រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាអនុវត្តឱ្យស្របតាម អង្គការសហប្រជាជាតិនៃ «ផែនការសង្គ្រោះសម្រាប់មនុស្សជាតិ និងភពផែនដី»

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ២៣ ០៩ ២០២៣

a9-15

MC៖ រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចាត់វិធានការជំរុញបរិវត្តកម្ម ដើម្បីស្របតាមគោលដៅ និងស្របតាមការអំពាវនាវ របស់ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ ចំពោះរដ្ឋសមាជិក ដើម្បីអនុវត្ត «ផែន ការសង្គ្រោះសម្រាប់ មនុស្សជាតិ និងភពផែនដី» ឱ្យកាន់តែប្រសើរ ។
    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  បានថ្លែងបែបនេះ នៅក្នុងសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការ សហប្រជាជាតិ នាថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
  សម្តេចធិបតីបានឱ្យដឹងថា កម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទៀតដែរ នៅមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើ។ ក្នុងនោះកម្ពុជា ក៏មានមហិច្ឆតាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជា ប្រទេសមានចំណូលខ្ពស់ប្រកបដោយភាពរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាពនៅត្រឹមឆ្នាំ២០៥០។
  ក្នុងគោលដៅនេះ និងស្របតាមការអំពាវនាវរបស់ឯកឧត្តម អគ្គលេខាធិការ ចំពោះរដ្ឋសមាជិកដើម្បីអនុវត្ត «ផែនការ សង្គ្រោះសម្រាប់មនុស្សជាតិ និងភពផែនដី» រាជរដ្ឋាភិបាលកម្ពុជា នឹងប្ដេជ្ញាចាត់វិធានការជំរុញបរិវត្តកម្ម តាមរយៈការ ដាក់ចេញយុទ្ធសាស្ដ្របញ្ចកោណ ដែលសម្តេចធិបតីទើបបានប្រកាសជារបៀបវារៈ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ កម្ពុជា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ។ យុទ្ធសាស្ដ្របញ្ចកោណ នឹងចាប់ផ្ដើមអនុវត្តពីដំណាក់កាលទី១ ដោយមានបាវចនា ចំនួន៥ គឺ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព និងកំណត់យកអាទិភាពគន្លឹះ ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ជាពិសេស គឺ«បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តកម្ម ឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។
  សម្តេចធិបតីបានជម្រាបជូនដែរថា គោលដៅចម្បងនៃយុទ្ធសាស្ដ្រនេះ រួមមាន រក្សាចលនការនៃសុខសន្ដិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម និងម្យ៉ាងទៀត កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះ នៃការ អភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងភាពធន់ នៃវិស័យទាំង៥ រួមមាន៖ វិស័យសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ វិស័យមូលធនធានមនុស្ស និងសង្គម និងវិស័យបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីជោគជ័យនៃយុទ្ធសាស្ដ្របញ្ចកោណ។ កម្ពុជានឹងខិតខំពន្លឿនការកែទម្រង់អភិបាលកិច្ច ដើម្បីធានាថា រដ្ឋបាលសាធារណៈដំណើរដោយប្រសិទ្ធភាព និងមានសុចរិតភាពខ្ពស់។ កម្ពុជានឹងការពារឱ្យបានជាដាច់ខាតនូវសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម។ ទន្ទឹមនឹងការ ខិតខំរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្ពុជានឹងពង្រឹង បន្ថែមទៀត នូវភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ហើយបន្ដស្វាគមន៍ការគាំទ្រទាំងឡាយពីប្រទេសដៃគូជាមិត្ត ទាំងផ្នែកបច្ចេកទេស និងហិរញ្ញប្បទាន ដើម្បីជួយឱ្យកម្ពុជាសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ខ្លួន ព្រមទាំងជំរុញសមាហរណកម្មនៅក្នុងតំបន់ និងពិភពលោក។
  កម្ពុជានឹងបន្ដដើរលើមាគ៌ានយោបាយការបរទេសបច្ចុប្បន្ន ដែលឯករាជ្យ អព្យាក្រឹត ផ្អែកលើវិធានច្បាប់ គោរពគ្នា ទៅវិញទៅមក ដោយស្មើភាព និងប្រកាន់ខ្ជាប់គោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ ផលប្រយោជន៍ជាតិ ពង្រឹងមិត្តភាពដែលមានស្រាប់ និងកសាងមិត្តភាពបន្ថែមទៀត៕

Comments

Related posts