រដ្ឋបាលខេត្តបន្ទាយមានជ័យគ្រោងរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត រយៈពេលពីរថ្ងៃ នៅដងស្ទឹងសិរីសោភ័ណ

 

វិទ្យុជាតិកម្ពុជា លោក អេង យូ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣

a5-58

a7-55

a6-58

MC. រដ្ឋបាលខេត្តបន្ទាយមានជ័យគ្រោងរៀបចំពិធីប្រណាំងទូក រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ដើម្បីបង្កលក្ខណៈសប្បាយរីករាយ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលទៅកម្សាន្ត។
លោក ណង វុទ្ធី នាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះថា ដើម្បីផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកម្សាន្តសប្បាយ តាមផែនការគ្រោងទុកគណៈកម្មាធិ ការខេត្តរៀបចំបុណ្យជាតិ-អន្តរជាតិ បានសម្រេចរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នៅដងស្ទឹងសិរីសោភ័ណ ខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ ដែលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកថា ក្នុងករណីទឹកមិនទាន់ស្រកចុះមកនៅធម្មតាវិញ អាចនឹងពន្យារពេលទៅមួយសប្តាហ៍បន្ទាប់ គឺថ្ងៃទី១៧ និង១៨ខែវិច្ឆិកាខាងមុខ ព្រោះថាបច្ចុប្បន្ន នៅកន្លែងប្រារព្ធពិធីស្ថានភាពទឹកនៅមិនទាន់ស្រកចុះនៅឡើយ។
លោកបានបន្តទៀតថា នៅក្នុងពិធីប្រណាំងទូក មានទូកអុំផ្នែកបុរស និងនារី ចំនួន៦៨ទូក ទៅតាមចំណុះផ្សេងៗគ្នា បានចូលរួមក្នុងពិធីប្រណាំងទូក ដើម្បីឱ្យសាធារណជនបានចូលទស្សនា។ បន្ថែមពីនេះ ជារៀងរាល់ឆ្នាំ នាបរិវេណសាកលវិទ្យាល័យជាតិមានជ័យ និងសួនមានជ័យ ក៏មានរៀបចំពិធីកម្សាន្តសប្បាយជាច្រើន សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលរួមឱ្យបានច្រើនកុះករ ដូចជា៖ ពិធីបណ្តែតប្រទីប ការប្រគំតន្ត្រី ការតាំងពិព័រណ៍ភូមិមួយផលិតផលមួយ ព្រមទាំងចំណីអាហារជាច្រើនប្រភេទ និងការបង្ហាញសមិទ្ធផលនានារបស់រដ្ឋបាលខេត្តផងដែរ។
សំឡេង៖ ក្នុងនោះយើងមានទូកចំណុះ៧០នាក់ជាង ៦០នាក់ជាង ៣០នាក់ជាង និងចំណុះ៥នាក់ និងចំណុះកិត្តិយស៣នាក់ ដែលកន្លងទៅយើងរៀប តាមផែនការយើងមានប្រហែល៦៨ទូកដែរ។ យើងមានការបណ្តែតប្រទីប នៅស្ទឹងសិរីសោភ័ណ បរិវេណផ្សាររាត្រី។ ជាទូទៅពេលមានពិធីអ៊ីចឹងបងប្អូនយើងជាពិសេសអ្នកគាំទ្រទូកគាត់មកច្រើន តាមភូមិគាត់ គាត់មកអបអរសាទរទូកផង គាត់ចូលរួមក្នុងពិធីផង គឺរៀងរាល់ឆ្នាំគាត់មកច្រើន មានមនុស្សកកកុញច្រើន។
សូមជម្រាបផងដែរថា ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសនៃពិធីប្រណាំងទូក នាថ្ងៃទី១១ និងទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ គណៈបញ្ជាការរដ្ឋបាលខេត្តបន្ទាយមានជ័យ បានត្រៀមរួចរាល់នូវកម្លាំងសមត្ថកិច្ច ធ្វើការយាមល្បាតនៅតាមទីតាំងគោលដៅសំខាន់ៗជាច្រើន។ ក្នុងនោះ រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យភ្ញៀវទេសចរទាំងអស់ ដែលចូលរួមទស្សនាការប្រណាំងទូក និងកម្មវិធីកម្សាន្តសប្បាយនានា សូមចូលរួមថែរក្សានូវអនាម័យបរិស្ថាន ដោយចោលសំរាមនៅក្នុងធុងសំរាម ដែលអាជ្ញាធរខេត្តបានរៀបចំជូន ដើម្បីធានានូវបរិស្ថានស្រស់ស្អាត៕

Comments

Related posts