សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញការពង្រឹងនិងបង្កើនអំណាចកោះប្រជុំនៃប្រព័ន្ធអង្គការសហប្រជាជាតិ ដើម្បីសាមគ្គីភាពសកលឡើងវិញ

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ២៣ ០៩ ២០២៣

a11-7

MC៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន ជំរុញការពង្រឹងនិងបង្កើន អំណាចកោះប្រជុំ នៃប្រព័ន្ធអង្គការសហប្រជាជាតិ ដើម្បីសាមគ្គីភាពសកលឡើងវិញ ខណៈដែលពិភពលោកកំពុងជួប នូវអស្ថិរភាព និងការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។  
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  បានថ្លែងបែបនេះ នៅក្នុងសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហ ប្រជាជាតិ នាថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។  សម្តេចធិបតីបានឱ្យដឹងថា ពិភពលោក កំពុងតែដុនដាប ដោយសង្គ្រាមនៅអ៊ុយក្រែន នឹងផលលំបាកដ៏ធ្ងន់ធ្ងរនៃសង្គ្រាម ដែលសបញ្ជាក់ពីការបាត់បង់ជំនឿ ពីរដ្ឋសមាជិក និង កង្វះទំនុកចិត្តទៅលើពហុភាគីនិយម ក្នុងគោលដៅពង្រីកសមត្ថភាពផ្នែកសន្តិសុខ។
សម្តេចធិបតីបានបញ្ជាក់ថា ក្នុងប្រការនេះបានធ្វើឱ្យធនធានដែលត្រូវការចាំបាច់ដោះស្រាយ ដើម្បីដោះស្រាយផល ប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ និងការខិតខំសម្រេចរបៀបវារៈ ឆ្នាំ២០៣០ សម្រាប់គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព កាន់តែខ្សត់ខ្សោយទៅៗ ការប្រែប្រួលអាកាសធាតុ ក៏គំរាមកំហែងដល់អស្ថិរភាពនៃមនុស្សជាតិផងដែរ។
  សម្តេចធិបតីបានបន្ថែមថា បើគ្មានសកម្មភាពប្រកបដោយមហិច្ឆតានិងបន្ទាន់នោះទេ ពិភពលោកនឹងជួបប្រទះ ការកើនឡើងនៃអត្រាភាពក្រីក្រ ភាពអត់ឃ្លាន ហានិភ័យនៃជំងឺរាតត្បាត និង អស្ថិរភាពដោយជម្លោះ។ ដូច្នេះពេលវេលាចាំបាច់ណាស់ ដើម្បីស្ដារឡើងវិញនូវទំនុកចិត្ត ជាយុទ្ធសាស្ត្រ រវាងប្រជាជាតិទាំងអស់ និងទំនុកចិត្ត ទៅលើប្រព័ន្ធសកល ដោយផ្អែកលើវិធានច្បាប់ ។ ការណ៍នេះតម្រូវឱ្យរដ្ឋទាំងអស់គោរពឱ្យបានពេញលេញនូវច្បាប់ និងបទដ្ឋានអន្តរជាតិ រួមទាំងគោលដៅរួមទាំងគោលការណ៍ ដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
ជាងនេះទៅទៀតសម្តេចធិបតីបន្ថែមថា ត្រូវពង្រឹងនិងបង្កើនអំណាចកោះប្រជុំនៃប្រព័ន្ធអង្គការសហប្រជាជាតិ ដើម្បីជំរុញ សាមគ្គីភាពសកលឡើងវិញ និងកសាងពិភពលោក ដែលមានសន្តិសុខសុវត្ថិភាព និងវិបុលភាពកាន់តែប្រសើរ សម្រាប់ ទាំងអស់គ្នា ហើយអ្វីដែលសំខាន់បំផុតនោះ គឺត្រូវផ្ដោតលើការដោះស្រាយបញ្ហានិងការការពារការរីករាលដាលនៃជម្លោះ ដែលកំពុងកើតមាន។ សម្តេចធិបតីបានថ្លែងថា  កម្ពុជាបានវាយតម្លៃខ្ពស់ ចំពោះរបៀបវារៈថ្មី សម្រាប់សន្តិភាព ប្រកបដោយមហិច្ឆតា សម្រាប់ស្ថិរភាពពិភពលោក និងចក្ខុវិស័យសម្រាប់អនាគតនៃកិច្ចសហប្រតិបត្តិការជាសកល ។ រាជរដ្ឋាភិបាលកម្ពុជា គាំទ្រពេញទំហឹងគំនិតផ្ដួចផ្ដើម របស់ឯកឧត្តមអគ្គលេខាធិការ ស្ដីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព និងការប្រែប្រួលអាកាសធាតុ៥០០ប៊ីលានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំនេះ ដល់ឆ្នាំ២០៣០ ដើម្បីវិនិយោគ លើការអភិវឌ្ឍប្រកបដោយចីរភាព និងសកម្មភាពដើម្បីអាកាសធាតុ នឹងធ្វើឱ្យវឌ្ឍនភាពកន្លងមក សម្រេចគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ត្រឡប់ទៅរកគន្លងដើមនៃវឌ្ឍនភាពឡើងវិញ ស្របតាមកិច្ចព្រមព្រៀងសាមគ្គីភាព អាកាសធាតុ ការបំភាយឧស្ម័ន ស្របតាមគោលការណ៍ការទទួលខុសក្នុងកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន៕

Comments

Related posts