មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាព្រឹកនេះ មានសមត្ថភាពទទួលអ្នកជំងឺបានចំនួន ៩,៤៩៦គ្រែ

វិទ្យុជាតិកម្ពុជា៖

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល និងមន្រ្តីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំងនៃមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០២៣។

 

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បញ្ជាក់ថា មន្ទីរពេទ្យនេះ មានអគារចំនួន ១១អគារ ដែលក្នុងនោះរួមមាន អគាររដ្ឋបាលនិងផ្គត់ផ្គង់ អគារស្នាក់នៅសម្រាប់បុគ្គលិក អគារសម្រាកព្យាបាលនិងសង្គ្រោះបន្ទាន់ អគារសម្រាកព្យាបាលជំងឺកម្រិតធ្ងន់ H1និងH2 អគារសម្រាកព្យាបាលកម្រិតស្រាល H3 H4 H5 H6 និងH7 ដែលមានសមត្ថភាពទទួលអ្នកជំងឺបានចំនួន ៩,៤៩៦គ្រែ។

សូមបញ្ជាក់ដែរថាមន្ទីរពេទ្យនេះ បានរៀបចំពិធីក្រុងពាលីតាមបែបសាសនាក្នុងការសង់សាង កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ជាប់វិថីឈ្នះឈ្នះ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សង់សាងដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC.Co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ៕photo_2023-10-24_06-33-00photo_2023-10-24_06-33-07photo_2023-10-23_22-08-44photo_2023-10-23_22-35-05photo_2023-10-23_22-35-09

photo_2023-10-23_22-55-20

Comments

Related posts