សម្តេចធិបតីបានអំពាវនាវដល់ប្រជាជនទាំងអស់ សូមទុកចិត្តមកលើរាជរដ្ឋាភិបាលអាណត្តិទី៧នេះ

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០៣.១០.២០២៣

a12-8

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ សូមទុកចិត្តមកលើរាជរដ្ឋាភិបាល អាណត្តិទី៧នេះ ព្រោះមិនថាអាណត្តិនេះឬអាណត្តិមុនៗ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺតែងតែចាត់ទុកផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ។
ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង១៨០០០នាក់ មកពីរោងចក្រ សហគ្រាស ចំនួន២២ ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យនិងខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងពេលបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ការងារសំខាន់ ចំនួន៣ ដែលសម្ដេចធិបតី តែងតែគិតគូរដល់ជីវភាពប្រជាពលរដ្ឋជាប្រចាំនោះ គឺ ទី១.គិតគូរពីអ្វីៗ ដែលប្រជាពលរដ្ឋបានទទួលហើយ និងត្រូវបន្តផ្ដល់ឱ្យដល់ប្រជាពលរដ្ឋបន្ថែមទៀត ។ ២.បង្កើតអ្វីបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ និង ទី៣.ក្រៅពីថវិកា តើរាជរដ្ឋាភិបាលមានអ្វីខ្លះទៀត ដែលអាចជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ដើម្បីមានជីវភាពរឹតតែប្រសើរឡើង ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ដរាបណាប្រជាពលរដ្ឋបោះឆ្នោតជូនកាន់តែច្រើន រាជរដ្ឋាភិបាល នឹងបម្រើ និងដោះស្រាយជូនដល់ពួកគាត់កាន់តែច្រើន ពោលគឺរាជរដ្ឋាភិបាលគិតគូរដល់បងប្អូន ប្រជាពលរដ្ឋគ្រប់ជំហាននិងគ្រប់កាលៈទេសៈទាំងអស់ មិនថាសម្តេចទៅបេសកកម្មក្រៅប្រទេសក៏ដោយ ។
សម្តេចធិបតី បានបន្តទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយគណបក្សប្រជាជន រយៈពេលជាង ៤០ឆ្នាំមកនេះ តាំងពីបាតដៃទទេ គឺមិនទុកឱ្យប្រជាជនលំបាកវេទនានោះទេ ទោះបីជាកម្ពុជាមិនយក លំនាំតាមបណ្ដាប្រទេសផ្សេងៗ ឬក៏មិនចម្លងគោលនយោបាយពីបណ្ដាប្រទេសដទៃក៏ដោយ សម្រាប់បញ្ហាខ្លះ កម្ពុជាបានធ្វើនិងដោះស្រាយមុនបណ្ដាប្រទេសផ្សេងទៀតរយៈពេលយូរមកហើយ ។ ដូច្នេះប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ត្រូវមានជំនឿទុកចិត្តមកលើការដឹកនាំរបស់ រាជរដ្ឋាភិបាល អាណត្តិថ្មីនេះ  ព្រោះតែរយៈពេលជាង៤០ថ្ងៃប៉ុណ្ណោះ រាជរដ្ឋាភិបាល បានធ្វើការងារយ៉ាងច្រើន សម្រាប់ ប្រជាពលរដ្ឋ ។
 « អ្វីដែលខ្ញុំសូមឱ្យបងប្អូនកម្មករ កម្មការិនី ក្រុមគ្រួសារ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ជឿទុកចិត្តចុះសម្រាប់រាជរដ្ឋាភិបាលនេះ ទោះបីយើងមិនចម្លងគោលនយោបាយឬអនុវត្តតាមប្រទេស ណាក៏ដោយ ប៉ុន្តែយើងមានគោលនយោបាយរបស់ខ្លួន ហើយគោលនយោបាយរបស់រាជរដ្ឋាភិបាល របស់យើង អាណត្តិមុន និងអាណត្តិនេះ ទៅអាណត្តិក្រោយៗទៀតនៅក្នុងគណបក្សប្រជាជនកម្ពុជា គឺនៅតែជាគោលនយោបាយយកប្រជាពលរដ្ឋជាធំ នឹងធ្វើអ្វីៗដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋជាធំ » ៕

Comments

Related posts