ក្នុងខែវិច្ឆិកាខាងមុខនេះ មាន ឱកាសការងារជាង ២ម៉ឺនកន្លែងសម្រាប់យុវជន

 

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

IMG_0304

 

ភ្នំពេញ៖ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) អង្គការអន្តរជាតិខាងការងារ (ILO) និង អង្គការភីផលអីននិត (People in Need Cambodia) និងគាំទ្រដោយដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣” នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

  ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានការចូលរួមពីអ្នក សារព័ត៌មាន, ស.ស.យ.ក រាជធានីភ្នំពេញ, សមាគម TAFTAC, ធនាគារកាណាឌីយ៉ា, ក្រុមហ៊ុន RMA Cambodia និងតំណាងក្រុមហ៊ុន សហគ្រាស ស្ថាប័ន និងយុវជនជាង ៣០០ នាក់ នាព្រឹកថ្ងៃទី១៩ ខែតុលា នេះ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសា សន៍ថា ពិព័រណ៍ការងារ និងផលិត ភាពជាតិឆ្នាំ២០២៣ នេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហ គ្រាស ក្រសួង ស្ថាប័ន និងគ្រឹះ ស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ហើយមានស្តង់សរុបជាង ១៨០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសម្បូរបែប ដែលនឹងផ្តល់ឱកាសការងាររហូតដល់ជាង ២០ ០០០ កន្លែង ហើយក្រសួងរំពឹងថា នឹងមានអ្នកចូលរួមប្រមាណជាង ៣០ ០០០នាក់។

ឯកឧត្តម រដ្ឋលេខាធិការ បញ្ជាក់ទៀតថា គោលបំណងសំខាន់ៗនៃការរៀបចំពិព័រណ៍ការងារ និងផលិត ភាពជាតិឆ្នាំ២០២៣  នាពេលនេះ គឺដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារតាមរយៈការជួយជ្រោមជ្រែងនិយោជកដែលមានតម្រូវការជ្រើស រើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារធ្វើ, បង្កើតឱ្យមានកន្លែងជួប ជុំគ្នាដ៏ធំ និងងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ ហើយក៏មានការរៀបចំផងដែរនូវសិក្ខាសាលាផលិតភាពដើម្បីលើក កម្ពស់ការយល់ដឹងស្តីពីការបង្កើនផលិតភាពការងារដោយមានការ ចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគម TAFTAC បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផលិត ភាពការងារនៅក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន ដោយលោកបញ្ជាក់ថា ការរៀបចំពិព័រណ៍ការងារនិងផលិតភាពជាតិនេះ គឺមិនអាចមិនគិតពីប្រធានបទផលិតភាពការងារបានទេ ព្រោះក្រុមហ៊ុន រោងចក្រ សហគ្រាសដែលជ្រើសរើសបុគ្គលិកមកធ្វើការ គឺតែងតែយកចិត្តទុកដាក់លើផលិតភាពការងាររបស់បុគ្គលិកខ្លួន។ លោកបន្តថា នៅក្នុងពិព័រណ៍ការងារថ្ងៃទី២ នឹងមានការរៀបចំជាសិក្ខាសាលាផលិតភាពដែលនឹងផ្តោតលើប្រធានបទ “ឱកាស និងបញ្ហាប្រឈមនៃផលិតភាពការងារ”។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិនេះ ក៏នឹងមានរៀបចំសិក្ខាសាលាផលិតភាពជាតិ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលិតភាពការងារ តាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗពីសំណាក់វាគ្មិនជំនាញ៕

Comments

Related posts