ប្រជាជនហ្វីលីពីន ប្រមូលផ្តុំគ្នាក្នុងស្មារតីសាមគ្គីភាពជាមួយប៉ាឡេស្ទីន និងទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្គាហ្សា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b5-22

b3-24

b4-25

អន្តរជាតិ៖ កាលពីថ្ងៃអង្គារប្រជាជនហ្វីលីពីននៅទីក្រុងម៉ានីលបានធ្វើបាតុកម្មនៅមុខស្ថានទូតអ៊ីស្រាអែល ដើម្បីតវ៉ាប្រឆាំងនឹងការកាន់កាប់ប៉ាឡេស្ទីន និងការទម្លាក់គ្រាប់បែកដ៏សាហាវដែលកំពុងបន្តនៅតំបន់ហ្គាហ្សា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ បាតុកម្មនេះត្រូវបានរៀបចំឡើងដោយក្រុមសង្គមស៊ីវិល រួមទាំងក្រុម Bayan ដែលជាសម្ព័ន្ធក្រុមមូលដ្ឋានធំបំផុតរបស់ប្រទេសហ្វីលីពីន រួមទាំងសមាគមនារី បុគ្គលិកពេទ្យ ពលករចំណាកស្រុក និងនិស្សិត។ បាតុកររាប់រយនាក់បានកាន់ទង់ជាតិប៉ាឡេស្ទីន និងបដាដែលសរសេរថា "អ្នកមិនចាំបាច់ធ្វើជាមូស្លីមដើម្បីការពារប៉ាឡេស្ទីនទេ អ្វីដែលអ្នកត្រូវការគឺភាពជាមនុស្ស" "បញ្ឈប់ការប្រល័យពូជសាសន៍" និង "បញ្ឈប់ការកាន់កាប់របស់អ៊ីស្រាអែលលើប៉ាឡេស្ទីនឥឡូវនេះ!" ជាដើម។ លោក Renato Reyes ប្រធានក្រុម Bayan បានប្រាប់អ្នកសារព័ត៌មានថា "ចលនាតវ៉ានេះកើតឡើងក្នុងសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន និងប្រឆាំងយ៉ាងខ្លាំងចំពោះអំពើប្រល័យពូជសាសន៍ដែលបានប្រព្រឹត្តប្រឆាំងនឹងប៉ាឡេស្ទីន"។ លោកបានសង្កត់ធ្ងន់ថា "នេះគឺជាការតវ៉ាដែលសំដៅប្រឆាំងនឹងរដ្ឋាភិបាលអ៊ីស្រាអែល ហើយជាការពិតណាស់ក៏ប្រឆាំងនឹងរដ្ឋាភិបាលអាមេរិក និងរដ្ឋាភិបាលហ្វីលីពីន ដែលបានបដិសេធមិនបោះឆ្នោតលើដំណោះស្រាយដ៏សំខាន់របស់អង្គការសហប្រជាជាតិ"៕

Comments

Related posts