជាជាតិប្រចាំនៅកម្ពុជា ប្ដេជ្ញាធ្វើកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ ស្មោះត្រង់តម្កល់ផលប្រយោជន៍រួម

 

វិទ្យុជាតិ កម្ពុជា លោកស្រី ប៉ុង សុភាវី ២០ កញ្ញា ២០២៣

IMG_8308

IMG_8305

IMG_8306

IMG_8309

IMG_8307

Mc: ក្រសួងព័ត៌មាននិងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានប្ដេជ្ញាធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងភាពជាដៃគូ ស្មោះត្រង់ ទៅវិញទៅមក ហើយតម្កល់ផលប្រយោជន៍រួម។
ការ បង្ហាញការប្តេជ្ញារួមគ្នាបែបនេះនៅក្នុងឱកាសឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួបលោក ចូសែហ្វ សូវ័រ អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារជាមួយ  នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន ។

   លោក ចូសែហ្វ សូវ័រ អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិប្រចាំនៅកម្ពុជា បានបញ្ជាក់ពីជំហរធ្វើកិច្ចសហការជាមួយកម្ពុជា ក្នុងនាមអង្គការសហ ប្រជាជាតិ ហើយសម្រាប់ក្របខណ្ឌនៃវិស័យព័ត៌មាន លោកក៏បើកចំហធ្វើកិច្ចសហប្រតិបត្តិការ និងស្វាគមន៍ក្នុងការជួយជំនួយបច្ចេកទេសផ្សេងៗ ដើម្បីឱ្យដំណើរការងាររបស់ក្រសួងព័ត៌មាន បានប្រព្រឹត្តទៅកាន់តែល្អប្រសើរបន្ថែមទៀត ។
  ក្នុងឱកាសនេះដែរ លោក ចូសែហ្វ សូវ័រ បានសំដែងនូវការចូលរួមអបអរសាទរចំពោះ ឯកឧត្តម នេត្រ ភក្ត្រា ដែលត្រូវបានតែងតាំងជា រដ្ឋមន្រ្តីក្រសួងព័ត៌មាន សម្រាប់អាណត្តិទី៧ នេះ ។
   ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានសំដែងនូវអំណរគុណដល់ លោក ចូសែហ្វ សូវ័រ ក្នុងនាមអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដែលបានជួយដល់ប្រទេសកម្ពុជា ក្នុងរយៈពេលកន្លងទៅនេះ ហើយសម្រាប់ទៅពេលខាងមុខទៀត គឺមានកិច្ចសហប្រតិបត្តិការជាច្រើនដែលត្រូវធ្វើជាមួយគ្នា នៅក្នុងក្របខណ្ឌក្រសួងព័ត៌មាន ។
   ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនពីកិច្ចការងារដែលរាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវធ្វើ ជាពិសេសក្នុងក្របខណ្ឌក្រសួងព័ត៌មាន ដោយបានផ្តោតជាសំខាន់ទៅលើការធ្វើ ទំនើបកម្មស្ថាប័ន រដ្ឋបាលទំនើប ពង្រឹងសមត្ថភាពរបស់មន្រ្តី និងការបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ដើម្បីបង្កើនធនធានមនុស្សផ្នែកសារព័ត៌មានឱ្យកាន់តែសំបូរនៅក្នុងប្រទេសកម្ពុជា ។ កិច្ចការងារនេះគឺត្រូវធ្វើចាប់ពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០៥០ ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកសាងប្រទេសកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលខ្ពស់ ជាប្រទេសអភិវឌ្ឍន៍ ។ សម្រាប់វិស័យព័ត៌មាន  ក៏បានផ្តោតជាសំខាន់ទៅលើគុណភាពសារព័ត៌មាន ដែលសំដៅធ្វើយ៉ាងណា ឱ្យការសរសេរអត្ថបទព័ត៌មាន មានគុណភាព សុីជម្រៅ ការផ្សព្វផ្សាយបានលឿនរហ័ស ពិសេសពង្រឹងក្រមសីលធម៍ វិជ្ជាជីវៈដល់អ្នកសារព័ត៌មានឱ្យកាន់តែរឹងមាំ តាមរយៈការរៀបចំឱ្យមានស្តង់ដាប្រតិបត្តិរួមមួយសម្រាប់អ្នកសារព័ត៌មានទាំងអស់អនុវត្តន៍ ប្រកបដោយវិជ្ជាជីវៈ និងមានគុណភាព ដើម្បីការពារដល់អ្នកសារព័ត៌មាន ពិសេសពង្រឹងគុណភាពសារព័ត៌មានឱ្យបានល្អ ផ្តល់អត្ថបទប្រកបដោយខ្លឹមសារ មានផលប្រយោជន៍ដល់អ្នកអាន ។
    ជារួមនៅក្នុងកិច្ចពិភាក្សាការងារនេះដែរ ភាគីទាំងពីរបានប្ដេជ្ញាក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា រវាងក្រសួងព័ត៌មាន និងតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្នុងភាពជាដៃគូ ស្មោះត្រង់ ទៅវិញទៅមក ហើយតម្កល់ផលប្រយោជន៍រួម៕

Comments

Related posts