កម្ពុជាបញ្ជាក់សាជាថ្មី ក្នុងការសហការជាមួយបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៣ ០៩ ២០២៣

s1-14

s2-14

ភ្នំពេញ ៖ ឯកឧត្តម អ៊ុច បូររិទ្ធ ទេសរដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជាន់ខ្ពស់ នៃសម័យប្រជុំលើកទី ៧៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពី «ការធានារ៉ាប់រងសុខភាពជាសកល៖ ពង្រីកមហិច្ឆតារបស់យើងសម្រាប់សុខភាព និងសុខុមាលភាពនៅក្នុងពិភពលោកក្រោយជំងឺកូវីដ-១៩» កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីក្រុងញូវយ៉ក ។
នៅក្នុងសុន្ទរកថានោះ ឯកឧត្តម អ៊ុច បូររិទ្ធ បានបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជា ចំពោះ ការធានារ៉ាប់រង សុខភាពជាសកល ដែលជាសសរស្តម្ភដ៏សំខាន់មួយនៃការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តម បានគូសបញ្ជាក់ពីការ បោះជំហានចម្បងៗរបស់កម្ពុជានៅក្នុងប្រព័ន្ធសុខាភិបាល រួមទាំងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងសមត្ថភាព បុគ្គលិកសុខាភិបាល យន្តការការពារហិរញ្ញវត្ថុសម្រាប់គ្រប់គ្នា និងការធ្វើឱ្យប្រសើរនូវការថែទាំសុខភាពបឋម ដោយធានា ថា ៨០% នៃប្រជាជនទាំងអស់ទទួលបានសេវាថែទាំសុខភាពនៅក្នុងរង្វង់ ៥ គីឡូម៉ែត្រ។ គិតត្រឹមឆ្នាំ២០២៣ ប្រទេស កម្ពុជាមានមណ្ឌលសុខភាពចំនួន ១.១៣៦ និងមន្ទីរពេទ្យចំនួន ១២២។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជានៅក្នុងការបង្ការនិងគ្រប់គ្រងជំងឺ ជាពិសេស ការលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២០ និងការសម្រេចបាននូវវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយអត្រា នៃការឆ្លងមេរោគអេដស៍។ កម្ពុជាកំពុងពង្រឹងប្រព័ន្ធតាមដានជំងឺដើម្បីស្វែងរកនិងឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះជំងឺនានាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។
ឯកឧត្តម អ៊ុច បូររិទ្ធ បានបញ្ជាក់សាជាថ្មីអំពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការសហការជាមួយបណ្តាប្រទេសជាសមាជិក អង្គការសហប្រជាជាតិ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធនានា ដើម្បីឈានទៅរកគោលដៅសុខភាព ជាសកលក្នុងពិភពលោកក្រោយពីជំងឺកូវីដ-១៩។ ឯកឧត្ដម បានគូសបញ្ជាក់ថា សុខភាពមិនត្រឹមតែជាគោលដៅ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមូលដ្ឋានគ្រឹះមួយ ដែលអនុញ្ញាតឱ្យយើងអាចកសាងពិភពលោកមួយប្រកបដោយភាពស្មើភាព និងវិបុលភាពជាងមុន៕

Comments

Related posts