បទយកការណ៍៖ចូលរួមទាំងអស់គ្នាដើម្បីសង្គមមួយគ្មានគ្រឿងញៀន

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ៖ដោយលោកស្រីសន សាវិន លោកអ្នកនាងស្ដាប់ជាទីមេត្រី ! បញ្ហាគ្រឿងញៀនកំពុងក្លាយជាប្រធានបទសំខាន់មួយសម្រាប់ប្រជាពលរដ្ឋនៅតាមមូល ដ្ឋាន។ ដើម្បីលុបបំបាត់និងទប់ស្កាត់គ្រឿងញៀនយើងទាំងអស់គ្នាក៏ដូចជាកម្លាំងមន្រ្តីជំនាញពាក់ព័ន្ធនៅតាមមូលដ្ឋានបាននិងកំពុងសហការគ្នាយ៉ាងសកម្ម ធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ឱ្យបានដាច់ខាតនិងផ្តល់ព័ត៌មានឱ្យបានឆាប់រហ័សប្រសិនបើមានករណីជួញដូរ ណាមួយកើតមាននៅក្នុងមូលដ្ឋានរបស់បងប្អូន ។ សូមលោកអ្នកនាងស្ដាប់បទយកការណ៍របស់វិទ្យុជាតិកម្ពុជាស្តីពីបញ្ហានេះដូចតទៅ៖ គ្រឿងញៀនមិនត្រឹមតែបំផ្លាញសុខភាព និងបញ្ញារបស់មនុស្សប៉ុណ្ណោះទេ ថែមទាំងជាមូលហេតុនៃឧក្រិដ្ឋជនគ្រប់ប្រភេទជាច្រើនទៀតផង។ឯកឧត្ដមនាយឧត្ដមសេនីយ៍មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍នៅក្នុងកម្មវិធីសន្ទនាមតិជីវិតយើងសង្គមយើងថា ៖បញ្ហាគ្រឿងញៀនបានអូសបន្លាយជាច្រើនអាណត្តិមកហើយដែលត្រូវបានរួមគ្នាដោះស្រាយ។នៅអាណត្តិទី៧នេះ រាជរដ្ឋាភិបាលក៏នៅតែចាត់ទុកគ្រឿងញៀនជាបញ្ហាប្រឈម ដែលជាការងារអាទិភាពមួយត្រូវដោះស្រាយទាំងអស់គ្នានិងជាបន្ទាន់ ។ សំឡេងទី១«បញ្ហាគ្រឿងញៀនជាបញ្ហាប្រឈមមួយដែលគប្បីយកចិត្តទុកដាក់ដោះស្រាយឱ្យបាន ហើយបង្កើតឱ្យបានសមិទ្ធផលជាក់ស្ដែង បង្ហាញជូនប្រជាពលរដ្ឋដើម្បីឱ្យប្រជាពលរដ្ឋមានទំនុកទុកចិត្ត ។ជាពិសេសជួយសង្គ្រោះដល់អាយុជីវិត សុខភាពរបស់យុវជន ដោយយើងបានធ្វើការកត់ សម្គាល់ថាជនប្រើប្រាស់គ្រឿងញៀនមានអាយុចន្លោះចាប់ពី១៨ ដល់៣៥ ឆ្នាំ ដែលយើងចាត់ទុកថា ជាក្រុមយុវជន ។ហេតុដូច្នេះបានជារាជរដ្ឋាភិបាលបន្តកិច្ចខិតខំប្រឹងប្រែងនានា ក្នុងពេលដែលចាត់ទុកថាបញ្ហាគ្រឿងញៀននៅតែជាបញ្ហាប្រឈម ដែលគប្បីធ្វើការយកចិត្តទុកដាក់ដោះស្រាយ»។ ឯកឧត្ដមនាយឧត្ដមសេនីយ៍មាស វិរិទ្ធបានលើកឡើងទៀតថា៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធ ធ្វើសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ជាពិសេសបង្កើនប្រសិទ្ធភាព ហើយនាំមកនូវប្រសិទ្ធិផល ពាក់ព័ន្ធទៅនឹងសកម្មភាពអប់រំផ្សព្វផ្សាយ ដើម្បីឱ្យមានលក្ខណៈស៊ីជម្រៅ និងផុលផុស ទៅដល់ស្រទាប់មហាជនគ្រប់វ័យគ្រប់ស្រទាប់ គ្រប់ទីកន្លែង គ្រប់ពេលវេលា និងគ្រប់ឱកាស ព្រោះថាការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាចង្កោមអាទិភាពមួយ ពាក់ព័ន្ធទៅនឹងការងារអភិវឌ្ឍច្បាប់។ សំឡេងទី២«ការកាត់បន្ថយ ទីផ្សារនៃការប្រើប្រាស់គ្រឿងញៀន តាមរយៈអប់រំផ្សព្វផ្សាយឱ្យយុវជន ដែលជាមុខសញ្ញាគ្រឿងញៀន។បញ្ឈប់ឬបដិសេធការប្រើប្រាស់គ្រឿងញៀន នោះអ្នកជួញដូរគ្រឿងញៀនក៏ពិបាកក្នុងជួញដូរដែរនៅក្នុងមូលដ្ឋាន។ ទី២ ការលប់បំបាត់ការជួញដូរនៅក្នុងមូលដ្ឋានកន្លែងដែលមិនទាន់រៀបរយ ឬកន្លែងដែលល្បីល្បាញ។ ហើយប្រជាពលរដ្ឋមានការរាយការណ៍ច្រើន ពីទីតាំងកន្លែងជួញដូរគ្រឿងញៀនច្រើន។ ហើយសមត្ថកិច្ចត្រូវខិតខំបង្ក្រាប ដើម្បីឈានទៅរកការកាត់បន្ថយ និងលុបបំបាត់បាតុភាពនេះដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋឱ្យឃើញជាក់ស្ដែង។ ចុងក្រោយខិតខំលុបបំបាត់ការប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកម្សាន្ត កន្លែងផ្ដល់ការសប្បាយ ដោយមានតម្រុយពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ក្នុងបណ្ដាក្លឹបកម្សាន្ត ផ្ទះសំណាក់ ខុនដូជាដើម»។ ចំនួនមនុស្សប្រើប្រាស់គ្រឿងញៀនមាននិន្នាការផ្តោតទៅលើយុវជន ក្មេងជំទង់ សិស្ស និងនិស្សិត។ លោកសំណាង ជាប្រជាពលរដ្ឋរស់នៅស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងបានលើកឡើង ថា៖កាលពីមុនសហគមន៍របស់លោក ក៏មានបញ្ហាគ្រឿងញៀនកើតឡើងច្រើនផងដែរ។ ប៉ុន្តែបន្ទាប់មក សហគមន៍ ក៏ដូចជាសាលារៀនបានបង្កើតយន្តការថ្មីៗ ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងឈានទៅលប់បំបាត់ទាំងស្រុង ។ សំឡេងទី៣«នៅសាលាគាត់បានបង្កើតយន្តការសម្រាប់សិស្សានុសិស្ស ដោយលោកគ្រូអ្នកគ្រូគាត់ បានសុំលេខទូរសព្ទទាំងអាណាព្យាបាល ទាំងសិស្សដើម្បីទំនាក់ទំនង ។ ប្រសិនកូនហ្នឹងគាត់ប្រព្រឹត្តិគ្រឿងញៀន គឺមិនលើសពីមួយម៉ោងទេ គឺជ្រាបដល់លោកគ្រូអ្នកគ្រូ ឪពុកម្ដាយ និងដល់សមត្ថកិច្ចនៅក្បែរនោះផងដែរ។ នៅសហគមន៍របស់ខ្ញុំកាលពីមុនក៏មានបញ្ហាគ្រឿងញៀននេះចូលមករុករានដែរ ប៉ុន្តែដោយសារលោកគ្រូអ្នកគ្រូបានចូលរួមសកម្មក្នុងការអប់រំទាំងសិស្សទាំងអាណាព្យាបាល»។ លោកសំណាងក៏បានលើកឡើងនូវមតិយោបល់ឱ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្កើនការអនុវត្តច្បាប់ស្ដីពីការប្រើប្រាស់ និងជួញដូរគ្រឿនញៀនឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន ដើម្បីឱ្យទាំងអ្នកជួញដូរនិងអ្នកប្រើប្រាស់បានទទួលនូវអ្វីដែលខ្លួនបានប្រព្រឹត្តិ ដែលអាចឱ្យពួកគាត់ឈានទៅរកការកែខ្លួនឡើងវិញ។ សំឡេងទី៤«ខ្ញុំសំណូមពរ គឺមិនចង់ឱ្យមានការដោះដូរជនល្មើសចេញមកវិញ ចង់ឱ្យគាត់ទៅទទួល ទោសតាមច្បាប់ដែលបានកំណត់ បើមិនធ្វើដូច្នេះទេ ទាំងអ្នកជួញដូរនិងអ្នកប្រើប្រាស់ នៅតែរួចខ្លួន ចេញមកវិញដដែល »។

បទល្មើសគ្រឿងញៀនត្រូវបានចែកចេញជា២ផ្នែករួមមាន៖ទី១ បទល្មើសគ្រឿងញៀនសម្រាប់អ្នកប្រើប្រាស់ និងបទល្មើសគ្រឿងញៀនសម្រាប់អ្នកចរាចរណ៍ ជួញដូរ និងរក្សាទុកគ្រឿងញៀន។ ហើយមានតែ សមត្ថកិច្ចតុលាការទេ ដែលអាចវិនិច្ឆ័យថាអ្នកណាមានទោស អ្នកណាអត់ទោស។ឯកឧត្ដមនាយឧត្ដមសេនីយ៍មាស វិរិទ្ធបានមានប្រសាសន៍បន្តទៀតថា៖ ការទប់ស្កាត់បទល្មើសគ្រឿងញៀន ក៏ត្រូវមានការចូលរួមពីកម្លាំងមានសមត្ថកិច្ចជាបង្អែក ដែលកន្លងមកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដាក់ចេញជាពាក្យស្លោក ៣កុំ ១រាយការណ៍។ ពាក្យថា៣កុំគឺ៖ ទី១ មន្ត្រីមានសមត្ថកិច្ច កុំពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនតាមរយៈមិនប្រើប្រាស់មិនជួញដូរ ទី២ កុំអន្តរាគមន៍ កុំលាក់បំពួន កុំប្រើអំណាចអនុគ្រោះ យោគយល់ជាដើម។ឯកឧត្ដមនាយឧត្ដមសេនីយ៍មានប្រសាសន៍រៀបរាប់បន្តទៀតថា៖

សំឡេងទី៥«ទី៣ កុំបន្ធូរបន្ថយ មានន័យថាកុំលើកលែង ការអនុវត្តច្បាប់ត្រូវអនុវត្តន៍ស្មើភាពគ្នា ចំពោះមុខច្បាប់ អ្នកណាក៏ដោយ ទោះបីជាសាច់ញាតិបងប្អូនក្រុមគ្រួសារក៏ដោយក៏ត្រូវអនុវត្តន៍ច្បាប់ដូចគ្នា។ ១ រាយការណ៍ គឺដើរតួជាប្រជាពលរដ្ឋក្នុងការរាយការណ៍ពីព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីអាជ្ញាធរមានសមត្ថកិច្ចធ្វើការបង្ក្រាប និងដោះស្រាយជូនប្រជាពលរដ្ឋ ហើយក៏ជាការអនុវត្តនូវភូមិឃុំមានសុវត្ថិភាព»។

បច្ចុប្បន្នគ្រឿងញៀនបានចូលលុកលុយនៅតាមភូមិឃុំ ធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភពីអសន្តិសុខនិងមិនមានភាពសុខដុមរមនានៅក្នុងគ្រួសារនិងសហគមន៍។អ្នកមីងសុធារី ជាប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប បានលើកឡើងថា៖ បញ្ហាគ្រឿនញៀនបានកើតឡើងផុលផុស ហើយអ្នកមីងព្រួយបារម្ភដោយហេតុសង្កេតឃើញថាដូចជាមិនអាចលុបបំបាត់អស់នោះទេ។

សំឡេងទី៦«និយាយទៅដូចតែគ្នាខេត្តណាក៏ដូចខេត្តណា ខេត្តកោះកុងនិងខេត្តសៀមរាបខ្ញុំធ្លាប់ រស់នៅ បញ្ហាគ្រឿងញៀនបានលុកលុយពេញទឹកពេញដី ហើយដូចជាអត់មានវិធានការអីលប់បំបាត់ឱ្យបាន ទោះបីប្រជាជនបានឃើញក៏មិនហ៊ានរាយការណ៍ដែរ  ខ្លាចគេគុំគួន ព្រោះពេលចាប់ ហើយក៏ចេញមកវិញ ។ដើម្បីលប់បំបាត់បានមានតែអាជ្ញាធរមានសមត្ថកិច្ចបិទការនាំចូល»។

ឯកឧត្ដមនាយឧត្ដមសេនីយ៍មាស វិរិទ្ធបានបញ្ជាក់ថា៖ បើទោះបីបច្ចុប្បន្នគ្រឿងញៀនបានវាយលុកទៅដល់គ្រប់ច្រកល្ហកក៏ដោយ ប៉ុន្តែបើនិយាយជារួមគ្រឿងញៀននៅកម្ពុជា ស្ថិតនៅក្រោមការគ្រប់គ្រងបាន ហើយបន្តទៅរួមគ្នាធ្វើសកម្មភាពបង្រួមចរាចរណ៍គ្រឿងញៀន ឱ្យរួមតូចមកវិញ និងកាត់បន្ថយជាអតិបរិមានូវបញ្ហាដែលបង្កឡើងដោយគ្រឿងញៀន ទាំងបញ្ហាប៉ះពាល់ទៅលើ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ទៅលើការអភិវឌ្ឍន៍សង្គមជាតិ ប៉ះពាល់ទៅលើធនធានមនុស្ស និងសុខុមាលភាពប្រជាពលរដ្ឋ។

សំឡេងទី៧«ធម្មតាគ្រឿងញៀនតែងតែគំរាមកំហែង ទៅដល់បុគ្គលទៅដល់ជនដែលមានបញ្ហាពាក់ព័ន្ធទៅលើបុគ្គលដែលប្រើប្រាស់គ្រឿងញៀន ជាពិសេសគ្រួសារតែម្ដង ដែលវាបង្កការរំខាន និងបង្កទុក្ខលំបាកដែលពិបាកនឹងធ្វើការព័ណ៌នា ដោយសារស្ថានភាពគំរាមកំហែងមានលក្ខណៈដោយឡែកពីគ្នា។ ប៉ុន្តែយើងត្រូវខិតខំក្នុងនាមជាអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់ក្នុងការរៀបចំកសាងរឿងខ្លីៗ ឬបង្កើតរឿងខ្លីៗដែលឆ្លុះបញ្ចាំងអំពីផលលំបាកពិតប្រាកដប៉ះពាល់លើ បុគ្គលប៉ះពាល់ទៅលើក្រុមគ្រួសារ សហគមន៍។ដូច្នេះជីវភាពរស់នៅរបស់ប្រជាជន បើសិនជាមាន បញ្ហាគ្រឿងញៀនហើយ ប្រទេសណាក៏ដូចប្រទេសណាសុទ្ធតែប្រឈមទៅនឹងការលំបាក ដែលនេះជាមូលហេតុមួយ ដែលរាជរដ្ឋាភិបាលត្រូវការបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះ ស្រាយ នឹងឈានទៅកាត់បន្ថយ លុបបំបាត់ ដើម្បីធានាបានថា សង្គមកម្ពុជាមិនមានគ្រឿងញៀន ដូចប្រធានបទដែលយើងបានលើកឡើងថា ត្រូវតែចូលរួមទាំងអស់គ្នាដើម្បីសង្គមមួយគ្មានគ្រឿងញៀនបង្កជាបញ្ហា»។3B9D9023-3FC1-43D6-B37C-CCEBA1365EA5

លោកអ្នកនាងស្ដាប់ជាទីមេត្រី!

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនូវទិសដៅការងារជាអាទិភាពចំនួន៥ សម្រាប់អនុវត្តបន្ត ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ឱ្យបានជាដាច់ខាត តាមការប្ដេជ្ញាដ៏មុតស្រួចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅលុបបំបាត់បទល្មើសនេះនៅពេលខាងមុខ។ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣កន្លងមក នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបែងចែកចង្កោមការងាររបស់ខ្លួនជាពីរផ្នែក ដោយមួយផ្នែកដើរតួនាទីជាអង្គនយោបាយនិងមួយទៀតជាអង្គអនុវត្តន៍ច្បាប់។ប៉ុន្ដែតួអង្គទាំងពីរនេះ ត្រូវសហការអនុវត្តច្បាប់ទាំងនៅកម្រិតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀន នៅពេលអនាគត។ដោយឡែក សម្រាប់ទិសដៅការងារអាទិភាព ចំនួន៥ចំណុច ដែលត្រូវបានដាក់ចេញដោយឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នោះរួមមាន៖

ទី១៖ កិច្ចការងារអប់រំផ្សព្វផ្សាយ ដោយត្រូវធ្វើយ៉ាងណាឱ្យកាន់តែទូលំទូលាយ ក្នុងនោះត្រូវប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ពិសេសប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងរៀបចំការអប់រំណែនាំបន្ថែមផ្សេងៗ ឱ្យកាន់តែផុលផុស ដោយបូករួមទាំងការនិពន្ធចម្រៀង តែងកំណាព្យ វិញ្ញាសាសម្រាប់សិស្សប្រឡង ហើយបាញ់ឆ្ពោះត្រង់ទៅកាន់យុវជន និងប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល។ទី២៖ ការត្រួតពិនិត្យសារធាតុគីមីផ្សំដោយត្រូវរៀបចំជាបន្ទាន់នូវយន្ដការគ្រប់គ្រងសារធាតុគីមីផ្សំឱ្យបានច្បាស់លាស់។យន្ដការទាំងនោះត្រូវធ្វើឡើងឱ្យសកម្មហើយមាននិរន្ដរភាព ក្នុងនោះអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសម្របសម្រួលជាមួយក្រសួង អង្គភាព ស្ថាប័នដែលមានការពាក់ព័ន្ធ ទៅនឹងការប្រើប្រាស់សារធាតុគីមីផ្សំ ដូចជា ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម, ក្រសួងឧស្សាហកម្មជាដើម។

ទី៣៖ បន្ដខិតខំយកចិត្តទុកដាក់ទប់ស្កាត់ការហូរចូលគ្រឿងញៀនមកប្រទេសកម្ពុជា ក្នុងនោះទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។

ទី៤៖ បន្ដខិតខំទប់ស្កាត់ការកែច្នៃផលិតគ្រឿងញៀនក្នុងប្រទេស ដោយត្រូវប្រើប្រាស់យន្ដការដែលបង្កើតឡើងពាក់ព័ន្ធទៅនឹងការគ្រប់គ្រងសារធាតុគីមីផ្សំ និងត្រូវត្រួតពិនិត្យតំបន់ដែលមានហានិភ័យ ដែលពួកឧក្រិដ្ឋជនលួចប្រើប្រាស់កន្លែងនោះលួចលាក់កែច្នៃផលិតគ្រឿងញៀន។ ឧទាហរណ៍៖ តំបន់ព្រៃ តំបន់ឃ្លាំងស្ដុកទំនិញ និងតំបន់ដែលជ្រកក្រោមស្លាកអភិវឌ្ឍន៍ជាដើម។

ទី៥៖ ខិតខំប្រឹងប្រែងលុបបំបាត់ ចែកចាយប្រើប្រាស់គ្រឿងញៀនតាមទីតាំងសប្បាយដ្ឋាន ដូចជា ខារ៉ាអូខេ ក្លឹបកម្សាន្ដ បៀរហ្គាឌិនជាដើម។ បច្ចុប្បន្នកន្លែងសប្បាយដ្ឋាននៅទូទាំងប្រទេស មានប្រមាណជាង១,៣០០ទីតាំង ដែលអាចសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ហើយការត្រួតពិនិត្យទីតាំងសប្បាយដ្ឋាននេះ ត្រូវបានផ្ដល់តួនាទី ភារកិច្ចជូនអង្គភាពអនុវត្តច្បាប់។

តាមរបាយការណ៍របស់ឯកឧត្ដមនាយឧត្ដមសេនីយ៍មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គ លេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ សមត្ថកិច្ចអនុវត្តច្បាប់កម្ពុជា ធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួនជាង៥ពាន់ករណី(៥.១៣៣) ឃាត់ខ្លួនជនល្មើសបានចំនួនជិត១២៥០០នាក់(១២.៤៩១) ចាប់យកសារធាតុញៀន ចំនួនជាង២៦០០គីឡូក្រាម(២.៦៥៨,៥៦) សារធាតុគីមីផ្សំចំនួនជាង៩០០ គីឡូក្រាម(៩១០,៨៧) រួមនឹងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត៕

2B6D58C8-BF12-4A8B-8B71-FDC97AF674E60710DB73-E863-4710-802B-B2704766EEF9558FAC37-D81A-4923-807D-59821AA68735C0320AFB-5C39-4719-BEAA-9FAB8FDFAC851707BB36-49C4-4326-9B85-8DC90E54E85C

Comments

Related posts