ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា   អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តប្រាសាទនាងខ្មៅ 

នាព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញនាំយកនូវគ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្ឌបាត និងបច្ច័យ ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តប្រាសាទនាងខ្មៅ ដែលស្ថិតនៅក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ 
នាឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានអញ្ជើញថ្វាយនូវគ្រឿងសក្ការៈបូជា ទៀន ធូប ផ្កាភ្ញី និងប្រារព្ធកិច្ចបទនមស្ការព្រះរតនត្រ័យ សមាទាននិច្ចសីល និមន្តព្រះសង្ឃសូត្រព្រះធម៌ស្វាធ្យាយ ចម្រើនព្រះបរិត្ត និងពុទ្ធជ័យមង្គល ព្រមទាំងនាំយកចង្ហាន់ ទេយ្យទាន គ្រឿងបរិក្ខារ រាប់បាត វេប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសមហាកុសលផលបុណ្យដែលកើតពីសទ្ធាជ្រះថ្លាទាំងនេះ   ជូនចំពោះដួងវិញ្ញាណក្ខន្ធលោកជំទាវ ភូ ធៀន ព្រមទាំងញាតិការទាំងប្រាំពីរសន្តាន ជាពិសេសជូនចំពោះដួងវិញ្ញាណក្ខន្ធអតីតថ្នាក់ដឹកនាំព្រឹទ្ធសភា សមាជិក សមាជិកាព្រឹទ្ធសភា ឥស្សរជន និងយុទ្ធជន ដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ សូមឱ្យជួបប្រកបតែវិបុលសុខគ្រប់ប្រការ និងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។  
ទេយ្យទាន គ្រឿងបរិក្ខារផ្សេងៗ ដែលបាននាំមកប្រគេនដល់វត្តប្រាសាទនាងខ្មៅនាឱកាសនោះ រួមមាន៖ អង្ករ០២តោន មីយើង៥០កេស ទឹកក្រូច៥០កេស ទឹកត្រី៥០យួរ  ទឹកស៊ីអ៊ីវ៥០យួរ ត្រីខ២០កេស ឆៃប៉ូវ១០០គីឡូ សៀងផ្អែម១០០គីឡូ និងសាច់ជ្រូក២០០គីឡូព្រមទាំងបច្ច័យប្រគេនដល់ព្រះសង្ឃចំនួន១០លានរៀលផងដែរ។ 
សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏សំខាន់មួយ ដែលប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា តែងតែប្រារព្ធធ្វើឡើងជារាងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដោយចែកចេញជាពីរថ្នាក់ ក្នុងនោះចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ និងថ្ងៃ១៥រោច គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌតែម្តង។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬក៏ទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសជួបឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ 
ពិធីបុណ្យភ្ជុំបិណ្ឌរៀបចំឡើងដើម្បីឧទ្ទិសកុសលថ្វាយ-ប្រគេន-ជូនទៅបុព្វការីជន មានអតីតព្រះមហាក្សត្រ មហាក្សត្រីយានី ព្រះគ្រូឧបជ្ឈាយាចារ្យ ជីដូន ជីតា មាតាបិតា ដែលទ្រង់បានសោយព្រះទីវង្គត អនិច្ចធម្ម និងធ្វើមរណកាលទៅហើយ ដល់ឥស្សរជន និងយុទ្ធជន  ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងដើម្បីឲ្យកូនខ្មែរបានបំពេញនូវបុណ្យកុសល៕  photo_2023-10-03_10-45-00photo_2023-10-03_10-45-05photo_2023-10-03_10-42-39photo_2023-10-03_10-42-42photo_2023-10-03_10-42-46 (2)photo_2023-10-03_10-42-46photo_2023-10-03_10-44-32

Comments

Related posts