ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន អំពាវនាវគ្រប់ភាគីពាក់ព័ន្ធ ចូលរួមលើកកម្ពស់សិទ្ធិជនរងគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ២០ ១០ ២០២៣

a4-24

a1-25

a5-23

a2-27

a-10

a3-24

MC៖ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន បានអំពាវនាវគ្រប់ភាគីពាក់ព័ន្ធ រួមចំណែកជួយដល់ជនរងគ្រោះ ថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម និងការបង្កើនជីវភាព សេវាកម្មនានា និងការពារជនមាន ពិការភាពទូទៅឱ្យទទួលបាននូវការលើកកម្ពស់សិទ្ធិចូលរួមសកម្មភាពសេដ្ឋកិច្ចសង្គម។
  ថ្លែងក្នុងពិធីបិទ សន្និសីទសកលលោកលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទីបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំ ប្រឹងប្រែងយ៉ាងសកម្មក្នុងការជួយគាំពារដល់ជនរងគ្រោះ និងជនមានពិការភាពតាមរយៈការអនុវត្ត គោលនយោបាយ ដាក់ចេញផែនការយុទ្ធសាស្ត្រជាតិលើកកម្ពស់ជីវភាព កំណើន និង ឱកាសការងារ ការអប់រំ និងការពារលើកតម្កើង សិទ្ធិជនពិការ ព្រមទាំងរៀបចំបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សម្រាប់បង្កលក្ខណៈ ដល់ជនពិការ ។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការ យុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០១៨-២០២៣ ដោយបានគិតគូរយ៉ាងល្អិតល្អន់ អំពីការដោះស្រាយ ជីវភាព សេដ្ឋកិច្ច ការងារ និងមុខរបរ ជូនជនមានពិការភាព។
  ឯកឧត្តមបានបញ្ជាក់ថា ដើម្បីរួមចំណែកជួយដល់ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាម និងការបង្កើនជីវភាព សេវាកម្មនានា និងជនមានពិការភាពទូទៅឱ្យទទួលបាននូវការលើកកម្ពស់ សិទ្ធិចូលរួមសកម្មភាពសេដ្ឋកិច្ចសង្គម។ ឯកឧត្តមសន្តិបណ្ឌិត បានអំពាវនាវ គ្រប់ក្រសួង ស្ថាប័ន និង អង្គភាពពាក់ព័ន្ធ ត្រូវយករាល់លិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងជនមានពិការភាព រួមទាំងជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។ ជាងនេះទៅទៀត ត្រូវបន្តចូលរួមអនុវត្ត និងជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីជនពិការ ស្តង់ដារជាតិ សកម្មភាពមីន ស្ដីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន គោលនយោបាយជាតិ និងអន្តរជាតិ ដើម្បី ជាឧត្តមប្រយោជន៍ សុខុមាលភាពដល់បងប្អូនជនមានពិការភាពគ្រប់ប្រភេទនិងគ្រប់កម្រិត។ ឯកឧត្តមសន្តិបណ្ឌិត ក៏បានជំរុញ ឱ្យមានការចូលរួមលើកទឹកចិត្ត និងជ្រើសរើសជនមានពិការភាព ឱ្យបាន ចូលរួមបំពេញការងារទាំងក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជនបន្ថែមទៀត និងចូលរួមធ្វើការផ្សព្វផ្សាយស្តីពី ការ គោរពសិទ្ធិ និងចូលរួមទប់ស្កាត់ដល់ការរើសអើង ការប្រមាថ និងការមាក់ងាយលើជនមានពិការភាព រួមទាំងជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
  សិទ្ធិជនពិការក៏ត្រូវបានលើកកម្ពស់ក្នុងសង្គម រួមជាមួយជីវភាពនយោបាយសកម្មភាពសង្គម វប្បធម៌ កីឡា និង សកម្មភាពនានាដែលបង្ហាញថាគ្មានការរើសអើងចំពោះជនដែលមានពិការភាព នៅក្នុង ប្រទេសកម្ពុជា។ ជាក់ស្ដែង ព្រឹត្តិការណ៍ថ្មីមួយដែលប្រជាជនកម្ពុជាយើង និងប្រជាជាតិទូទាំងសកលលោក មិនអាចបំភ្លេចបាននោះ គឺ ព្រឹត្តិការណ៍កីឡាជនពិការអាស៊ីអាគ្នេយ៍លើកទី១២ ដែលហៅកាត់ថា អាស៊ានប៉ារ៉ាហ្គេម ដោយកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ទទួលអត្តពលិកពិការសរុបចំនួន ១៤៥៣ នាក់ មកពី ១១ ប្រទេស ប្រកួតលើ១៤ ប្រភេទកីឡា ក្នុងនោះ ប្រទេសកម្ពុជាមានអត្តពលិកពិការចំនួន ២៥២ នាក់ ចូលរួមប្រកួត ដោយទទួលបាន មេដាយសរុប ៧១ គ្រឿង មាស៩ គ្រឿង ប្រាក់ ១៨ គ្រឿង និង សំរឹទ្ធ ៤៤ គ្រឿង។ នេះបានសបញ្ជាក់ឱ្យឃើញច្បាស់ថា កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ត្រូវបានលើកតម្កើង ដោយមានការចូលរួមពីបងប្អូនជនពិការយើងផងដែរ។»
  គូរជម្រាបថា ក្នុងរយៈពេលជាង ៣០ឆ្នាំនេះ ចាប់ពីឆ្នាំ១៩៩២មក សកម្មភាពមីននៅកម្ពុជា មានវឌ្ឍនភាពគួរជាទីកត់សម្គាល់ ក្នុងនោះផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ២.៧៩៥ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាត ហើយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់លានគ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោល។ ទន្ទឹមនឹងនោះចំនួនជនរងគ្រោះបានថយចុះពី ៤.៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៤១នាក់ ក្នុងឆ្នាំ២០២២ និងមកនៅក្រោមចំនួន១០០នាក់ ក្នុងមួយឆ្នាំ ជាមធ្យមរយៈពេល១០ឆ្នាំចុងក្រោយនេះ៕

Comments

Related posts