សហរដ្ឋអាមេរិក ថាមិនគាំទ្រ "បទឈប់បាញ់" រវាងអ៊ីស្រាអែល-ហាម៉ាស ក្នុងពេលនេះទេ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

x5-20

x6-16

អន្តរជាតិ៖ សេតវិមានបាននិយាយថា សហរដ្ឋអាមេរិកមិនគាំទ្រការអំពាវនាវបច្ចុប្បន្នឱ្យមានបទឈប់បាញ់នៅក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនោះទេ ប៉ុន្តែការផ្អាកការប្រយុទ្ធដើម្បីអនុញ្ញាតឱ្យជំនួយចូលទៅក្នុងតំបន់ ហ្គាហ្សា គួរតែត្រូវបានយកមកពិចារណាជំនួសវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ការអត្ថាធិប្បាយរបស់សេតវិមានកើតមានឡើងក្នុងពេលកងទ័ពថ្មើរជើងអ៉ីស្រាអែល បាននិងកំពុងពង្រីកការប្រយុទ្ធជាមួយក្រុមហាម៉ាសក្នុងតំបន់ហ្គាហ្សា អមជាមួយការទម្លាក់គ្រាប់បែកលើតំបន់មួយនេះជាការសងសឹកទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា លើអ៉ីស្រាអែលដែលបាន សម្លាប់មនុស្សជាង ១,៤០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល។ ចំណែកការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា គ្រប់គ្រងដោយហាម៉ាសបានសម្លាប់មនុស្សជាង ៨,៣០០ នាក់ហើយក្នុងនោះភាគច្រើនជាជនស៊ីវិល។ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបានបញ្ជាក់ថា "យើងមិនជឿនោះទេថាបទឈប់បាញ់មួយក្នុងពេលបច្ចុប្បន្នគឺជារឿងត្រឹមត្រូវ។ យើងមិនគាំទ្របទឈប់បាញ់ក្នុងពេលនេះនោះឡើយ"។ អ្នកនាំពាក្យរូបនេះបន្តថាសហរដ្ឋអាមេរិកមានជំនឿចិត្តថាចំនួនរថយន្ដដឹកជំនួយចូលទៅក្នុងតំបន់ហ្គាហ្សា តាមរយៈច្រកព្រំដែន Rafah ជាប់ជាមួយអេហ្ស៊ីប នឹងកើនឡើងដល់ ១០០ គ្រឿងក្នុងមួយថ្ងៃ៕

Comments

Related posts