សម្តេចធិបតីស្នើឱ្យអ្នកវិភាគត្រូវមើលឱ្យបានគ្រប់ជ្រុងជ្រោយ និងមានសច្ចធម៌នៅក្នុងខ្លួន

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ០៣ ១០ ២០២៣

a14-6

  MC៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យ ក្រុមអ្នកវិភាគ សូមមើលឱ្យបានគ្រប់ជ្រុងជ្រោយ និងមានសច្ចធម៌  ខណៈដែលរាជរដ្ឋាភិបាលតែងតែសម្លឹង អ្វីដែលជាផលប្រយោជន៍សម្រាប់ប្រជាជននិងប្រទេសជាតិទាំងមូល។
  សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងដូច្នេះ ក្នុងឱកាស អញ្ជើញសំណេះ សំណាលជាមួយកម្មករនិយោជិតនៅតាមរោងចក្រសហគ្រាសជាង១៨០០០នាក់ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៣នេះ។
  សម្តេចធិបតីបានឱ្យដឹងថា  អ្នកវិភាគនៅក្រៅប្រទេសមួយចំនួន បានបង្អាប់សម្តេចទៅអាមេរិក ជួបតែ ក្រុមអន់ៗ មិនដូចនាយករដ្ឋមន្រ្តីថៃ បានជួបជាមួយមហាសេដ្ឋី អ៊ីឡុន ម៉ាស់។  សម្តេចធិបតីបន្ថែមថា ទោះបីសម្តេចមិនជួបជាមួយ មហាសេដ្ឋី អ៊ីឡុន ម៉ាស់ក៏ពិតមែន ប៉ុន្តែសម្តេចបានជួបជាមួយមហាសេដ្ឋី ក្រុមហ៊ុនអាមេរិកប្រមាណ៥៨ក្រុមហ៊ុន  និងក្រុមហ៊ុនយក្សៗជាង១០ថែមទៀត   ដើម្បីទាក់ទាញក្រុមហ៊ុនឱ្យមកវិនិយោគនៅក្នុងប្រទេសកម្ពុជា   សម្រាប់ផ្តល់ការងារឱ្យប្រជាពលរដ្ឋ។ ដូច្នេះ សូមកុំបង្អាប់ និងសូមមើលឱ្យបានគ្រប់ជ្រុងជ្រោយ ព្រោះរាជរដ្ឋាភិបាលកម្ពុជា តែងតែសម្លឹងអ្វី ដែលជាផលប្រយោជន៍សម្រាប់ប្រជាជននិងប្រទេសជាតិទាំងមូល។ សម្តេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែគិតគូរគ្រប់ជំហានដល់ប្រជាពលរដ្ឋ ទាំងមុនរដ្ឋាភិបាលកើត និងក្រោយរដ្ឋាភិបាលកើត ខណៈក្នុង រយៈពេលជាង៤០ថ្ងៃមកនេះ រាជរដ្ឋាភិបាលថ្មីបានធ្វើការទាំងយប់ទាំងថ្ងៃ ទាំងក្នុងប្រទេសនិងក្រៅប្រទេស គឺដើម្បីដោះស្រាយលើបញ្ហាកង្វល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។    សម្តេចធិបតីបន្ថែមទៀតថា តាមរយៈវេទិការធុរកិច្ចកម្ពុជា-អាមេរិកនៅសហរដ្ឋអាមេរិកនោះ គឺបាន ទាក់ទាញអ្នកវិនិយោគអាមេរិកមកកម្ពុជានាពេលខាងមុខនេះ ។
 «នៅពេលប្រទេសជិតខាងគេទៅជួបលោកមហាសេដ្ឋីអាមេរិកាំងម្នាក់ យកមកបង្អាប់ ចុះត្រង់ខ្ញុំ បានជួបជាមួយក្រុមហ៊ុនយក្សអាមេរិកជាង១០ ម្ដេចក៏មិននិយាយផង ហើយបូកមើលទៅក្រុមហ៊ុនប៊ូអ៊ីង ក្រុមហ៊ុនpfizer បើយើងបូកចូលគ្នា ទំហំក៏មិនឋិតនៅក្នុងលំដាប់ទាបជាងក្រុមហ៊ុន អ៊ីឡុន ម៉ាស់ ប៉ុន្មានដែរ។ ហើយក្រុមហ៊ុនទាំងអស់ខ្ញុំជួបធ្វើអី គឺដើម្បីទាក់ទាញពួកគេឱ្យមកធ្វើនៅកម្ពុជា ព្រោះសព្វថ្ងៃនេះយើងមានក្រុមហ៊ុនកូកាកូឡា ក្រុមហ៊ុនហ្វដ ដូច្នេះខ្ញុំចង់ហៅគេមកធ្វើបន្ថែមទៀត ដោយក្រុមហ៊ុនpfizerបន្តិចទៀតគេនឹងមកជួបជាមួយក្រសួងសុខាភិបាលដើម្បីពិនិត្យមើល។ អ៊ីចឹងសូមអស់លោកអ្នកវិភាគអើយ បើថាវិភាគយកគ្រប់ជ្រុងជ្រោយ សូមមើលឱ្យគ្រប់ទិសផង ប៉ុន្តែបើចង់វិភាគជាន់ពន្លិចក៏តាមហ្នឹងចុះ»៕

Comments

Related posts