សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពលរដ្ឋច្រើនលើសលប់ចេញទៅបោះឆ្នោត គឺត្រូវការដំណើរប្រជាធិបតេយ្យ មិនត្រូវការសង្គ្រាមនោះឡើយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពលរដ្ឋច្រើនលើសលប់ចេញទៅបោះឆ្នោត គឺត្រូវការដំណើរប្រជាធិបតេយ្យ មិនត្រូវការសង្គ្រាមនោះឡើយ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំនួនពលរដ្ឋជាង៨លាន ២សែននាក់ ដែលចេញទៅបោះឆ្នោត គឺបានបង្ហាញភាពត្រឹមត្រូវ និងភាពស្របច្បាប់នៃការបង្កើតរាជរដ្ឋាភិបាលនៅកម្ពុជា ហើយចំនួនពលរដ្ឋច្រើនលើសលប់ចេញទៅបោះឆ្នោតនេះ  គឺបានបង្ហាញថា ពលរដ្ឋត្រូវការដំណើរប្រជាធិបតេយ្យ មិនត្រូវការសង្គ្រាមនោះឡើយ ព្រោះកម្ពុជា បានឆ្អែតឆ្អន់នឹងសង្គ្រាមអស់ហើយ។

ថ្លែងក្នុងឱកាសជួបសំណេះសំណាល ជាមួយ «បងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា» នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាល្ងាចម៉ោង៥៖០០នាទី ថ្ងៃទី២៣ ខែកញ្ញា ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋខ្មែរភាគច្រើនដែលធ្លាក់ខ្លួនដល់អាមេរិក មិនមែនដោយសារតែជម្រើទេ តែដោយសារតែសង្គ្រាម។

សម្តេចធិបតីបញ្ជាក់ថា  ចំនួនប្រជាពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតដល់ទៅជាង ៦លាននាក់ គឺបង្ហាញថាពលរដ្ឋពេញចិត្តគណបក្សប្រជាជនកម្ពុជា ជាពិសេសស្រឡាញ់សម្តេចតេជោ ដែលបានប្រឹងប្រែងដឹកនាំប្រទេស បម្រើប្រជាពលរដ្ឋ។ ការបោះឆ្នោតមុនៗពលរដ្ឋភ័យ នាំគ្នាដកលុយពីធនាគារ ប៉ុន្តែបោះឆ្នោតឆ្នាំ២០២៣ ពលរដ្ឋអត់ភ័យ បោះឆ្នោតហើយនាំគ្នាចេញទៅលេងព្រះសីហនុ ឡើងស្ទះផ្លូវ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ពន្យល់រឿងគេចោទថា បោកពលរដ្ឋមុនបោះឆ្នោតដាក់បេក្ខភាពសម្តេចតេជោ ក្រោយបោះឆ្នោតបែរជាសម្តេចធិបតីឡើងដឹកនាំប្រទេស។ បេក្ខភាពរបស់សម្តេចជានាយករដ្ឋមន្ត្រីបន្តវេនត្រូវបានបង្ហាញតាំងពីមុនពេលបោះឆ្នោត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធផលឆ្នោត បានបង្ហាញថា ពលរដ្ឋពេញចិត្តការដឹកនាំសម្តេច ហើយក៏ពេញចិត្តចំពោះអ្នកបន្តវេនផងដែរ៕

Comments

Related posts