ទឹកស្ទឹងសង្កែហក់ឡើងជិតដល់កម្រិតប្រកាសអាសន្ន និងជន់លិចផ្នែកខ្លះនៃក្រុងបាត់ដំបង

photo_2023-09-29_14-11-59

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក ឈឿង ថៃកឿ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង

បាត់ដំបង៖ គិតត្រឹមម៉ោង១២ ថ្ងៃត្រង់ ទី២៩ខែកញ្ញាឆ្នាំ ២០២៣ ស្ថានភាពនៃទឹកស្ទឹងកំពុងហក់ឡើងខ្លាំងបន្ទាប់ពីមានភ្លៀងធ្លាក់នៅផ្នែកខាងលើ ធ្វើឲ្យតាមមាត់ស្ទឹងសង្កែមានទឹកហៀរចេញក្រៅលូបង្កការជន់លិចផ្នែកខ្លះនៃក្រុងបាត់ដំបង  ។
លោក ឡុង ផល្គុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បាត់ដំបងបានប្រាប់ក្រុមការងារវិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ ដំបងថា៖ស្ថានភាពទឹកនៅពេលនេះ ដោយសារទទួលរងទឹកភ្លៀងធ្លាក់ផ្នែកខាងលើតាំងពីថ្ងៃទី២៥ ខែកញ្ញា មករហូតកម្ពស់ហក់ឡើងក្បែរបង្គោលរតនាជាតិដល់ ១៣.៩៦ ម៉ែត្រ ហើយចំណុចដែលត្រូវប្រកាសអាសន្នឬត្រូវប្រុងប្រយ័ត្នគឺ១៤.កន្លះ ដូច្នេះនៅសល់៦តឹកទៀត ។
លោកបានបន្ថែមទៀតថា៖ដោយឡែកទឹកដែលចូលតាមក្រុងមួយចំនួន នោះគឺចូលប្រព័ន្ធលូវិញទេ ព្រោះលូមានកម្ពស់ត្រឹមតែ១១ម៉ែត្រទេ ហើយរហូតមកដល់ពេលនេះផ្លូវតាមប្របមាត់ស្ទឹងមិនទាន់មានទឹហូរចូលនោះទេ  ដោយសារនៅកម្ពស់ទឹក៥តឹកទៀត ។
លោកបានបន្ថែមឲ្យដឹងថា៖ សម្រាប់ផ្នែកខាងលើនៃអាងទឹកពហុបំណង(សេក សក) ក្រុមការងារមន្ទីរធនធានទឺកបានបិទតាំងពីយប់ម៉ោង៣ថ្ងៃ២៩ ខែ កញ្ញា ឆ្នាំ២០២៣  ។ ចំពោះស្ថានភាពទឹកនេះអាចនឹងនៅល្ងាចនេះ  ពីព្រោះទឹកហូរពីទំនប់ស្ទាក់ទឹកកង្ហត់មកដល់ស្ទឹងសង្កែមានរយ:ពេល៨ម៉ោង អាចស្អែកចាប់ផ្ដើមស្រកទឹកអស់ហើយ ។
លោកបានបញ្ជាក់ថា៖ ចំពោះប្រជាពលរដ្ឋដែលនៅខាងក្រោមនេះ ឲ្យតែទឹកឡើង នៅខាងក្រោមនេះតែងតែមានផលប៉ះពាល់ហើយ តែមិនធ្ងន់ធ្ងរនោះទេ ដោយសារផ្នែកខាងក្រោមផ្លូវជាតិលេខ៤ ស្រុក មានស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល ជាតំបន់បឹងលិចទឹកទន្លេសាប ។ ដូច្នេះហើយសម្រាប់ប្រជាពលរដ្ឋនៅតំបន់ក្រោមនោះមិនប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដោយសារពួកគាត់មានភាពស៊ាំនិងស្ថានភាពទឹកបែបនេះជាយូរមកហើយ ។
លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានផ្ទះនៅក្បែរមាត់ស្ទឹងសង្កែ ជាពិសេស កុមារតូចៗ ជនពិការ ជនចាស់ជរា និងប្រជានេសាទសូមបង្កើនការប្រយត្ន័ឲ្យបានខ្ពស់ ។
លោក លាង វាសនា អភិបាលក្រុងបាត់ដំបងបានប្រាប់ឲ្យដឹងថា ស្ថានភាពទឹកព្រឹកថ្ងៃទី២៩ខែកញ្ញានេះគឺវាស្ថិតក្នុងការ ប្រកាសអាសន្នហើយ ដែលឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងសង្កែ មានការប្រុងប្រយ័ត្នខ្ពស់ ។
យ៉ាងណាក្តី កម្ពស់ទឹកស្ទឹងនឹងស្រកវិញនៅល្ងាចនេះ បើសិនជាគ្មានភ្លៀងធ្លាក់បន្ថែមទៀតនោះទេ ពីព្រោះថា ខាងធនធានទឹក បានបើកទ្វារទឹកនៅទំនប់កង្ហត និង ទ្វារទឹកទំនប់សាលាតាអន ដើម្បីបង្ហូរទឹកចូលទន្លេឲ្យបានលឿន ។
លោកបានបញ្ជាក់ថាឲ្យដឹងថា៖មកដល់ពេលនេះទឹកបានហៀរចេញតាមលូចូលក្រុងដូចរាល់ឆ្នាំអ៊ីចឹង  ទឹកចូល មានសង្កាត់ ស្វាយប៉ោសង្កាត់ ព្រែកព្រះស្ដេច   សង្កាត់រតនៈ និងសង្កាត់ក្ដុលដូនទាវ ។
សូមបញ្ជាក់ថា៖នៅប៉ុន្មានថ្ងៃនេះស្ថានភាពទឹកស្ទឹងសង្កែមានការហក់ឡើងខ្លាំងរហូតដល់ ១៣.៩៦ ម៉ែត្រ ដែលកម្ពស់នេះបានធ្វើឲ្យលិចផ្លូវថ្នល់ក្នុងក្រុងមួយចំនួននិងលិចលង់ផលដំណាំនិងផ្លូវថ្នល់ នៅប៉ែកខាងក្រោមផងដែរ ដែលប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនចៅ និង សត្វចិញ្ចឹមជាដើម ៕

 

Comments

Related posts