ចំនួនមនុស្សស្លាប់នៅតំបន់ហ្គាហ្សាកើនលើសជាង ៩,០០០ នាក់ដែលភាគច្រើនជាស្ត្រី និងកុមារ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b4-27

b3-27

b5-24

អន្តរជាតិ៖ ក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សា បានឱ្យដឹងថា ចំនួនប្រជាជនប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាឥឡូវនេះកើនលើសពី ៩,០០០ នាក់ហើយ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះបច្ចុប្បន្នរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Ashraf Al-Qudra អ្នកនាំពាក្យក្រសួងបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៩,០៦១ នាក់ ក្នុងនោះមានកុមារ ៣,៧៦០ នាក់ និងស្ត្រី ២,៣២៦ នាក់ ខណៈចំនួនអ្នករបួសមានលើសពី ៣២,០០០ នាក់។ លោកបានបន្ថែមថា កងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារចំនួន ១៥ ដង ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដោយបានសម្លាប់មនុស្ស ២៥៦ នាក់ និងមនុស្សរាប់រយនាក់រងរបួស។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលនៅហ្គាហ្សាបាននិយាយថា អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកជាង ១០,០០០ គ្រាប់ នៅលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហារ ហើយត្រូវបានគេប៉ាន់ស្មានថា បរិមាណគ្រឿងផ្ទុះដែលអ៊ីស្រាអែលប្រើប្រាស់គឺលើសពី ២៥,០០០ តោន ឬឈានដល់ប្រមាណ ៧០ តោនក្នុងមួយគីឡូម៉ែត្រការ៉េ៕

Comments

Related posts