ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ចង់ទទួលបានជោគជ័យ មន្រ្តីរាជការចាំបាច់ត្រូវបុរេសកម្ម មានផែនការយុទ្ធសាស្រ្ត និងកំណត់ការងារអាទិភាពទាំងនោះ

2J6A3317ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តល់ឱវាទឱ្យមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវតែបុរេសកម្ម មានការរៀបចំផែនការយុទ្ធសាស្រ្តផ្ទាល់ខ្លួន និងកំណត់អាទិភាពការងារ ទើបទទួលបានជោគជ័យក្នុងការងារ ហើយឈានឆ្ពោះទៅជាអ្នកដឹកនាំដ៏មានគុណភាព និងប្រសិទ្ធភាពនាពេលអនាគត ។  ការថ្លែងឡើងនេះ គឺនៅក្នុងជំនួបសំណេះសំណាលជាមួយមន្រ្តីរាជការក្រោមឱវាទនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួង  នាព្រឹកថ្ងៃទី ០២ តុលា ២០២៣ ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ទៀតថា  ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧នេះ អ្នកចេះពិតប្រាកដ អ្នកមានសមត្ថភាព គឺនឹងត្រូវបានលើកតម្កើងឱ្យក្លាយទៅជាអ្នកដឹកនាំបន្តវេននាពេលអនាគត អនុលោមតាមនេះ ឯកឧត្តមរដ្ឋមន្រ្តី បាននឹងកំពុងបង្កបរិយាកាសប្រកួតប្រជែងដោយស្មើភាព និងតម្លាភាពបំផុត ចំពោះមន្រ្តីរាជការទាំងអស់ ដូចនេះទាមទារឱ្យមានភាពបុរេសកម្ម និងមានចំណេះដឹង ចេះរៀបចំផែនការយុទ្ធសស្រ្តផ្ទាល់ខ្លួន និងបែងចែក ចាត់ចែងការងារអាទិភាព (ទាំងបច្ចេកទេស និងទាំងការងារបក្ស) ដើម្បីសម្រេចបានប្រសិទ្ធភាព និងប្រសិទ្ធផលការងាររបស់ក្រសួង ។ ជាងនេះទៅទៀត អ្នកដែលមានស្នាដៃ ឯកឧត្តមរដ្ឋមន្រ្តី នឹងដំឡើងឋានន្តរស័ក្តិ រួមទាំងមេដាយស្របទៅតាមពេលវេលា ដែលក្រសួងមុខងារសាធារណៈបានចែងផងដែរ  ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានប្រកាសជូនជាសាធារណៈផងដែរថា ក្រសួងបានរៀបចំរួចហើយនូវយុទ្ធសាស្រ្តចក្រា ដែលឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយបាននឹងកំពុងដាក់ឆ្លងជាមួយថ្នាក់ដឹកនាំ ឱ្យពិនិត្យ និងសម្រេច ដើម្បីអគ្គនាយកដ្ឋាននីមួយៗ យកទៅបំបែកជាយុទ្ធសាស្រ្តសកម្មភាពការងារទៅតាមផែន និងជំនាញរៀងខ្លួន ក្នុងន័យជំរុញការងារសុក្រឹតកម្មបរិស្ថានកិច្ចឱ្យសម្រេចបានជោគជ័យ ដើម្បីឱ្យនាវាបរិស្ថានឈានទៅមុខដោយប្រសិទ្ធភាព និងប្រសិទ្ធផល ៕

2J6A3278

 

Comments

Related posts