រមណីយដ្ឋានសំបូរព្រៃគុកក្រៅពីការទស្សនាប្រាសាទបុរាណភ្ញៀវទេសចរក៏អាចសិក្សាឈ្វេងយល់អំពីវប្បធម៌ប្រពៃណីដ៏សំបូរបែបរបស់សហគមន៍រស់នៅជុំវិញនោះ

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣

a8-21

a7-25

a6-26

a5-26

a4-26

a3-25

a2-25

a1-26

a-4

MC.  តំបន់សហគមន៍ទេសចរណ៍សំបូរព្រៃគុក ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រៅពីបានទស្សនាប្រាសាទបុរាណ ដែលសំបូរដោយវប្បធម៌ប្រវត្តិសាស្រ្ត ក៏អាចទស្សនាកម្សាន្ត និងទទួលសេវាកម្មជាច្រើនពីសហគមន៍នេះផងដែរ ដើម្បីបង្កើនភាពសប្បាយរីករាយ។
 លោកស្រី ព្រួត សូដានី អនុប្រធានសហគមន៍ប្រាសាទសំបូរព្រៃគុក និងជាប្រធានមគ្គុទេសទេសចរណ៍ប្រចាំប្រាសាទសំបូរព្រៃគុក បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា  សហគមន៍ទេសចរណ៍សំបូរព្រៃគុក ត្រូវបានបង្កើតឡើងក្នុងអំឡុងឆ្នាំ២០០៤មក ដោយរួមបញ្ជូលរវាងប្រជាពលរដ្ឋចំនួន៧ភូមិរស់នៅជុំវិញនោះ។ អ្នកស្រីបន្តថា គោលបំណងនៃការបង្កើតសហគមន៍នេះ ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា បង្កើននូវកម្រិតជីវភាពឱ្យកាន់តែប្រសើរ និងធានានូវប្រសិទ្ធភាពការងារជូនប្រជាពលរដ្ឋក្នុងសហគមន៍ ប្រមូលផ្តុំសេវាកម្មទេសចរណ៍ក្នុងសហគមន៍ ដោយចងក្រងជាសហគមន៍ ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិ ក្នុងគោលបំណងបង្កើនប្រាក់ចំណូល និងបង្កើតការងារថ្មីៗ ជូនប្រជាជន និងអាជីវករក្នុងសហគមន៍។ បន្ថែមពីនេះទៀតចូលរួមចំណែកក្នុងការអភិរក្ស និងអភិវឌ្ឍ រមណីដ្ឋានប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុក ដែលជាសម្បត្តិវប្បធម៌ និងប្រវត្តិសាស្ត្រដ៏មានតម្លៃ និងចូលរួមការពារទំនៀមទម្លាប់របស់ប្រជាជន និងជនជាតិ ក្នុងសហគមន៍។
លោកស្រីបន្តថា ក្រៅពីការទស្សនាប្រាសាទបុរាណ ដែលសំបូរដោយវប្បធម៌ប្រវត្តិសាស្រ្ត ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏អាចទស្សនាកម្សាន្ត និងទទួលសេវាកម្មជាច្រើនពីសហគមន៍ មានដូចជា៖ សេវាកម្មផ្ទះស្នាក់ អាហារដ្ឋាន សេវាកម្មមគ្គុទេស ទស្សនាភូមិឋាននិងការងារតម្បាញ ការលក់នូវសម្ភារកែច្នៃពីផ្ដៅ រពាក់ ឫស្សី ដែលមានស្នាដៃល្អ និងគុណភាពខ្ពស់ ជាស្នាដៃផ្ទាល់របស់ក្រុមស្ដ្រីរស់នៅភូមិអូរគ្រូកែ និងភូមិកំពង់ឈើទាល។ ទាំងនេះជាសកម្មភាពរបស់ប្រជាសហគមន៍ ធ្វើយ៉ាងណារក្សាឱ្យបាននូវប្រពៃណី ទំនៀមទម្លាប់ពីបុរាណ ស្វែងរកប្រាក់ចំណូលបន្ថែម និងជាសកម្មភាពទាក់ទាញទេសចរឱ្យទៅទស្សនាជាហូរហែ ។
គឺអាស្រ័យទៅលើភ្ញៀវ ថាតើគាត់ចាប់អារម្មណ៍ទៅលើអ្វីខ្លះ បើសិនជាគាត់ចាប់អារម្មណ៍ទៅលើភូមិ ទៅលើអ្នកតម្បាញ អ៊ីចឹងពេលព្រឹកហ្នឹង គឺយើងនាំគាត់ចូលមើលប្រាសាទ ពេលល្ងាចយើងនាំគាត់ចូលមើលភូមិ ដើរភូមិហ្នឹងយើងនាំគាត់ទៅមើលពីការត្បាញ ជាកន្ត្រកជាអី ហើយយើងមើលពីជីវភាពប្រជាជន តែភ្ញៀវខ្លះគាត់ហួសបានទៅមើលថ្ងៃលិចទៀត។
  សូមបញ្ជាក់ថា សហគមន៍ទេសចរណ៍សំបូរព្រៃគុក គឺជាអតីតសហគមន៍អភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុក ដោយបានប្តូរឈ្មោះមកជា សហគមន៍ទេសចរណ៍សំបូរព្រៃគុកនៅក្នុងឆ្នាំ២០២០ មានទីតាំងនៅក្នុងភូមិ សំបូរ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានចម្ងាយប្រមាណ៣៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ៕

Comments

Related posts