ការសម្រេចដាក់បញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាការបន្សល់ ទុកកេរមរតកមានតម្លៃមហាសាលសម្រាប់កូនចៅជំនាន់ក្រោយ

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ២០ ០៩ ២០២៣

a1-19

a2-18

a3-19

a4-19
MC៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចាត់ទុកថា ការសម្រេចដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការរបស់អង្គការ យូណេស្កូ គឺជាការបន្សល់ទុកកេរមរតកមានតម្លៃមហាសាលរបស់ដូនតាខ្មែរ សម្រាប់កូនចៅជំនាន់ ក្រោយ។
ថ្លែងក្នុងពិធីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិក ភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់បញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ ជាបេតិកភណ្ឌ ពិភពលោក នៅពេលនេះ គឺបង្ហាញអំពីបញ្ញាញាណដូនតាខ្មែរ ដែលជាបុព្វបុរសដ៏អស្ចារ្យ បានបន្សល់ទុកវប្បធម៌ អរិយធម៌និងសិល្បៈដ៏សំបូរបែបជាពិសេសសំណង់ស្ថាបត្យកម្មប្រាង្គប្រាសាទដ៏វិសេសវិសាលនៅទូទាំងប្រទេសកម្ពុជា សម្រាប់កូនចៅជំនាន់ក្រោយចង់ចាំជាគំរូ រក្សាឱ្យបានគង់វង្សជារៀងរហូត ក្រោមម្លប់ សន្ដិភាព ដែលប្រជាជាតិ និងប្រជាជនខ្មែរគ្រប់ស្រទាប់ត្រូវសាមគ្គីគ្នាថែរក្សា ទប់ស្កាត់ រាល់ភាពវឹកវរ បង្កើត សង្គ្រាម ដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិយើងទាំងបច្ចុប្បន្ន និងអនាគត។
តាមរយៈនេះ  សម្តេចធិបតីបញ្ជាក់ថា  កូនចៅជំនាន់ខ្មែរក្រោយបានចង់ចាំជាគំរូ ហើយរក្សាឱ្យបានគង់វង្សជារៀងរហូត ក្រោមម្លប់សន្ដិភាព ដែលប្រជាជាតិ និងប្រជាជនខ្មែរគ្រប់ស្រទាប់ត្រូវសាមគ្គីគ្នាថែរក្សា ទប់ស្កាត់ រាល់ភាពវឹកវរបង្កើតសង្គ្រាម ដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិយើងទាំងបច្ចុប្បន្ន និងអនាគត។ សម្ដេចធិបតីបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដល់អាទិភាពទៅលើវិស័យវប្បធម៌ដែលជាព្រលឹងជាតិ ជាអត្តសញ្ញាណជាតិ ដែលបាវចនា «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន»។ សម្តេចធិបតីបន្តថា  វប្បធម៌ ផ្ដល់កាលានុវត្តន៍ភាព កិច្ចសន្ទានទូលំទូលាយ ចំណេះជ្រៅជ្រះ ឆ្លុះបញ្ចាំងអត្តសញ្ញាណជាតិ និងតម្លៃ សកល ជាប្រភពបង្កើតគំនិតស្នេហាជាតិ ពង្រឹងសាមគ្គីជាតិ ជាមួយការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយ ចីរភាពតាមទស្សនៈទាន អភិរក្ស ដើម្បីអភិវឌ្ឍន៍ និងអភិវឌ្ឍន៍ ដើម្បីអភិរក្ស ដែលជាគោលការណ៍យុទ្ធ សាស្ដ្រលើកស្ទួយវិស័យសីលធម៌ សិល្បៈ ប្រពៃណីទំនៀមទម្លាប់ ជំនឿសាសនា បេតិកភណ្ឌទាំងរូបីយ៍ និងអរូបីយ៍។
(  កម្ពុជាបានដាក់បញ្ចូលបេតិកភណ្ឌជាតិ ជាបេតិកភណ្ឌពិភពលោក រួមមាន រមណីយដ្ឋានបុរាណវិទ្យាអង្គរ រមណីយដ្ឋានប្រាសាទព្រះវិហារ តំបន់ប្រាសាទសំបូរព្រៃគុក របាំព្រះរាជទ្រព្យ ល្ខោនស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោន ខោល និងក្បាច់គុណល្បុកតោ។ ហើយថ្ងៃនេះបងប្អូនជនរួមជាតិ បានចូលរួមប្រារព្ធពិធីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ដែលត្រូវដាក់បញ្ចូលក្នុងបេតិកភណ្ឌពិភពលោក គឺជាមោទនភាពជាតិមួយថែមទៀតដែលត្រូវចងចាំ)។
សូមជម្រាបថា រមណីយដ្ឋានបុរាណវិទ្យា ប្រាសាទកោះកេរ មានទីតាំងនៅក្នុងខេត្តព្រះវិហារ ដែលជាអតីតរាជ ធានីរបស់ខ្មែរក្នុងសតវត្សរ៍ទី១០ ដែលមានអាយុកាលជាង១ពាន់ឆ្នាំមកហើយ ហើយត្រូវបានកសាង ដោយព្រះបាទជ័យវរ្ម័នទី៤ នៅពេលផ្លាស់ប្តូររាជធានីពីក្រុងអង្គរមកតំបន់កោះកេរ៕

Comments

Related posts