សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបង្ហាញមោទនភាព ចំពោះការដាក់បញ្ចូល សេចក្តីថ្លែងការណ៍វេទិកាយុវជនជាផ្នែកមួយដ៏សំខាន់ នៃសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ២២ ០៩ ២០២៣

a5-21

a8-16

a7-20

a9-14

a6-21

MC៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងថា កិច្ចប្រជុំថ្នាក់ដឹកនាំ លើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍បានដាក់បញ្ចូលសេចក្តីថ្លែង ការណ៍វេទិកាយុវជន ឱ្យទៅជាផ្នែកមួយដ៏សំខាន់នៃសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ ដើម្បីពង្រឹងតួនាទីស្នូល របស់យុវជន និងការបណ្តុះថ្នាលឌីជីថលនឹងបញ្ហាប្រឈមថ្មីជាសកល ពីការប្រែប្រួលអាកាសធាតុ។
ការថ្លែងបែបនេះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ធ្វើឡើងក្នុងពិធី បិទកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ នារសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។
  កិច្ចប្រជុំនេះ បានប្រព្រឹត្តិទៅ រយៈពេលពីថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដែលកាកបាទក្រហម កម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នាឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្ហាញនូវមោទនភាព ដែលកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកា យុវជនលើកទី២ បានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងបរិយាកាសរីករាយឈរលើស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិ បត្តិការ រឹងមាំដើម្បីបំពេញបន្ថែមលើដំណោះស្រាយថ្មី ក្នុងវិស័យមនុស្សធម៌។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះចំណាប់អារម្មណ៍ និងការគូសបញ្ជាក់របស់អគ្គលេខាធិការដ្ឋាន អាស៊ាន, សហព័ន្ធអន្តរជាតិ, អាយ.ស៊ី.អរ.ស៊ី ដែលបានថ្លែងបន្តការគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការ រួមទាំង ពង្រឹងយន្តការដោះស្រាយរួមនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍នេះ ដែលមានគោលដៅចម្បង កសាងសមត្ថភាពសហគមន៍ ឱ្យមានភាពធន់ទៅនឹងគ្រោះមហន្តរាយ។
ក្នុងនោះសមាគមជាតិនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ដែលបានចុះហត្ថលេខារួមគ្នា គឺជាសក្ខីកម្ម នៃការទទួលយក នូវ បណ្តាការងារ ដែលមានដំណោះស្រាយថ្មី ក្នុងការខិតខំប្រឹងប្រែងរួមគ្នា ឆ្លើយតបទៅ នឹងបញ្ហាប្រឈមទាំងឡាយ ដើម្បីទទួលបាននូវផលវិជ្ជមានកាន់តែធំជាងមុន និងការត្រៀមលក្ខណៈរួចជាស្រេច ក្នុងការឆ្លើយតបទៅនឹង គ្រោះមហន្តរាយ  ដែលបច្ចុប្បន្ននេះ កើតមានកាន់តែញឹកញយជាងមុន និងមានភាពធ្ងន់ធ្ងរខ្លាំងជាងមុន និងរួមគ្នា កសាងសហគមន៍ និងសង្គមឱ្យមានភាពធន់ និងប្រកបដោយ បរិយាប័ន្ន។
ក្នុងនាមកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានមោទនភាព ជាមួយនឹងការដាក់បញ្ចូល សេចក្តីថ្លែងការណ៍ វេទិកាយុវជន ឱ្យទៅជាផ្នែកមួយដ៏សំខាន់ នៃសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ, ដែលនេះ គឺជាការគូសបញ្ជាក់ នូវការ ពង្រឹងតួនាទីស្នូលរបស់យុវជន ការបណ្តុះថ្នាលឌីជីថល សម្រាប់ យុវជនចូលរួមលើកស្ទួយការចែករំលែក ចំណេះដឹង, ការផ្លាស់ប្តូរ បទពិសោធន៍ និងគំនិតផ្តួចផ្តើម ច្នៃប្រឌិតថ្មីៗ និងជាការកសាង និងពង្រឹងសមត្ថភាពយុវជនក្នុងការដឹកនាំ, ពង្រីកចំណេះដឹង និងការយល់ដឹងថ្មីៗបន្ថែមទៀត ពាក់ព័ន្ធទៅនឹងបញ្ហាប្រឈមថ្មីជាសកល ដូចជា ការប្រែប្រួល អាកាសធាតុ, បរិស្ថាន, បច្ចេកវិទ្យា និងសុខភាពសាធារណៈជាដើម៕

Comments

Related posts