រដ្ឋមន្ដ្រីក្រសួងអប់រំ បានគាំទ្រកម្មវិធីសរសេរតាមអាន«សំណេរអង្គរ»

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៣ កញ្ញា ២០២៣

d10-4

d9-4

d8-4

MC ៖ រដ្ឋមន្ដ្រីក្រសួងអប់រំ បានគាំទ្រកម្មវិធីសរសេរតាមអាន«សំណេរអង្គរ» ដើម្បី លើកកម្ពស់កម្រិតអក្សរសាស្ត្រខ្មែរ របស់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេស សិស្ស និស្សិត ក្នុងយុគសម័យឌីជីថល។ ការ គាំទ្ររបស់ ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងឱកាសអនុញ្ញាតទទួលជួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម លីម ប៊ុនហុក អគ្គលេខាធិការរងរដ្ឋសភា កាលពីរសៀលថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម លីម ប៊ុនហុក ក៏បានលើកឡើងនូវគម្រោងមួយស្តីពីការរៀបចំ កម្មវិធី សរសេរតាមអាន «សំណេរអង្គរ» ក្នុងគោលបំណងដើម្បី លើកកម្ពស់កម្រិតអក្សរសាស្ត្រខ្មែររបស់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេស សិស្ស និស្សិត ក្នុងយុគសម័យឌីជីថល ដោយឯកឧត្តមបានស្នើសុំកិច្ចសហការ រៀបចំ គាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីសរសេរតាមអាននេះ នឹងត្រូវរៀបចំឡើងក្នុងទម្រង់ជាការប្រកួតប្រជែងជាសាធារណៈ ហើយក៍ជាមធ្យោបាយមួយ សម្រាប់ទាញយកចំណាប់អារម្មណ៍របស់ សាធារណជនលើសារៈសំខាន់នៃអក្សរសាស្ត្រខ្មែរ ក៏នឹងអនុញ្ញាតឲ្យអ្នកចូលរួម ដោយផ្ទាល់ពង្រីកចំណេះដឹងទូទៅរបស់ខ្លួន លើប្រធានបទដែលជាកម្មវត្ថុនៃសំណេរនេះផងដែរ ។ ជាក់ស្ដែង តាមរយៈ ការប្រកួតសរសេរតាមអាន ដែលមានចំណងជើងថា «សំណេរអង្គរ» អ្នកចូលរួមនឹងទទួលបានចំណេះដឹងទូទៅ ជុំវិញ ប្រវត្តិនៃរមណីយដ្ឋានអង្គរ ដែលមានអាយុកាលជាងមួយពាន់ឆ្នាំមកហើយ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ក៏បានឆ្លើយតបនឹងការស្នើសុំកិច្ចសហការ រៀបចំ គាំទ្រ ខាងលើនេះ នឹងចាត់តាំងមន្ត្រីជំនាញបច្ចេកទេស ក្នុងការងាររៀបចំកម្មវិធី សរសេរតាមអាន៖ «សំណេរអង្គរ» នេះ ឱ្យបានត្រឹមត្រូវ តម្លាភាពតាមបច្ចេកទេស នៃការប្រឡង ដោយមានគណៈកម្មការរៀបចំប្រឡង គណៈកម្មការអនុរក្ស និង គ្រូកំណែ ត្រឹមត្រូវតាមស្តង់ដារដែលបានកំណត់។ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានបន្ថែមទៀតផង ដែរថា សម្រាប់ ប្រធានបទ នឹងដាក់ចេញដោយឯកឧត្តមផ្ទាល់ និងសមស្របតាមកម្រិត លក្ខខណ្ឌ ផ្សេងៗនៃកម្មវិធី ។
    សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំឱ្យមានកម្មវិធីសរសេរតាមអាន«សំណេរអង្គរ» នាពេល ខាង មុខ។ ការគ្រោងរៀបចំកម្មវិធីនេះ គឺដើម្បី លើកកម្ពស់កម្រិតអក្សរសាស្ត្រខ្មែររបស់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេស សិស្ស និស្សិត ក្នុងយុគសម័យឌីជីថល៕

Comments

Related posts